ព្រៃឈើគឺជាកំណប់ទ្រព្យយ៉ាងមហាសាលសម្រាប់ជីវិតរស់នៅលើភពផែនដី មិនថាមនុស្ស សត្វនោះទេ គឺតែងតែពឹងផ្អែកលើជីវិតធម្មជាតិមួយនេះ។ តួយ៉ាងក្នុងពេលថ្មីៗនេះ មានការសិក្សាមួយបង្ហាញលទ្ធផលពីអត្ថប្រយោជន៍របស់ព្រៃឈើ គឺជាឱសថព្យាបាល កែលម្អសុខភាពផ្លូវចិត្ត និងរាងកាយ។
យោងតាមការបង្ហាញរបស់អ្នកស្រីសាស្ដ្រាចារ្យ Kirsten McEwan ឯកទេសផ្នែកសុខភាពផ្លូវចិត្ដ នៅសាកលវិទ្យាល័យ Derby ក្នុងចក្រភពអង់គ្លេស បានបង្ហាញថា ការប្រើប្រាស់ជីវិតរស់នៅជាមួយព្រៃឈើយ៉ាងហោចណាស់ឲ្យបាន ៥ ទៅ ១៥នាទីប្រចាំថ្ងៃ ឬ ១២០នាទីក្នុងមួយសប្ដាហ៍ គឺផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សុខភាពផ្លូវចិត្ដ និងរាងកាយ។ ការចំណាយពេលវេលាបន្ដិចបន្ដួចតែអាចផ្ដល់មកវិញនូវគុណសម្បត្ដិយ៉ាងមហាសាល មកដល់សុខភាពរបស់យើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការលើកឡើងរបស់អ្នកស្រី ស្រដៀងគ្នាទៅនឹងលទ្ធផលរបស់ក្រុមស្រាវជ្រាវ នៃសាកលវិទ្យាល័យ Stanford របស់អាមេរិក ដឹកនាំដោយលោកសាស្រ្តាចារ្យ Greg Bratman បានធ្វើពិសោធន៍ទៅលើមនុស្សមួយក្រុមធ្វើដំណើរទៅកាន់តំបន់ធម្មជាតិ ព្រៃភ្នំ ដែលមានដើមឈើធំៗ ទឹកជ្រោះ ក្នុងរយៈពេល៩០នាទី។ លទ្ធផលបានបង្ហាញថា ពួកគេមិនត្រឹមតែអាចធ្វើឲ្យអារម្មណ៍តានតឹងធ្លាក់ចុះទាបប៉ុណ្ណោះទេ ថែមទាំងថយនូវអារម្មណ៍ក្រៀមក្រំ សោកស្តាយ និងតប់ប្រមល់ ព្រមទាំងឃើញថាខួរក្បាលមានភាពស្រស់ថ្លាឡើងវិញ។
អ្នកស្រីបន្ថែមទៀតថា ការផ្សារភ្ជាប់ជីវិតជាមួយនឹងព្រៃឈើ មិនចាំបាច់ទាល់តែឡើងភ្នំ ចូលព្រៃនោះទេ យើងអាចស្វែងរកកន្លែងណាមួយដែលមានបណ្ដុំដើមឈើអាចឲ្យយើងឆ្លងកាត់ អង្គុយលេង បន្ធូអារម្មណ៍ ដកដង្ហើមវែងៗ ផ្ដោតសំខាន់ទៅបរិយាកាសព្រៃឈើដែលជុំវិញខ្លួនយើង នោះយើងនឹងមានអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយស្ដ្រេស និង ភាពស្មុគស្មាញ។ ជាក់ស្ដែងណាស់ ធម្មជាតិ ព្រៃឈើ គឺស្ថិតនៅក្បែរខ្លួនយើង ដែលយើងគ្រាន់តែចំណាយពេលវេលាបន្ដិចបន្ដួចតែប៉ុណ្ណោះដើម្បីបង្កើតទំនាក់ទំនង និង អាចរស់នៅជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតមួយនេះ។ មិនខ្វល់ថាយើងរស់នៅ ក្នុងទីក្រុងទំនើបស៊ីវិល័យណាក៏ដោយ ក៏អាចបង្កើតពេលវេលា ដើម្បីប្រើប្រាស់វិធីនេះជាប្រចាំបានដែរ។
មានពេលខ្លះ យើងក៏អាចបង្កើតទម្លាប់ប្រចាំថ្ងៃដូចជា ការឆ្លៀតពេលធ្វើដំណើរ ទៅធ្វើការ ទៅសាលា ការហាត់ប្រាណ យើងក៏អាចដើរកាត់ កន្លែងដែលជាតំបន់មានដើមឈើពណ៌បៃតង អាចនៅតាមដងវិថីដែលមានដាំដើមឈើអម និង ដើមផ្ដាចំរុះពណ៌ ក៏ជាផ្នែកមួយអាចទាក់ទាញអារម្មណ៍របស់យើងស្រស់ស្រាយបានដែរ។ បើស្ថិតក្នុងអាហារពេលល្ងាច មិនថាជាមួយគ្រួសារ ឬម្នាក់ឯងនោះទេ ក៏អាចផ្លាស់ប្ដូរបរិយាកាស នៅទីតាំងតាមតំបន់ដែលនៅក្បែរហើយមានបរិយាកាសធម្មជាតិរួមជាមួយ។
ជារួមការចំណាយពេលវេលាជាមួយនឹងធម្មជាតិ ព្រៃឈើ គឺជារឿងដែលសំខាន់ដែលយើងអាចធ្វើបានហើយផ្ដល់អត្ថប្រយោជន៍ខ្លាំងទៅដល់សុខភាព ទាំងសា្មរតី និងរាងកាយ។ ដូច្នេះគួរតែចំណាយពេលវេលា យ៉ាងហោចឲ្យបាន ៥ ទៅ ១៥ នាទីជាមួយនឹងធម្មជាតិ ដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីធម្មជាតិ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]