ដោយសារវ៉ាក់សាំងមានច្រើនប្រភេទ និងវ៉ាក់សាំងមួយចំនួនត្រូវការចាក់ច្រើនដូស ហើយអាចមានផលរំខានទៀត ឧទាហរណ៍ វ៉ាក់សំាងកូវីដ-១៩ ក្រោយពេលចាក់ទៅអាចបណ្តាលឱ្យយើងក្តៅខ្លួន ឈឺខ្លួន ឈឺសាច់ដុំជាដើម ដូច្នេះទើបមានចង្ងល់ទាក់ទងនឹងការចាក់វ៉ាក់សាំងជាច្រើន។ តើចង្ងល់ដែលសួរញឹកញាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងមានអ្វីខ្លះ?
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារនៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺមេត្តាសំណង់ ១២ បានបកស្រាយពីចម្ងល់ទាំង ៥ ដែលត្រូវបានសួរញឹកញាប់ទាក់ទងនឹងការចាក់វ៉ាក់សាំងដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ដើម្បីការពារផលរំខាន យើងអាចញុំាថ្នាំបំបាត់ការឈឺចាប់មុនពេល ឬបន្ទាប់ពីចាក់វ៉ាក់សាំងភ្លាមបានអត់?
យើងមិនចាំបាច់ញុំាថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំងទេ ហើយក្រោយពេលចាក់ហើយ បើអត់មានក្តៅខ្លួន ឈឺខ្លួន ឬឈឺកន្លែងចាក់វ៉ាក់សាំងទេ យើងក៏មិនចាំបាច់ញុំាថ្នាំបំបាត់ការឈឺចាប់ដែរ ចាំមានក្តៅខ្លួន ឬធ្វើទុក្ខអី ចាំញុំា។
២. មុន និងក្រោយចាក់វ៉ាក់សាំង យើងគួរធ្វើអ្វីខ្លះ?
មុន និងក្រោយពេលចាក់វ៉ាក់សាំងមួយសប្តាហ៍ យើងគួរថែសុខភាពយើងឱ្យបានល្អដូចជា សម្រាកឱ្យបានគ្រប់គ្រាន់ ញុំាឱ្យបានគ្រប់គ្រាន់ តមអាហារជូរ ហឹរ ផ្អាប់ និងគ្រឿងស្រវឹងជាដើមដើម្បីឱ្យសុខភាពយើងល្អ ហើយប្រព័ន្ធភាពសុំារឹងមុំា។ នៅពេលចាក់វ៉ាក់សាំងប្រព័ន្ធភាពសុំាយើងអាចឆ្លើយតបនឹងវ៉ាក់សាំងបានល្អ ឆាប់បង្កើតអង់ទីករ និងបណ្តុះអង់ទីករបានខ្លាំង និងច្រើន។
៣. ចុះបើឈឺអត់ស្រួលខ្លួន ឬមករដូវអាចចាក់វ៉ាក់សាំងបានអត់?
ជាទូទៅ យើងត្រូវគិតតាមភាពចាំបាច់ ឬមិនចាំបាច់ ហើយត្រូវការចាក់បន្ទាន់អត់? បើថាវ៉ាក់សាំងហ្នឹងចាំបាច់ត្រូវចាក់ ទោះយើងមករដូវ អត់ស្រួលខ្លួន ឬក្តៅខ្លួនតិចតួចក៏យើងអាចចាក់បានដែរ ឱ្យតែនៅមានកម្លាំង។
៤. យើងអាចចាក់វ៉ាក់សាំងពីរ ឬច្រើនប្រភេទក្នុងថ្ងៃតែមួយ ឬមុនក្រោយគ្នាមួយថ្ងៃពីរថ្ងៃបានអត់?
យើងអាចចាក់បាន ព្រោះសូម្បីតែទារក នៅពេលកើតមកភ្លាមគឺអាចចាក់វ៉ាក់សាំងរលាកថ្លើម B និងរបេងពីរមុខក្នុងថ្ងៃតែមួយទៅហើយ។ ម្យ៉ាងទៀត នៅពេលទារកអាយុបានមួយខែកន្លះ អាចចាក់វ៉ាក់សាំងបានដល់ទៅ ៨ ឬ ៩ មុខក្នុងមួយថ្ងៃឯណោះដូចជា បន្តក់វ៉ាក់សាំងរាក បន្តក់វ៉ាក់សាំងគ្រុនស្វិតដៃជើង ចាក់វ៉ាក់សាំងក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកថ្លើម B រលាកសួត និងរលាកស្រោមខួរបង្កដោយបាក់តេរីភ្នើម៉ូកូក និងហ៊ីប។
៥. មនុស្សពេញវ័យ និងមនុស្សចាស់ដែលស្ថិតក្នុងលក្ខខណ្ឌណាខ្លះ ឬជំងឺណាខ្លះមិនគួរ ឬមិនអាចចាក់វ៉ាក់សាំងបាន?
នេះគឺអាស្រ័យទៅតាមប្រភេទវ៉ាក់សាំង ឧទាហរណ៍ បើយើងមានផ្ទុកមេរោគរលាកថ្លើម B យើងមិនគួរចាក់វ៉ាក់សាំងរលាកថ្លើម B ទៀតទេ ព្រោះក្រោយពីជាសះស្បើយក្នុងខ្លួនយើងនឹងដុះអង់ទីកររលាកថ្លើម B ដោយខ្លួនឯង។
មួយទៀតអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយដែលមានប្រព័ន្ធភាពសុំាខ្សោយ ហើយមិនអាចបណ្តុះអង់ទីករបាន មិនអាចចាក់វ៉ាក់សាំងបានទេ ព្រោះការចាក់វ៉ាក់សាំងគឺជាការចាក់មេរោគបញ្ចូលខ្លួន។ ក្រោយពេលចាក់ហើយមិនត្រឹមតែមិនអាចការពារជំងឺបានទេ តែបែរជាបញ្ចូលមេរោគ (ជំងឺ) បន្ថែមទៅក្នុងខ្លួនអ្នកជំងឺទៅវិញ។ លើសពីនេះទៅទៀត យើងមិនអាចចាក់វ៉ាក់សាំងដែលមានសារធាតុផ្សំដែលធ្វើឱ្យយើងប្រតិកម្មទេ។
វ៉ាក់សាំងអាចការពារពិការភាព ការចម្លងជំងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺជាដើម។ ដូច្នេះយើងគួរចាក់វ៉ាក់សំាងឱ្យបានគ្រប់ដូស និងគ្រប់គ្រាន់ទៅតាមលទ្ធភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]