សក់ឡើងប្រេងធ្វើឱ្យសក់យើងមិនរលាស់ និងមិនសូវភ្លឺដែលធ្វើ​ឱ្យ​​សម្រស់យើងថយចុះ និងធ្វើឱ្យយើងបាត់បង់ជំនឿចិត្តលើខ្លួនឯង។ យើងគួរធ្វើបែបម៉េចដើម្បីចៀសវាងសក់ឡើង​ប្រេង និង​ធ្វើ​ឱ្យ​សក់រលាស់ស្អាត?

យើងអាចការពារសក់ឡើងប្រេងដោយអនុវត្តតាមទម្លាប់ថែទាំសាមញ្ញៗប្រចាំថ្ងៃដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ចៀសវាងកក់សក់ញឹកញាប់ពេក

បន្ទាប់ពីកក់សក់រួច ស្បែកក្បាល និងសក់របស់យើងនឹងបាត់បង់ជាតិប្រេង ដូច្នេះស្បែកក្បាលយើង​នឹងផលិតជាតិប្រេងដើម្បីជំនួសជាតិប្រេងដែលបាត់បង់ និងដើម្បីរក្សារសំណើម។

ដូច្នេះ​នៅពេល​យើង​កក់សក់ញឹកញាប់ពេក ស្បែកក្បាលយើងអាចនឹងផលិតជាតិប្រេងច្រើនជ្រុល ហើយបង្កឱ្យ​ឫសសក់​ឡើងប្រេងជាងមុន។ យកល្អយើងគួរកក់សក់រៀងរាល់ ២ ទៅ ៣ ថ្ងៃម្តង តែបើយើង​បែក​ញើស​ខ្លំាង យើងគួរកក់សក់រាល់ថ្ងៃ។

២. ចៀសវាងប្រើគ្រីមបន្ទន់សក់លើឫសសក់ ឬស្បែកក្បាល

ការប្រើគ្រីមបន្ទន់សក់លើឫសសក់ ឬស្បែកក្បាលអាចបណ្តាលឱ្យ​ឫស​សក់​​ឡើងប្រេង ព្រោះ​គ្រីម​បន្ទន់​សក់ពោរពេញទៅដោយជាតិប្រេងដែល​យើងប្រើសម្រាប់បន្ថែមជាតិ​ប្រេងដល់សក់​ដើម្បីឱ្យ​សក់​ទន់ រលោង និងមានសំណើម។ ដូច្នេះយើងគួរប្រើគ្រីមបន្ទន់តែនៅចុងសក់ប៉ុណ្ណោះ។

៣. កាត់បន្ថយអាហារមានជាតិខ្លាញ់

ការញុំាអាហារមានជាតិខ្លាញ់ច្រើនអាចបណ្តាលឱ្យស្បែកក្បាលរបស់យើងផលិតជាតិប្រេងច្រើនដែលធ្វើឱ្យឫសសក់យើងឡើងប្រេងច្រើន។ ជំនួសមកវិញ យើងអាចញុំាបន្លែ និងផ្លែឈើឱ្យបានច្រើន ជាពិសេស អាហារដែលផ្ទុកទៅដោយវីតាមីន E ដូចជា ផ្លែបឺរ សណ្តែកដី និងគ្រាប់ផ្លែឈើជាដើម រួចទាំងអាហារសម្បូទៅដោយ B7 ដូចជា ផ្សិត ដំឡូងជ្វា និងចេក ជាដើមដើម្បី​ជួយឱ្យសក់មាន​សុខភាព​ល្អ។

៤. លាងសម្អាតក្រាសសិតសក់ឱ្យបានញឹកញាប់

សំណល់នៃគ្រីមបន្ទន់សក់ និងផលិតផលធ្វើម៉ូដសក់ដែលជាប់នៅលើ​ក្រាសសិតសក់អាច​ធ្វើឱ្យ​សក់​យើងឡើងជាតិប្រេង។ ដូច្នេះយើងគួរឧស្សាហ៍​​​លាង​សម្អាត​ក្រាសសិតសក់​ជាមួយសាប៊ូ​ឱ្យបាន​ស្អាត។​

៥. ចៀសវាងប៉ះសក់ញឹកញាប់

យើងគួរចៀសវាងយកដៃប៉ះសក់ សិតសក់ ឬបណ្តាលឱ្យសក់ធ្លាក់​ប៉ះនឹងមុខរបស់យើង​ញឹកញាប់​ពេក ព្រោះទង្វើទាំងនេះនឹងធ្វើឱ្យសក់ជាប់ជាតិប្រេងពីដៃ ឬមុខរបស់យើង។

៦. ចៀសវាងផលិតផលថែសក់មានសារធាតុស៊ីលីកូន

សាប៊ូកក់សក់ ក្រែមបន្ទន់សក់ និងផលិតផលធ្វើម៉ូដសក់ជាច្រើនមានផ្ទុកសារធាតុស៊ីលីកូនដូចជា cyclomethicone, amodimethicone និង dimethicone ដែលធ្វើឱ្យសក់ទន់ និងរលោង ប៉ុន្តែសារធាតុ​នេះ​ក៏ធ្វើឱ្យសក់យើងឡើងប្រេងដែរ។

បញ្ហាសក់ឡើងប្រេងអាចកាត់បន្ថយបានបើយើងកែប្រែទម្លាប់មួយចំនួនដូចជាការផ្លាស់ប្តូររបៀបថែទាំសក់ ការ​ប្រើ​ប្រាស់ផលិតផលថែរក្សាសក់ ​និង​របប​អាហារជាដើម។

ចំណុចសំខាន់

យើងអាចការពារសក់ឡើងប្រេងដោយអនុវត្តតាមវិធីសាស្រ្តដូចខាងក្រោម៖

  • ចៀសវាងកក់សក់ញឹកញាប់ពេក
  • ចៀសវាងប្រើគ្រីមបន្ទន់សក់លើឫសសក់ ឬស្បែកក្បាល
  • កាត់បន្ថយអាហារមានជាតិខ្លាញ់
  • លាងសម្អាតក្រាស់សិតសក់ឱ្យបានញឹកញាប់
  • ចៀសវាងប៉ះសក់ញឹកញាប់
  • ចៀសវាងផលិតផលថែសក់មានសារធាតុស៊ីលីកូន

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]