រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍ បានផ្តល់រង្វាន់ដល់អត្តពលិកមេដាយមាស គ្រូបង្វឹក និងប្រតិភូគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជាស្មើនឹងទឹកប្រាក់សរុប ៨៨.០០០$ (ប្រាំបីម៉ឺនប្រាំបីពាន់ដុល្លារអាម៉េរិក) ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងឧបត្ថម្ភ “ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស” ជាមួយគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ខណៈកាលពីស៊ីហ្គេមឆ្នាំ២០១៩ ណាហ្គាវើលដ៍បានឧបត្ថម្ភដល់អត្តពលិកមេដាយមាសសរុប ៣៦.០០០$ (បីម៉ឺនប្រាំមួយពាន់ដុល្លារអាមេរិក)។

សូមអបអរសាទរដល់អត្តពលិកកម្ពុជាដែលបានឈ្នះមេដាយមាស ៩ គ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសកម្ពុជា បានឈ្នះមេដាយច្រើនបំផុតបំបែកឯតទគ្គកម្មរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ក្នុងពេលថ្មីៗនេះដោយរកបានមេដាយមាស ៩ គ្រឿង ប្រាក់ ១៣ គ្រឿង និងសំរឹទ្ធិ ៤១ គ្រឿង ដែលសរុបស្មើនឹងមេដាយ ៦៣ គ្រឿង។ កាលពីស៊ីហ្គេមលើកទី៣០ ក្នុងឆ្នាំ២០១៩ កម្ពុជាបានឈ្នះមេដាយមាស ៤ គ្រឿង ប្រាក់ ៦ គ្រឿង និងសំរឹទ្ធិ ៣៦ គ្រឿង រីឯស៊ីហ្គេមលើកទី៣១ អត្តពលិកកម្ពុជាបានឈ្នះមេដាយមាស ៩ គ្រឿងក្នុងវិញ្ញាសាឃីកបុកស៊ីងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ប៉េតង់វាយគូចម្រុះបុរសនារី២នាក់ទល់២នាក់ ប៉េតង់៣នាក់ទល់៣នាក់នារី តៃក្វាន់ដូប្រភេទទម្ងន់ក្រោម៧៤គីឡូក្រាម វ៉ូវីណាមសម្តែងការពារខ្លួនចម្រុះនារី១បុរស៣មានអាវុធ វ៉ូវីណាមបុរសប្រភេទទម្ងន់៦៥គីឡូក្រាម វ៉ូវីណាមសម្តែងជាក្រុមការពារខ្លួនកាំបិតធំបុរស២នាក់ ចំបាប់បុរសប្រភេទទម្ងន់១២៥គីឡូក្រាម និងប្រដាល់គុនខ្មែរទម្ងន់៦៣,៥គីឡូក្រាម។  

ណាហ្គាវើលដ៍ បានផ្តល់ទឹកប្រាក់រង្វាន់សរុប ៨៨.០០០$ (ប្រាំបីម៉ឺនប្រាំបីពាន់ដុល្លារអាម៉េរិក) ដល់អត្តពលិកមេដាយមាស គ្រូបង្វឹក និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

ពិធីប្រគល់រង្វាន់នេះ មានការចូលរួមពីគណៈអធិបតីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា៖

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឧបត្ថម្ភ “ណាហ្គាវើលដ៍ឆ្ពោះទៅរកមេដាយមាស” ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្តើមក្នុងឆ្នាំ២០១១ ហើយមកដល់បច្ចុប្បន្នមានរយៈពេល ១០ ឆ្នាំ។ ក្នុងកិច្ចព្រមព្រៀងនោះ ណាហ្គាវើលដ៍នឹងផ្តល់រង្វាន់ជាទឹកប្រាក់ដល់អត្តពលិកមេដាយមាសឯកត្តជនចំនួន ៦.០០០$ (ប្រាំមួយពាន់ដុល្លារអាម៉េរិក) អត្តពលិកមេដាយមាសក្រុម ១០.០០០$ (មួយម៉ឺនដុល្លារអាម៉េរិក) រីឯគ្រូបង្វឹកទទួលបាន ១.០០០$ (មួយពាន់ដុល្លារអាម៉េរិក) ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបាន ១.០០០$ (មួយពាន់ដុល្លារអាម៉េរិក) សម្រាប់មេដាយមាសដែលអត្តពលិកបានឈ្នះ។

គួរដឹងផងដែរថា ណាហ្គាវើលដ៍នឹងបន្តគាំទ្រដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជាដោយមានកម្មវិធីសហគមន៍ជាច្រើនផ្តួចផ្តើមឡើងដោយណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ ណាហ្គាវើលដ៍ក៏បានឧបត្ថម្ភដោយផ្ទាល់ដល់ក្រុមជម្រើសជាតិ និងការរៀបចំការប្រកួតបាល់ទាត់ កីឡាតេន្នីស ឃីកបុកស៊ីង បាល់ឱប បាល់ទះ ក្បាច់គុនចម្រុះ និងការប្រកួតជាច្រើនទៀតផងដែរ។ ការចូលរួមទាំងនេះ បានជួយបង្កើនគុណភាពនៃការប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិឲ្យកាន់តែខ្លាំងមួយកម្រិតទៀតដល់អត្តពលិករបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen ប្រគល់មូលប្បទានបត្រ ១០.០០០$ (មួយម៉ឺនដុល្លារអាម៉េរិក) ដល់ក្រុមអត្តពលិកមេដាយមាសវ៉ូវីណាមសម្តែងការពារខ្លួនចម្រុះនារី១បុរស៣មានអាវុធ ជ្រិន ប៊ុនឡុង លី បូរ៉ាមី ប្រាក់ សុវណ្ណនី និងប៉ាល់ ឆរស្ម៊ី និងគ្រូបង្វឹក ១.០០០$ (មួយពាន់ដុល្លារអាម៉េរិក)អមដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុ​ងខែមីនា ឆ្នាំ​ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៥៤.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]