ញ័រ​ជំងឺ​បេះដូង( Afib) អាច​​បណ្ដាល​ឲ្យ​បេះដូង​លោត​​ញាប់​ និង​ខុស​ចង្វាក់​។ អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​អស់​កម្លាំង វិល​មុខ ខ្សោយ​ បែក​ញើស​ និង​ឈឺ​ទ្រូង​។ យ៉ាង​ណា​មិញ យើង​អាច​ការ​បង្ការ​ជំងឺ​នេះ​បាន​ ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។

១. ជៀសវាង​ញ៉ាំ​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពពួក​ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​បង្កើន​ហានិភ័យ​នៃ​​ជំងឺ​ញ័រ​បេះដូង ជា​ពិសេស​​នៅ​ពេល​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​គ្រឿង​ស្រវឹង។ ចំណែក​ឯ​អាហារ​បំប៉ន​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ក៏​មិន​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បេះដូង​ដែរ។

២. ញ៉ាំ​ផ្លែ​ចេក ឬ​អាហារ​​សម្បូរ​ជាតិ​ប៉ូតាស្យូម​

​យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​ប្រសិនបើ​ឈាម​របស់​យើង​​មាន​កម្រិត​ជាតិ​ប៉ូតាស្យូម​ទាប នោះ​យើង​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺញ័រ​បេះដូង​។ ហេតុ​នេះ​ហើយ​ ដើម្បី​បញ្ចៀស​ជំងឺ​ញ័របេះដូង​ យើង​គួរ​តែ​ញ៉ាំ​​ផ្លែ​ចេក​​ជា​ប្រចាំ ពីព្រោះ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ ​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម​ និង​សារធាតុ​ចិញ្ចឹម​​​​ល្អ​ៗ​ជា​ច្រើន​សម្រាប់​បេះដូង។ ​​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ដទៃ​ទៀត​ រួម​មាន​ផ្លែ​ប៊ឺរ សណ្ដែក​ខ្មៅ និង​​ប័រ​សណ្ដែក​ដី ។

៣. ងូត​ទឹក​ត្រជាក់​

​​​ទន្ទឹម​នឹង​នេះ​ដែរ ការ​​ងូត​ទឹក​ត្រជាក់​ ​អាច​ជំរុញ​សរសៃ​ប្រសាទ​ ​Vagal ដែល​ជួយ​ឲ្យ​ចង្វាក់​បេះដូង​របស់​យើង​លោត​យឺត។ ទោះ​បី​ជា​​ស្អំ​ទឹកកក​នៅ​លើ​ថ្ងាស​ ឬ​ឈរ​នៅ​មុខ​ទូរ​ទឹកកក​ដែល​បើក​ចំហ ក៏​អាច​ជួយ​ឲ្យ​ចង្វាក់​បេះដូង​របស់​យើង​លោត​យឺត​ដូច​គ្នា​។

៤. ញ៉ាំ​របប​អាហារ​ជំនួយ​បេះដូង

គន្លឹះ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ការ​ជំងឺញ័រ​បេះដូង គឺ​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ និង​ល្អ​សម្រាប់​បេះដូង​ ដូចជា​ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ​ទាំង​មូល (Whole grains) និង​ពពួក​ប្រូតេអ៊ីន​ពី​រុក្ខជាតិ​ដូចជា ​សណ្ដែក​ និង​គ្រាប់​ផ្លែឈើ។ ម្យ៉ាង​វិញ​ទៀត យើង​គួរ​បញ្ចៀស​ការ​ញ៉ាំ​​ប្រៃ​​ ឬ​ផ្អែម​ពេក ឬ​​ពពួក​ខ្លាញ់​ឆ្អែត។

៥. ធ្វើ​ចលនា​រាងកាយ​

ពិត​ណាស់​ ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឲ្យ​បេះដូង​របស់​យើង​រឹងមាំ កាត់​បន្ថយ​ស្រ្តេស ស្រក​ទម្ងន់​ និង​ជួយ​ឲ្យ​អារម្មណ៍​ល្អ​។ ប្រសិនបើ​យើង​ហាត់​ប្រាណ​ជា​ប្រចាំ​នោះ ​យើង​អាច​នឹង​​ហានិភ័យ​ទាប​ក្នុង​ការ​​កើត​ជំងឺ​ញ័របេះដូង​ថែម​ទៀត​ផង​។

៦. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​

ក្នុង​ករណី​ដែល​យើង​​ស្រេក​ទឹក​ ហើយ​ទឹក​នោម​របស់​យើង​ពណ៌​លឿង​ចាស់​ មាន​ន័យ​ថា​យើង​អាច​នឹង​កំពុង​តែ​ខ្វះ​ជាតិ​ទឹក ព្រម​ទាំង​ងាយ​ប្រឈម​នឹង​ជំងឺ​ញ័រ​​បេះដូង។ ហេតុ​នេះ​ហើយ​ យើង​គួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាង​តិច​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។

ចំណុចសំខាន់

ដើម្បី​បង្ការ​ពីជំងឺ​​ញ័របេះដូង គ្នា​យើង​អាច​អនុវត្ត​វិធីសាស្រ្ត​ងាយ​ៗ​ខាង​ក្រោម​នេះ៖

  • ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង
  • ញ៉ាំ​ផ្លែ​ចេក ឬ​អាហារ​សម្បូរ​ជាតិ​ប៉ូតាស្យូម
  • ងូត​ទឹក​ត្រជាក់
  • ញ៉ាំ​របប​អាហារ​ជំនួយ​បេះដូង​
  • ធ្វើ​ចលនា​រាងកាយ​
  • រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]