ការជ្រើសរើសបបអាហារញ៉ាំជារៀងរាល់ថ្ងៃ គឺជារឿងសំខាន់សម្រាប់សុខភាព។ ដោយឡែកចំពោះការញ៉ាំអាហារមួយចំនួន អាចជាការបំពេញតម្រូវការមាត់ តែមិនប្រាកដថា ល្អសម្រាប់សុខភាពនោះទេ។ មានរបបអាហារខ្លះ អាចធ្វើឲ្យសុខភាពអ្នកញ៉ាំកើតប្រឈមជំងឺមហារីកទៀតផង។ ដូច្នេះបើគិតគូទៅដល់សុខភាព គួរតែងាកចេញ ឬកាត់បន្ថយ ពីរបបអាហារខាងក្រោមនេះ៖

១. ពពួកសាច់កែច្នៃ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍អង្គកាសុខភាពពិភពលោកបានបញ្ជាក់ថា ប្រភេទអាហារសាច់កែច្នៃ គឺអាចបង្កជាជំងឺមហារីកបាន។ ពពួកអាហារទាំងនោះ ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់អាចបង្កជំងឺមហារីកប្រភេទ​ទី១ (carcinogen) ដែលបង្កផលពាល់ខ្លាំងនៅផ្នែក ក្រពះ និង ពោះវៀន មិនត្រឹមតែប៉ុណ្ណោះក៏អាចប៉ះពាល់ទៅដល់បេះដូង និងថ្លើមផងដែរ។ អាហារសាច់កែច្នៃ ត្រូវរួមផ្សំដោយ​សារធាតុគីមីចម្រុះច្រើនប្រភេទ ដើម្បីរក្សាគុណភាព និង រយៈពេលប្រើប្រាស់។ ឧទាហរណ៍ សាច់កែច្នៃដែលមានលក្ខណៈបង្កមហារីករួមមាន ប្រហិត hotdogs សាច់Ham សាច់ក្រក សាច់ក្រហមប្រឡាក់ សាច់គោកែច្នៃ និងពពួកសាច់កំប៉ុងជាដើម។

២. ពពួកសាច់ក្រហម

សាច់ក្រហម ជាអាហារស្ថិតក្នុងចំណាត់អាចបង្កជំងឺមហារីកផងដែរ ប៉ុន្ដែស្ថិតក្នុងកម្រិតតិចជាងពពួកសាច់កែច្នៃ​។ អាហារប្រភេទនេះមានទំនាក់ទំនងខ្លាំងបំផុតចំពោះ មហារីកពោះវៀនធំតែម្ដង។ ក្រៅពីនោះក៏មាន ភស្តុតាង​បង្ហាញថា វាក៏មានពាក់ព័ន្ធទៅនឹងជំងឺមហារីកលំពែង និងក្រពេញប្រូស្តាតផងដែរ។ យោងតាម ក្រុមប្រឹក្សាមហារីកអាមេរិកបានបញ្ជាក់ថា ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកពីការបង្កឡើងដោយពពួកសាច់ក្រហមនេះ យើងគួរតែញ៉ាំសាច់ក្រហមដែលចម្អិនឆ្អិនល្អមិនលើសពី ៦៥ ទៅ ១០០ ក្រាមក្នុងមួយសប្តាហ៍ឡើយ។

៣. ត្រីប្រឡាក់បែបចិន

អាហារដែលមានលក្ខណៈក្រៀម ជាប្រភេទអាហារស្ងួត ប្រើប្រាស់គ្រឿងផ្សំរក្សាគុណភាពបានយូរ។ មួយវិញទៀត ប្រភេទអាហារនេះប្រើប្រាស់អំបិលច្រើន ជាអាហារប្រៃ ធ្វើតាមវិធីបុរាណចិនក្នុងការរក្សាអាហារ។ គ្រឿងផ្សំប្រើប្រាស់ជាមួយនឹងត្រីក្រៀមទាំងនោះគឺជា ផលិតផលបង្កឲ្យកើតជំងឺមហារីកបាន។ ត្រីប្រៃតាមបែបចិននេះ ក៏ស្ថិតក្នុងរបបអាហារទី១ បង្កជំងឺមហារីកដូចជាសាច់កែច្នៃផងដែរ។

៤. ភេសជ្ជៈផ្អែម

ភេសជ្ជៈដែលផលិតឡើងប្រើប្រាស់សារធាតុស្ករខ្ពស់ គឺជាមុខសញ្ញាខ្លាំងបំផុត ឈានទៅដល់ជំងឺមហារីក។ មួយវិញទៀត ចំពោះអ្នកដែលមានជំងឺធាត់តែម្ដង ដែលប្រឈមហានិភ័យខ្ពស់ឈានទៅរកជំងឺមហារីកជាច្រើនប្រភេទ។ ដូច្នេះ ការយកចិត្ដទុកដាក់ខ្លាំងទៅលើរបបអាហារប្រចាំថ្ងៃ គ្រឿងកំប៉ុង ភេសជ្ជៈ គឺមានសារៈសំខាន់ណាស់មិនអាចធ្វេសប្រហែសបាន។

៥. អាហារកម្ម៉ង់

ពពួកអាហារកម្ម៉ង់រហ័ស ភាគច្រើនបង្កជាការធាត់លើសទម្ងន់ បញ្ហាបេះដូង ខ្លាញ់ក្នុងសរសៃឈាម ហើយកត្ដានេះគឺជាមូលហេតុឈានទៅរក​ជំងឺមហារីកជាច្រើនភេទ។ ក្រុមប្រឹក្សាស្រាវជ្រាវជំងឺមហារីកពិភពលោកបានណែនាំ ទៅដល់បណ្ដាអាជីវកម្មអាហារដ្ឋានគ្រប់កម្រិត ពីប្រភេទអាហាររហ័ស និងអាហារកែច្នៃផ្សេងទៀត ព្រោះថាប្រភេទ​ទាំងនេះសម្បូរប្រើប្រាស់សារធាតុចម្រុះច្រើន មានជាតិខ្លាញ់ ម្សៅ ឬជាតិស្ករ និងគ្រឿងផ្សំជាច្រើនផ្សេងទៀតដើម្បីជំនួយរសជាតិ ជាហេតុធ្វើឲ្យអ្នកញ៉ាំងាយរងផលប៉ះពាល់ដល់សុខភាព។

ជារួម បើមិនអាចដកចេញនោះទេ គួរតែកាត់បន្ថយអាហារទាំងនោះទៅ ព្រោះវាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក វាអាចជួយយើង​រក្សាទម្ងន់ឱ្យមានសុខភាពល្អ កែលម្អការផ្តោតអារម្មណ៍ និងសុខុមាលភាពទូទៅ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]