សុខភាពស្បែកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបបអាហារដែលយើងញុំា ព្រោះអាចជួយឱ្យស្បែកយើងស្រស់ស្អាតចេញពីខាងក្នុងពេញទាំងរាងកាយ។ ក្នុងនោះមានរបបអាហារមួយចំនួនសម្បូរទៅដោយវីតាមីនដែលជួយឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាត។ តើវីតាមីនអ្វីខ្លះដែលល្អចំពោះស្បែក ហើយសម្បូរនៅក្នុងអាហារណាខ្លះ?
ពពួកវីតាមីនដែលជួយឱ្យស្បែកយើងស្រស់ស្អាតរួមមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. វីតាមីន D
វីតាមីន D មានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ និងការរលាកដែលអាចជួយកាត់បន្ថយស្បែកពីការរលាក ឡើងក្រហម និងកើតមុន។ មួយវិញទៀត វីតាមីន D ក៏ជួយការពារស្បែកពីភាពចាស់ដែរ។ តាមការសិក្សាបានឱ្យដឹងថា អ្នកមានកម្រិតវីតាមីន D ខ្ពស់នៅក្នុងខ្លួន ក្មេងជាងអ្នកមានកម្រិតវីតាមីន D ទាបក្នុងខ្លួនដល់ទៅប្រាំឆ្នាំ។ អាហារសម្បូរវីតាមីន D រួមមានត្រីសាល់ម៉ុន ធូណា ផ្សិត ស៊ុត។ល។
២. វីតាមីន C
វីតាមីន C ជួយឱ្យស្បែកយើងភ្លឺថ្លា កាត់បន្ថយស្នាមអុជខ្មៅ ការឡើងក្រហមរបស់ស្បែកដោយសារការរលាក និងការខ្មៅរង្វង់ក្រោមភ្នែកជាដើម។ លើសពីនេះទៅទៀត វីតាមីន C ក៏ជំរុញការផលិតខូឡាជែនដែលជួយស្បែកប្រឆាំងនឹងភាពចាស់ កាត់បន្ថយភាពយារធ្លាក់ និងស្នាមជ្រីវជ្រួញ។ វីតាមីន C សម្បូរនៅក្នុងអាហារដូចជា ផ្លែឈើអម្បូរក្រូច គីវី ស្ត្របឺរី ម្ទេស ម្ទេសហាវៃ ប៉េងប៉ោះ ស្ពៃពួយឡេង ប្រូខូលី។ល។
៣. វីតាមីន A
វីតាមីន A ជួយដល់ការផលិតកោសិកាស្បែកថ្មីដែលជួយឱ្យស្បែកស្រស់ថ្លា និងមានផ្ទុកសារធាតុ Retinoids ដែលជាសមាសធាតុប្រឆាំងនឹងការខូចស្បែកដោយសារត្រូវពន្លឺព្រះអាទិត្យដូចជា ការឡើងស្នាមអុជ អាចម៍រុយ ឬជាំជាដើម ជួយឱ្យមុខរបួសឆាប់ជា និងជំរុញការផលិតខូឡាជែន។ ជាងនេះទៅទៀត វីតាមីន A ក៏ជួយកម្ចាត់មុនផងដែរដោយជួយកាត់បន្ថយការផលិតជាតិខ្លាញ់របស់ស្បែក និងជួយការពាររន្ធញើសពីការស្ទះ។ យើងអាចទទួលបានវីតាមីន A ពីអាហារដូចជា ការ៉ុត ដំឡូងជ្វា ម្ទេសហាវៃក្រហម ស៊ុត។ល។
៤. វីតាមីន E
វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចប្រឆាំងការរលាក ហើយជួយឱ្យចរន្តឈាមរត់បានល្អដែលជួយឱ្យស្បែកយើងរឹងមាំ និងមានសុខភាពល្អ ដោយជំរុញការផ្លាស់ប្តូរកោសិកាស្បែកថ្មី ការពារស្បែកពីពន្លឺព្រះអាទិត្យ និងជួយរក្សារសំណើមឱ្យស្បែក។ អាហារផ្ទុកវីតាមីន E មានដូចជា គ្រាប់ផ្កាឈូករ័ត្ន រីករាយ អាល់ម៉ុន សណ្តែកដី ប្រេងសណ្តែក ផ្លែបឺរ និងស្វាយជាដើម។
៥. វីតាមីន B
វីតាមីន B ជួយបំប្លែងអាហារទៅជាថាមពលដែលជំនួយដល់សុខភាពប្រព័ន្ធសរសៃប្រសាទ ការរំលាយអាហារ សរីរាង្គ សាច់ដុំ ស្បែក និងសក់របស់យើង។ កោសិកាក្នុងរាងកាយត្រូវការវីតាមីន B ដើម្បីលូតលាស់ ហើយកោសិកាស្បែករបស់យើងលូតលាស់មិនឈប់ ដូច្នេះវីតាមីន B ជួយឱ្យកោសិកាស្បែកលូតលាស់បានលឿន។ លើសពីនេះទៅទៀត វីតាមីន B ក៏ជួយរក្សាសំណើមឱ្យស្បែកដែរ។ នៅពេលរាងកាយយើងខ្វះវីតាមីន B ស្បែកយើងអាចឡើងកន្ទួល ស្ងួត ឬប្រេះបបូរមាត់ ឬមានបញ្ហាស្បែកផ្សេងៗទៀត។ វីតាមីន B សម្បូរក្នុងអាហារដូចជា ផ្លែបឺរ ចេក សណ្តែក សណ្តែកដី ផ្សិត សាច់មាន់ ស៊ុត។ល។
អាហារសម្បូរវីតាមីនមិនត្រឹមតែល្អចំពោះសុខភាពស្បែកទេ ថែមទាំងល្អចំពោះសុខភាពទូទៅរបស់យើងទៀត។
ចំណុចសំខាន់
ពពួកវីតាមីនដែលជួយឱ្យស្បែកយើងស្រស់ស្អាតរួមមាន៖
- វីតាមីន D៖ ជួយកាត់បន្ថយស្បែកពីការរលាក ឡើងមុន និងប្រឆាំងភាពចាស់
- វីតាមីន C៖ ជួយឱ្យស្បែកយើងស្រស់ថ្លា កាត់បន្ថយស្នាមអុជ និងស្នាមជ្រីវជ្រួញ
- វីតាមីន A៖ ការពារការកើតមុន និងការខូចស្បែកដោយពន្លឺព្រះអាទិត្យ
- វីតាមីន E៖ ជួយឱ្យស្បែកមានសំណើម និងមានសុខភាពល្អ
- វីតាមីន B៖ ជំរុញដល់ការលូតលាស់កោសិកាស្បែកថ្មី និងជួយរក្សាសំណើមឱ្យស្បែក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]