ភ្នំពេញ៖ គម្រោងអាល់ប៊ុមទី ២ នេះនឹងធ្វើការចេញជាផ្លូវការនៅលើប្រព័ន្ធសេវាកម្មចម្រៀងឌីជីថល (Digital Streaming Platforms) មានដូចជា Spotify, Apple Music/itunes នៅថ្ងៃទី ១ ខែកក្កដា ខាងមុខនេះ ហើយនឹងធ្វើការបញ្ចេញនៅលើ YouTube នាថ្ងៃទី ៣ ខែ កក្កដា ជាមួយនិងការបកប្រែជាភាសាអង់គ្លេសទាំងអស់។ វណ្ណដា បានផ្ដោតសំខាន់ជាមួយអាល់ប៊ុមថ្មីនេះទៅលើសេវាកម្មចម្រៀងឌីជីថលផ្សេងៗ (DSPs) គឺដើម្បីបង្កើនទស្សនិកជនអ្នកស្ដាប់បន្ដឆ្ពោះទៅជាសិល្បករអន្ដរជាតិដែលទទួលបានការសាទរ និងជាសិល្បករមួយដែលទទួលបានការគោរពពីអន្ដរជាតិ។ ដូចដែលបានបញ្ជាក់នៅខាងលើអាល់ប៊ុម SKULL ២ី របស់លោកនឹងត្រូវបំបែកទៅជារដូវកាល ហើយនឹងកំពុងធ្វើការចេញផ្សាយពីរដូវកាលទី ១ ផងដែរ។

ការរង់ចាំអស់រយៈពេល ២ ឆ្នាំបន្ទាប់ពីការចេញអាល់ប៊ុមទី ១ $KULLTHEALBUM របស់វណ្ណដាកាលពីថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២០ នៅចំកណ្ដាលនៃការរាតត្បាត កូវីដ ១៩។ តារារ៉េប និងផលិតករដ៏ឆ្នើម វណ្ណដាបានធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស និងទទួលបានអ្នកគាំទ្រពីអន្ដរជាតិផងដែរ ជាមួយនិងការផលិតបទចម្រៀងសុីជម្រៅដែលអាចប៉ះដល់បេះដូងអ្នកគាំទ្រ។ ទន្ទឹមនឹងនោះ អាល់ប៊ុម original របស់វណ្ណដាបានផ្ដល់នូវ ភាពកក់ក្ដៅ និង ការលួងលោមដល់អ្នកគាំទ្រក្នុងប្រទេសកម្ពុជា ខណៈពេលដែលមនុស្សជាច្រើនកំពុងតែជាប់ក្នុងការបិទខ្ទប់ដោយសារតែ កូវីដ ១៩។

នៅក្នុងរយៈពេល២ឆ្នាំដ៏ខ្លីនេះ វណ្ណដា បានទទួលបានការគាំទ្រហួសពីការស្មានក្នុងនាមជាសិល្បករក្នុងស្រុក ជាមួយនឹងអ្នកតាមដានចំនួន ៣ លាននាក់នៅក្នុងគេហទំព័រ YouTube ដែលនេះជាចំនួនលេខដ៏គួរឲ្យកត់សម្គាល់សម្រាប់សិល្បករទោលនៅក្នុងប្រទេស ដែលមានប្រជាជនត្រឹមតែ ១៦ លាននាក់។ នៅឆ្នាំ ២០២១ ភាពល្បីល្បាញរបស់ វណ្ណដា បានផ្ទុះឡើងទាំងក្នុងប្រទេស និង ឆាកអន្តរជាតិជាមួយនឹងបទ “Time to Rise” ដោយមានការចូលរួមរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ហើយបច្ចុប្បន្ននេះ បទចម្រៀងនេះទទួលបានការទស្សនារហូតដល់ទៅជាង ៩៣ លានដង នៅគេហទំព័រ YouTube។ ចម្រៀងមួយបទនេះ បានក្លាយទៅជាបទដ៏ល្បីរន្ទឺរបស់ វណ្ណដា ដែលទទួលបានពានរង្វាន់២ ពី LiFTED Asia Magazine៖ ជា “បទចម្រៀងប្រចាំឆ្នាំ ២០២១ និង ជាវីដេអូចម្រៀងប្រចាំឆ្នាំ២០២១”។ ថ្មីៗនេះផងដែរ វណ្ណដា ក៏ត្រូវបាន LiFTED Asia Magazine ផ្ដល់ តំណែងជាតារា Hip-hop កំពូលទី ៦ ប្រចាំអាស៊ីក្នុងចំណោម ៥០ នៃតារាល្បីៗផ្សេងទៀត ដូចជា Jay Park, Rich Brian និង Epik High។

នៅខែមេសា ឆ្នាំ ២០២២ វណ្ណដា បានបំបែកព្រំដែនតន្រ្ដីម្ដងទៀត ដោយធ្វើការសហការជាមួយកំពូលតារាចម្រៀងរ៉េបរបស់ប្រទេសថៃ គឺ លោក F.Hero នៅក្នុងបទ “Run The Town” រួមជាមួយ Sprite និង 1Mill។ ចម្រៀងមួយបទនេះជា បទបែប Hip-hop ដោយមានការរួមបញ្ចូល ឧបករណ៍តន្ដ្រីបុរាណ និង សម័យរបស់ប្រទេសថៃ និង កម្ពុជា ហើយបទនេះគឺជាការបង្ហាញការសហការទ្រង់ទ្រាយធំមួយដើម្បីបង្កើនទំនាក់ទំនង និង មិត្តភាពរវាង ប្រទេសកម្ពុជា និងប្រទេសថៃ។ បទចម្រៀងនេះក៏បានសបង្ហាញពីឥទ្ធិពលនៃការចាប់ដៃសហការ និង ការរីកដុះដាលនៃសម្លេង Hiphop ជាមួយនឹងការជាប់ចំណាត់ថ្នាក់ទី ៥៤ ជាសកលលោក (54th Top Global Music Video) នៅលើគេហទំព័រ YouTube។

SKULL ២ី (រដូវកាលទី ១) គឺជាចំណុចចាប់ផ្ដើមនៃជំហានថ្មីួយទៀតរបស់ វណ្ណដា ក្នុងវិថីសិល្បៈ។ នៅឆ្នាំ២០២០ វណ្ណដា ត្រូវបានគេស្គាល់ថាជាសិល្បករជើងថ្មីដែលបើកទំព័រប្រវត្តិសាស្ត្រសិល្បៈនៅកម្ពុជា ហើយបច្ចុប្បន្ននេះវណ្ណដាបានក្លាយជាតារាជ័យលាភីប្រចាំប្រទេសម្នាក់ ដែលនឹងនាំយកទីផ្សារចម្រៀងខ្មែរទៅកាន់ឆាកអន្តរជាតិ។ ជាមួយនឹងការចេញផ្សាយ SKULL ២ី(រដូវកាលទី១) នៅថ្ងៃទី០១ កក្កដា ខាងមុខនេះ វណ្ណដា នឹងជម្រុញចក្ខុវិស័យ ក្នុងឱកាសមួយដែលសិល្បករខ្មែរយើងមិនធ្លាប់មានពីមុនមកដើម្បីវាយលុកទីផ្សារតន្ត្រីអន្តរជាតិតាមរយៈការបង្កើនកេរ្តិ៍ឈ្មោះ និងកិត្តិនាមនៅលើប្រព័ន្ធសេវាកម្មចម្រៀងឌីជីថល (DSPs) នៅកម្ពុជា។






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]