ជិះកង់ គឺជាការហាត់កីឡាមួយប្រភេទ កំពុងតែពេញនិយមមិនថាយុវ័យ ឬមនុស្សវ័យចំណាស់នោះទេ ព្រោះថាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរាងកាយ។ អ្នកជំនាញបានណែនាំថា របបអាហារដែលរាងកាយត្រូវការជាចាំបាច់ សម្រាប់កីឡាមួយនេះគឺ ពពួកអាហារសម្បូរទៅដោយសារធាតុប៉ូតាស្យូម កាបូនអ៊ីដ្រាត និងរបបអាហារបំពេញជាទឹក។
១.ផ្លែចេក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចេកជាជម្រើសដ៏ល្អ មុនពេលចាប់ធ្វើដំណើរតាមផែនការ មិនថាទីជិត ឬឆ្ងាយនោះទេ ត្រូវគិតគូនឹកឃើញអាហារមួយប្រភេទនេះជានិច្ច។ ផ្លែចេកជារបបអាហារដែលងាយស្រួលរក ហើយមានសារធាតុ ប៉ូតាស្យូមខ្ពស់ និងកាបូនអ៊ីដ្រាត ដែលជាប្រភពផ្ដល់ថាមពលយ៉ាងល្អសម្រាប់សុខភាពរាងកាយ ក្នុងកំលុងពេលធ្វើការ។ ចេកមួយផ្លែមានផ្ទុកប៉ូតាស្យូមរហូតទៅ ៤០០ មិល្លីក្រាម និង កាបូនអ៊ីដ្រាត ៣០ក្រាម។ ដូច្នេះ អាចកំណត់បានថា ផ្លែឈើមួយប្រភេទនេះគឺជារបបអាហារល្អបំផុតសម្រាប់អ្នកហាត់កីឡាដោយជិះកង់។ យើងអាចដាក់បញ្ចូលផ្លែឈើប្រភេទនេះ ជាមួយរបបអាហារផ្សេងទៀតមុនពេលចេញដំណើរ។
២. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិជាប្រភេទអាហារដែលសម្បូរទៅដោយសារធាតុប្រូតេអ៊ីន វីតាមីន និងជាប្រភេទអាហារដែលប្រឆាំងទៅនឹងអុកស៊ីដកម្មទៀតផង។ ម្យ៉ាងវិញទៀតក៏ងាយស្រួលក្នុងការវេចខ្ចប់តាមខ្លួន។ យើងអាចសាកល្បងដាក់បញ្ចូលរបបអាហារប្រភេទនេះ ទៅក្នុងរបបអាហារប្រចាំថ្ងៃ សម្រាប់រៀបចំមុនពេលធ្វើដំណើរហាត់ប្រាណ។
៣. របបអាហារបំពេញជាតិទឹក
អ្នកហាត់ប្រាណដោយជិះកង់ទាំងអស់មិនគួររំលងរបបអាហារណាដែលសម្បូរជាតិទឹកទេ ព្រោះផ្ដល់អត្ថប្រយោជន៍ខ្លាំងនៅពេលដែលខ្លួនប្រាណត្រូវបញ្ចេញញើស ហើយត្រូវទាញថាមពលជាតិទឹកត្រលប់មកវិញជាចាំបាច់ពីរបបអាហារដែលបានញ៉ាំ។ របបអាហារទាំងនោះមានដូចជា ផ្លែឪឡឹក មានផ្ទុកជាតិទឹករហូតដល់ទៅ ៩៥% ផ្លែប៉ោមផ្ទុកជាតិទឹក ៧៥% ផ្លែត្រសក់ផ្អែម ៩៥% ផ្លែត្រសក់ស្រូវ ៩២% និងផ្លែឈើជាច្រើនប្រភេទទៀតដែលអាចដាក់បញ្ចូលក្នុងរបបអាហារពេលព្រឹក ឬអាហារសម្រាប់ញ៉ាំមុនពេលធ្វើដំណើរ។
៤. សារធាតុអេឡិចត្រូលីត
អេឡិចត្រូលីត មានមុខងារសំខាន់ សម្រាប់រាងកាយរបស់យើង ជាពិសេសពេលរាងកាយសកម្មខ្លាំង បែកញើសច្រើនតែម្ដង។ អត្ថប្រយោជន៍របស់វារាប់ចាប់ពីមុខងារសរសៃប្រសាទ និងប្រព័ន្ធសាច់ដុំ។ អេឡិចត្រូលីតមានរួមបញ្ចូលដោយ កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ផូស្វ័រ ក្លរីន និងម៉ាញេស្យូម។ នៅពេលដែលយើងបែកញើសច្រើននោះនឹងបាត់បង់សារធាតុរ៉ែសំខាន់ៗទាំងនេះយ៉ាងច្រើនផងដែរ។ ដើម្បីរក្សាជាតិទឹក និងថាមពលក្នុងរាងកាយក្នុងកំលុងពេលបែកញើស កុំភ្លេចញ៉ាំទឹកដែលមានសារធាតុនេះ ទើបជាការល្អសម្រាប់សុខភាពរាងកាយ។
៥.របបអាហារជំនួយសន្លាក់
ការជិះកង់ ក៏ត្រូវទាមទារយ៉ាងចាំបាច់ចំពោះរបបអាហារជំនួយដល់សន្លាក់។ របបអាហារដែលផ្ដល់អត្ថប្រយោជន៍ខ្លាំងចំពោះផ្នែកនេះមានដូចជា ខ្ទឹមស ខ្ទឹមបារាំង តែបៃតង ផ្លែប៊ឺរី ប្រេងអូលីវ ត្រីសាម៉ុន និងពពួកអាហារខ្លាញ់ជំនួយដល់សុខភាព។
ការហាត់ប្រាណដោយជិះកង់ មិនថាទីជិត ឬឆ្ងាយ ប្រើពេលយូរឬឆាប់ ជាក់ស្ដែងណាស់ ពិតជាអាចផ្ដល់អត្ថប្រយោជន៍ទៅដល់រាងកាយ។ ប៉ុន្ដែការណ៍ដែលសំខាន់បន្ថែមទៀតនោះ គឺការរៀបចំរបបអាហារដែលស័ក្ដិកសម មុនពេល កំលុងពេល ឬក្រោយពេលហាត់ប្រាណតែម្ដង។ ដូច្នេះការជ្រើសរើសរបបអាហារត្រឹមត្រូវ គឺធ្វើឲ្យការហាត់ប្រាណជិះកង់កាន់តែមានប្រសិទ្ធភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]