គ្នាយើងមួយចំនួនតែងយល់ថា ការញ៉ាំពពួកវីតាមីន និងអាហារបំប៉នច្រើនចូលគ្នា អាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ និងជៀសផុតពីជំងឺផ្សេងៗ។ ប៉ុន្តែ តាមពិតទៅ នៅពេលដែលយើងញ៉ាំពពួកវីតាមីនច្រើនពេក នោះនឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅវិញ ហើយម្យ៉ាងវិញទៀត វីតាមីនមួយចំនួន មិនអាចប្រើប្រាស់ជាអាហារបំប៉នឡើយ។ យ៉ាងណាមិញ យើងអាចសង្កេតមើលរោគសញ្ញាមួយចំនួន ដែលបង្ហាញថាយើងស្រូបយកពពួកវីតាមីនច្រើនជ្រុល។
១. ឈឺពោះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសញ្ញាដំបូងដែលបង្ហាញថា យើងទទួលយកវីតាមីន ឬអាហារបំប៉នច្រើនជ្រុល គឺបញ្ហាក្រពះពោះវៀន ជាមួយនឹងរោគសញ្ញាមួយចំនួនដូចជាចង្អោរ ក្អួត ឬរាករូស។ ករណីនេះ អាចមកពីយើងញ៉ាំវីតាមីនមុនពេលញ៉ាំអាហារ ឬយើងញ៉ាំអាហារបំប៉នច្រើនជាងអ្វីដែលរាងកាយត្រូវការ។ ដើម្បីសុវត្ថិភាព យើងគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យមុនពេលចាប់ផ្ដើមញ៉ាំវីតាមីន ឬអាហារបំប៉នថ្មីៗ។
២. ជ្រុះសក់
ជាមួយគ្នានេះដែរ ប្រសិនបើយើងស្រូបយកវីតាមីនAច្រើនជ្រុល យើងអាចប្រឈមនឹងបញ្ហាជ្រុះសក់។ ជាក់ស្ដែង វីតាមីនមួយប្រភេទនេះ ជាវីតាមីនរលាយក្នុងខ្លាញ់ ដែលត្រូវបានរក្សាទុកនៅក្នុងខ្លាញ់នៃរាងកាយ។ ក្នុងករណីដែលយើងទទួលបានវីតាមីនAច្រើនជ្រុល នោះនឹងអាចបណ្ដាលឲ្យមានជាតិពុល។ វីតាមីនរលាយក្នុងខ្លាញ់ដទៃទៀតមានដូចជា វីតាមីនD, E និងK ដែលយើងមិនគួរញ៉ាំលើសចំនួនកំណត់ឡើយ។
៣. បង្កើនហានិភ័យនៃជំងឺមហារីក
យោងតាមការស្រាវជ្រាវមួយរបស់ក្រុមការងារសេវាបង្ការរបស់អាមេរិក (USPSTF) បានបង្ហាញថា ការញ៉ាំពពួកអាហារបំប៉នBeta-carotene ឬវីតាមីនE ឬBiotin ច្រើនជ្រុល អាចបង្កើនហានិភ័យនៃជំងឺមហារីក ឬជំងឺបេះដូងបាន។ ចំណែកឯការសិក្សាមួយទៀតថា បុរសមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីកសួត ក្រោយពីញ៉ាំថ្នាំBiotin (៥មិល្លីក្រាម ទៅ១០មិល្លីក្រាមជារៀងរាល់ថ្ងៃ)។
៤. បញ្ហាសរសៃប្រសាទ
ជាងនេះទៅទៀត ការញ៉ាំពពួកវីតាមីនជាក់លាក់ច្រើនពេក ដូចជាវីតាមីនB6 ក៏អាចបណ្ដាលឲ្យមានបញ្ហាសរសៃប្រសាទ ដូចជាស្ពឹកស្រពន់ជើងដូចគ្នា។ ហេតុនេះហើយ យើងមិនគួរញ៉ាំវីតាមីន ឬអាហារបំប៉នប្រភេទនេះលើសកម្រិតឡើយ។
៥. ហូរឈាមច្រើនជ្រុល
វីតាមីន ឬវីតាមីនចម្រុះដែលមានគ្រោះថ្នាក់មួយទៀតនោះ គឺវីតាមីនE។ ទោះបីជាវីតាមីនមួយនេះ ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មក៏ពិតមែន ប៉ុន្តែវាមានហានិភ័យលើសអត្ថប្រយោជន៍ទៅទៀត។ វីតាមីនE អាចបណ្ដាលឲ្យឈាមរាវ និងធ្វើឲ្យរបួសតូចតាចហូរឈាមធ្ងន់ធ្ងរ។ ដូច្នេះហើយ យើងមិនគួរប្រើប្រាស់ពពួកវីតាមីនE ឬអាហារបំប៉នដែលផ្សំពីវីតាមីនE ដោយពុំមានវេជ្ជបញ្ជាឡើយ។
ចំណុចសំខាន់
វីតាមីន ឬអាហារបំប៉នមិនគួរញ៉ាំច្រើនពេកឡើយ ព្រោះវាមិនបានផ្តល់អត្ថប្រយោជន៍ដូចអ្វីដែលយើងរំពឹងទុកឡើយ។ ផ្ទុយទៅវិញ ពពួកវីតាមីនទាំងនេះ បែរជាបង្កផលប៉ះពាល់ដល់រាងកាយទៅវិញ ដូចជាឈឺពោះ ជ្រុះសក់ បង្កើនហានិភ័យនៃជំងឺមហារីក បញ្ហាសរសៃប្រសាទ និងហូរឈាមច្រើនជ្រុល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]