ទោះជាយើងជួបប្រទះអាការៈឈឺក្រពះពីពេលមួយទៅពេលមួយក៏ដោយ ក៏មិនអាចបញ្ជាក់ពីរោគសញ្ញាដំបូងនៃជំងឺមហារីកក្រពះដែរ។ ហេតុនេះហើយ ដើម្បីដឹងថាយើងអាចប្រឈមនឹងជំងឺមហារីកមួយប្រភេទនេះឬអត់ គ្នាយើងគួរតែសង្កេតមើលរោគសញ្ញាមួយចំនួនខាងក្រោម។
រោគសញ្ញាព្រមាននៃជំងឺមហារីកក្រពះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺមហារីកក្រពះ កើតឡើងនៅពេលដែលមានការលូតលាស់កោសិកាមិនប្រក្រតីនៅក្នុងក្រពះរបស់យើង។ ជាទូទៅ រោគសញ្ញាដំបូងនៃជំងឺមហារីកក្រពះ ពិបាកក្នុងការកត់សម្គាល់ណាស់ ពីព្រោះថារោគសញ្ញាទាំងនោះ អាចភ័ន្តច្រឡំជាមួយនឹងជំងឺក្រពះពោះវៀនធម្មតា។ ហេតុនេះហើយ ទើបយើងបានដឹងពីវត្តមាននៃជំងឺមហារីកនេះ នៅពេលដែលជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ យ៉ាងណាមិញ យើងក៏អាចសង្កេតមើលសញ្ញាព្រមានដំបូងមួយចំនួនដូចខាងក្រោមនេះ។
១. ហើមពោះ
យើងអាចនឹងមានអារម្មណ៍ថាពោះឆ្អែត និងតឹង។ ពិតណាស់ ជំងឺមហារីកក្រពះ អាចធ្វើឲ្យជញ្ជាំងក្រពះរឹង និងកាត់បន្ថយសមត្ថភាពក្នុងការផ្ទុកអាហារ។ ក្នុងករណីដែលមហារីកក្រពះរាលដាលដល់ស្រទាប់ខាងក្នុងនៃពោះ វាអាចបង្កជាការប្រមូលផ្ដុំសារធាតុរាវនៅក្នុងពោះរបស់យើង ព្រមទាំងធ្វើឲ្យយើងហើមពោះដូចទៅនឹងស្ត្រីដែលជិតគ្រប់ខែ។
២. ក្រហាយទ្រូង
ក្រហាយទ្រូង ដែលជាការឈឺចុកចាប់នៅដើមទ្រូង និងបំពង់ក ជារឿងធម្មតាប៉ុណ្ណោះ ហើយជាទូទៅ អាការៈនេះមិនមានអ្វីគួរឲ្យបារម្ភឡើយ។ ប៉ុន្តែ ប្រសិនបើយើងកើតមានអាការៈក្រហាយទ្រូងដែលមិនបាត់ទៅវិញ ក្រោយប្រើថ្នាំបន្សាបជាតិអាស៊ីដ (Antacids) ឬថ្នាំផ្សេងទៀត នោះអាចជារោគសញ្ញាព្រមានមួយ។ ប្រសិនបើមានការលូតលាស់កោសិកាមហារីកដ៏ធំនៅក្នុងចំណុចចេញនៃក្រពះ សារធាតុរាវអាចកកកុញ ហើយអាហារអាចនឹងត្រលប់មកកាន់បំពង់អាហារវិញ ជាហេតុនាំឲ្យកើតមានអាការៈក្រហាយទ្រូង។
៣. ក្អួត និងចង្អោរ
ទន្ទឹមនឹងនេះដែរ រោគសញ្ញាមួយទៀតនៃការលូតលាស់កោសិកាមហារីក គឺជាការរារាំងច្រកចេញរបស់ក្រពះ (Exit of stomach) ។ ប្រសិនបើ អាហារ និងភេសជ្ជៈដែលយើងញ៉ាំ មិនអាចធ្វើដំណើរទៅផ្នែកដំបូងនៃពោះវៀនរបស់យើងបានទេនោះ វានឹងបញ្ជូនសញ្ញាទៅខួរក្បាលដែលធ្វើឲ្យយើងមានអារម្មណ៍ចង់ក្អួត។
៤. មានអារម្មណ៍មិនស្រួលខ្លួន
ជាទូទៅ អារម្មណ៍មិនស្រួលខ្លួននេះ អាចបណ្ដាលមកពីជំងឺមហារីកក្រពះរាលដាលដល់ស្រទាប់ពោះ ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ហើមពោះ និងធ្ងន់ពោះ។
៥. ស្រកទម្ងន់
ដោយសារតែយើងប្រឈមនឹងរោគសញ្ញាដទៃទៀតដូចជាចង្អោរ ក្អួត និងហើមពោះ យើងអាចនឹងមិនសូវញ៉ាំញឹកញាប់ដូចមុន ព្រមទាំងស្រកទម្ងន់ដោយមិនចាំបាច់ខំប្រឹង។ រោគសញ្ញាមួយនេះ ជារោគសញ្ញាដ៏គួរឲ្យបារម្ភបំផុត។
៦. ឈាមក្នុងលាមក ឬកម្អួត
រោគសញ្ញានេះ មិនសូវកើតឡើងញឹកញាប់ប៉ុន្មានទេ ប៉ុន្តែវាអាចនឹងកើតឡើងនៅពេលដែលយើងបាត់បង់ឈាមច្រើន។ យើងអាចសង្កេតឃើញការប្រែប្រួលនៅក្នុងលាមក ក៏ដូចជាលាមកប្រែទៅជាពណ៌ខ្មៅ។ ប៉ុន្តែ ក្នុងករណីដែលចេញឈាមយឺត គ្នាយើងអាចនឹងពិបាកកត់សម្គាល់ឃើញពីការប្រែប្រួលណាមួយនៅក្នុងលាមក។
៧. មានអារម្មណ៍ឆ្អែត
យើងនឹងមានអារម្មណ៍ថាឆ្អែត បើទោះបីជាយើងញ៉ាំអាហារតិចតួចក៏ដោយ។ មួយវិញទៀត យើងប្រហែលជាអាចញ៉ាំត្រឹមតែ២០%នៃបរិមាណអាហារដែលយើងធ្លាប់ញ៉ាំប៉ុណ្ណោះ។
ចំណុចសំខាន់
រោគសញ្ញាដំបូងនៃជំងឺមហារីកក្រពះ ពិបាកក្នុងការកត់សម្គាល់ណាស់ ពីព្រោះថារោគសញ្ញាទាំងនោះ អាចភ័ន្តច្រឡំជាមួយនឹងជំងឺក្រពះពោះវៀនធម្មតា។ ហេតុនេះហើយ ទើបយើងបានដឹងពីវត្តមាននៃជំងឺមហារីកនេះ នៅពេលដែលជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ យ៉ាងណាមិញ យើងក៏អាចសង្កេតមើលសញ្ញាព្រមានដំបូងមួយចំនួនដូចខាងក្រោមនេះ៖
- ហើមពោះ
- ក្រហាយទ្រូង
- ក្អួត និងចង្អោរ
- មានអារម្មណ៍មិនស្រួលខ្លួន
- ស្រកទម្ងន់
- ឈាមក្នុងលាមក ឬកម្អួត
- មានអារម្មណ៍ថាឆ្អែត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]