មុន​ក្បាល​ស​បង្ក​ការ​ឈឺចាប់​ និង​ពិបាក​កម្ចាត់​ជាង​មុន​ក្បាល​ខ្មៅ​ទៅ​ទៀត​។ ពពួក​មុន​ទាំង​នេះ មាន​​​ពង​បែក​តូច​ៗ ដែល​​កើត​ចេញ​ពី​កោសិកា​ស្បែក​ងាប់​ និង​ធូលី​ដី​ ​ព្រម​ទាំង​​អាច​កើន​ឡើង​ទ្វេ​ដង​ ប្រសិនបើ​​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​។ យ៉ាង​ណា​មិញ គ្នា​យើង​​អាច​សាកល្បង​តិចនិក​ធម្មជាតិ​​ខាង​ក្រោម​នេះ​​ ​ដើម្បី​កម្ចាត់​​មុន​ក្បាល​ស​យ៉ាង​មាន​ប្រសិទ្ធភាព​ និង​ចំណាយ​ថវិកា​តិច​ថែម​ទៀត​។

មូលហេតុ​នាំ​ឲ្យ​កើត​មុន​ក្បាល​ស

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុន​ក្បាល​ស​អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើនយ៉ាង ហើយ​អ័រម៉ូន​អាច​ជា​កត្តា​ចម្បង​មួយ​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រើប្រាស់​គ្រឿង​សម្អាង​ដែល​មិន​ស័ក្ដិសម​នឹង​ប្រភេទ​ស្បែក​ ឬ​មាន​ជាតិ​ប្រេង ក៏​អាច​នាំ​ឲ្យ​កើត​មុន​ក្បាល​ស​ដូច​គ្នា។ ជួន​កាល អាកាសធាតុ​ក្ដៅ​ ហើយ​សើម​ ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​ឡើង​ប្រេង និង​បង្ក​ជា​ការ​កើត​មុន​ក្បាល​ស។ យ៉ាង​ណា​មិញ រាល់​បញ្ហា​ស្បែក​ទាំង​នេះ អាច​ដោះស្រាយ​បាន​ដោយ​រូបមន្ត​ធម្មជាតិ​ងាយ​ៗ។

រូបមន្ត​ធម្មជាតិ​ទាំង​៣ កម្ចាត់​មុន​ក្បាល​ស

១. ប្រទាល​កន្ទុយ​ក្រពើ​

​​​​​ជែល​​ប្រទាល​កន្ទុយ​ក្រពើ​ មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ស្បែក​។ ក្រៅ​ពី​ជួយ​លាង​ជម្រះ​ស្បែក​​យ៉ាង​ល្អ​ ជែល​ប្រទាល​កន្ទុយ​ក្រពើ​ ក៏​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​ចេញ​ពី​ស្បែក​ផង​ដែរ​។ គ្នា​យើង​អាច​លាយ​ជែល​ប្រទាល​កន្ទុយ​ក្រពើ​​​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​​មួយ​ស្លាប​ព្រា​កាហ្វេ​ ដោយ​លាប​នៅ​លើ​កន្លែង​ដែល​កើត​​មុន​ប្រហែល​៥​ ទៅ​៦​នាទី និង​ទុក​ចោល​រយៈពេល​១០​នាទី។ បន្ទាប់​មក​ ចូរ​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់​ជា​ការ​ស្រេច​។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ យើង​គួរ​តែ​អនុវត្ត​វិធីសាស្ត្រ​នេះ​ជា​ប្រចាំ​។

២. ទឹក​ឃ្មុំ

ទឹក​ឃ្មុំ​ ​មាន​គុណប្រយោជន៍​ដ៏​ល្អ​ឯក​ចំពោះ​ស្បែក​ងាយ​ប្រតិកម្ម ដោយ​​មិន​ត្រឹម​តែ​កម្ចាត់​មុន​ក្បាល​ស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ឲ្យ​ស្បែក​ទន់​ល្មើយ​ និង​ភ្លឺ​រលោង។ ហេតុ​នេះ​ហើយ​ ​យើង​អាច​សាកល្បង​​កម្ដៅ​ទឹក​ឃ្មុំ និង​លាប​នៅ​លើ​បរិវេណ​ដែល​មាន​មុន​ក្បាល​ស​ ដោយ​ទុក​ចោល​រយៈពេល​ប្រហែល​២០​នាទី រួច​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ។

៣. ល្មៀត

ល្មៀត​ត្រូវ​ប្រើប្រាស់​តាំង​ពី​សម័យ​បុរាណ​មក​ម្ល៉េះ​​ ក្នុង​ការ​ថែ​រក្សា​​សម្រស់ ហើយ​ក៏​នៅ​តែ​បន្ត​ពេញ​និយម​រហូត​ដល់​បច្ចុប្បន្ន។ ដើម្បី​កម្ចាត់​មុន​ក្បាល​ខ្មៅ យើង​អាច​លាយ​ម្សៅ​ល្មៀត​កន្លះ​ស្លាបព្រា​កាហ្វេ ជាមួយ​នឹង​ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ និង​លាប​នៅ​លើ​ផ្ទៃ​មុខ ដោយ​ទុក​ចោល​រយៈពេល​ ១៥​នាទី សឹម​លាង​សម្អាត​ចេញ។​​​

ចំណុចសំខាន់

មុន​ក្បាល​ស​អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើនយ៉ាង ក្នុង​នោះ​មាន​ដូចជា​​អ័រម៉ូនការ​ប្រើប្រាស់​គ្រឿង​សម្អាង​ដែល​មិន​ស័ក្ដិសម​នឹង​ប្រភេទ​ស្បែក​ ឬ​មាន​ជាតិ​ប្រេង អាកាសធាតុ​ក្ដៅ​ ហើយ​សើម​ជាដើម។ យ៉ាង​ណា​មិញ យើង​អាច​កម្ចាត់​មុន​ក្បាល​ស​បាន​ ដោយ​ប្រើ​​រូបមន្ត​ធម្មជាតិ​ងាយ​ៗ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]