អាការៈក្រហាយទ្រូង កើតឡើងនៅពេលដែលអាស៊ីដក្រពះ ច្រាលទៅកាន់បំពង់អាហារវិញ។ ជាទូទៅ អាការៈនេះអាចធ្វើឲ្យយើងមានអារម្មណ៍ជូរមាត់ ព្រមទាំងរលាកបំពង់ក។ ប្រសិនបើយើងជួបប្រទះអាការៈនេះញឹកញាប់ គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។ យ៉ាងណាមិញ គ្នាយើងមួយចំនួនអាចនឹងកើតមានអាការៈក្រហាយទ្រូង ក្រោយធ្វើលំហាត់ប្រាណ ឬអំឡុងពេលហាត់ប្រាណតែម្ដង ហើយដើម្បីកាត់បន្ថយអាការៈក្រហាយទ្រូងអំឡុងពេលហាត់ប្រាណ យើងគួរអនុវត្តគន្លឹះងាយៗទាំងនេះ។
១. ជៀសវាងផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនមុនពេលហាត់ប្រាណ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជារឿយៗ អ្នកចូលចិត្តផឹកកាហ្វេ ឬប្រើអាហារបំប៉នដែលមានជាតិកាហ្វេអ៊ីនមុនពេលហាត់ប្រាណ អាចបណ្ដាលឲ្យមានអាការៈក្រហាយទ្រូង អំឡុងពេលធ្វើលំហាត់ប្រាណ។ ដូច្នេះហើយ យើងគួរបញ្ឈប់ការផឹកភេសជ្ជៈប្រភេទនេះ មុនពេលចាប់ផ្ដើមធ្វើលំហាត់ប្រាណ។
២. ជៀសវាងញ៉ាំអាហារច្រើនមុនពេលហាត់ប្រាណ
មូលហេតុបង្កមួយទៀតនៃការច្រាលអាស៊ីដ គឺការមានសម្ពាធលើសាច់ដុំខ្ជឹបបំពង់អាហារ។ ក្នុងករណីដែលយើងញ៉ាំអាហារច្រើនពេក នោះអាស៊ីដក្រពះនឹងច្រាលឡើងលើ ព្រមទាំងដាក់សម្ពាធលើសាច់ដុំមួយនេះ។ ជាលទ្ធផល យើងអាចនឹងជួបប្រទះការក្រហាយទ្រូង។ ការរក្សាគម្លាតរយៈពេលយ៉ាងហោចណាស់២ម៉ោង នៅចន្លោះពេលញ៉ាំអាហារ និងហាត់ប្រាណ អាចជួយបញ្ចៀសអាការៈក្រហាយទ្រូងបានយ៉ាងមានប្រសិទ្ធភាព។
៣. ទំពាស្ករកៅស៊ូ
ទន្ទឹមនឹងនេះដែរ ការទំពាស្ករកៅស៊ូ ក៏អាចជួយបង្ការការច្រាលអាស៊ីដ អំឡុងពេលហាត់ប្រាណដូចគ្នា។ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ការទំពាស្ករកៅស៊ូអាចជួយបញ្ចុះជាតិអាស៊ីដក្រពះបាន ដោយជំរុញការផលិតទឹកមាត់ ក៏ដូចជាកម្ចាត់ជាតិអាស៊ីដដែលលើសចេញពីបំពង់អាហារផងដែរ។
៤. បន្ថយកម្រិតនៃការហាត់ប្រាណ
ការហាត់ប្រាណខ្លាំងក្លាពេក ក៏ជាហេតុនាំឲ្យប្រឈមនឹងអាការៈក្រហាយទ្រូង ជាពិសេស សកម្មភាពដែលបង្កផលប៉ះពាល់ខ្លាំង ដូចជាការលោត និងរត់។ ស្រដៀងគ្នានេះដែរ ក្នុងករណីដែលយើងលើកទម្ងន់ធ្ងន់ពេក យើងក៏អាចប្រឈមនឹងហានិភ័យនៃការក្រហាយទ្រូង។ ជាក់ស្ដែង ការសិក្សាមួយក្នុងឆ្នាំ២០០៣ បានប្រៀបធៀបលទ្ធភាពដែលអាចនាំឲ្យច្រាលអាស៊ីដចំពោះកីឡាកររត់ប្រណាំង លើកទម្ងន់ និងជិះកង់។ លទ្ធផលបានបង្ហាញថា កីឡាកររត់ប្រណាំងជួបប្រទះការច្រាលអាស៊ីដតិចជាងអ្នកលើកទម្ងន់ ដែលនេះអាចបណ្ដាលមកពីការលើកទម្ងន់បញ្ចេញកម្លាំងខ្លាំងជាង។ ដូចនេះ ប្រសិនបើយើងប្រឈមនឹងការក្រហាយទ្រូងញឹកញាប់អំឡុងពេលហាត់ប្រាណ យើងគួរសាកល្បងហាត់យូហ្គា ឬការដើរជំនួសវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]