ក្អកជារោគសញ្ញាជំងឺផ្លូវដង្លើម អាចជាការរលាក ឬអាលែកហ្ស៊ីផ្សេងៗ និងអាច​បង្ក​​ឲ្យ​ឡើងស្លេស្ម​ផង​ដែរ។ ជាធម្មតាអាការៈក្អក​អាច​ជា​រោគ​សញ្ញា​ជំងឺផ្ដាសាយកម្រិតស្រាល និង​អាច​មាន​រយៈ​ពេល​ចន្លោះពី ១ ទៅ ២​សប្ដាហ៍ ​ដែល​អាច​រំខានដល់ការរស់នៅប្រចាំថ្ងៃ។ ក្នុងស្ថានភាពក្អកកម្រិតស្រាលបែបនេះ យើងអាចសាកល្បងរបបអាហារ ៥ប្រភេទខាងក្រោមនេះ ដែលអាចកាត់បន្ថយ និងជំរុញឲ្យជាសះស្បើយបានឆាប់រហ័ស។  

១.ខ្ទឹមស

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្ទឹមសជួយប្រឆាំងនឹងការរលាកដោយអុកស៊ីតកម្ម។ លើសពីនេះក៏មានសមត្ថភាព ជួយកម្ចាត់​​​ពពួកបាក់តេរីផ្សេងៗដែលអាចបង្កការលាកដល់ប្រព័ន្ធផ្លូវដង្ហើមបង្កជាជំងឺក្អក និងជួយសម្រួលដល់ការដកដង្ហើមងាយស្រួលផងដែរ។ យើងអាចញ៉ាំខ្ទឹមស ឆៅដោយចិញ្រ្ចំាឲ្យម៉ត់មួយស្លាបព្រារកាហ្វេ យ៉ាងហោច ៤ម៉ោងម្ដង អាច​ជួយ​សម្រួល​អាការៈ​នេះ​បាន​។

២.ខ្ញី

ក្អកស្ងួត ក្អកមានស្លេស្ម ខ្ញីក៏មានប្រសិទ្ធភាពជួយបន្ធូរបន្ថយអាការៈនេះមិនអន់នោះទេ ព្រោះវាក៏មានផ្ទុកសារធាតុ​ប្រឆាំងទៅនឹងអុកស៊ីតកម្ម។ ខ្ញីភាគច្រើនគេតែងនិយម ញ៉ាំជាមួយទឹកក្ដៅ ហើយញ៉ាំក្នុងកម្រិតមួយកែវ ចំណុះ ពី១៥០ មិល្លីលីត្រ ទៅ ២០០មិល្លីលីត្រ គឺល្អសម្រាប់សុខភាព។ អ្នកមានអាការៈក្អក អាចសាក​ល្បងញ៉ាំទឹក​ក្ដៅ​ជាមួយ​ខ្ញីឲ្យបានជាប្រចាំនឹងជួយកាត់បន្ថយអាការៈក្អក ឲ្យឆាប់ជាសះស្បើយ។

៣.ទឹកក្រូចស្រស់

បើនិយាយទៅដល់ទឹកក្រូចស្រស់ គឺផ្ដោតសំខាន់ទៅដល់ វីតាមីន C ជាវីតាមីនជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំក្នុង​រាងកាយ។ វីតាមីនមួយប្រភេទនេះថ្វីដ្បិតមិនមានគុណសម្បត្ដិជួយ​កាត់បន្ថយអាការៈក្អកឲ្យមានប្រសិទ្ធ​ភាពដូចសារធាតុដទៃ ប៉ុន្ដែវាជួយរារាំងការវវិត្ដនៃជំងឺ និងមិនឲ្យប៉ះពាល់ដល់ផ្នែកផ្សេងនោះទេ។ ញ៉ាំទឹកក្រូចស្រស់យ៉ាង​ហោច១កែវក្នុងមួយថ្ងៃ ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ឲ្យរឹងមាំការពារពីជំងឺផ្សេងៗ។

៤.ទឹកឃ្មុំ

ទឹកឃ្មុំ យើងអាចញ៉ាំជាមួយទឹកក្ដៅក៏បាន ឬ ញ៉ាំសុទ្ធក៏បានដោយ​ញ៉ាំម្ដង​មួយស្លាបព្រារបាយ ក៏អាចជួយកាត់បន្ថយការអាការៈក្អកបានមួយកម្រិត។ ទឹកឃ្មុំជារូបមន្ដថ្នាំធម្មជាតិ មាន​សារធាតុចិញ្ចឹមជាច្រើនមុខ អាចព្យាបាលជំងឺជាច្រើនប្រភេទ ពិសេសជំងឺរលាកតែម្ដង។ សាកល្បងញ៉ាំទឹកក្ដៅឧណ្ហៗមួយកែវ ជាមួយទឹកឃ្មុំមួយស្លាបព្រារបាយ ហើយបើចង់ឲ្យមានរសជាតិពិសេសទៀត នោះអាចបន្ថែមក្រូចឆ្មារបន្ដិចកាន់តែប្រសើរ។

៥.ទឹកដោះគោស្រស់ និងម្សៅរមៀត

ម្សៅរមៀត ជាធម្មតាយើងពិបាកញ៉ាំផ្ទាល់​ខ្លាំងណាស់ ដូច្នេះយើងអាចលាយជាមួយនឹងទឹកដោះគោស្រស់ កម្ដៅឧណ្ហៗ​ដើម្បី​ញាំ ក៏អាចជួយព្យាបាលអាការៈក្អកបានដែរ ព្រោះនៅក្នុងម្សៅរមៀត មានផ្ទុកដោយសារធាតុ ប្រឆាំងទៅនឹងអុកស៊ីតកម្មមិនចាញ់ខ្ញី និងខ្ទឹមសនោះដែរ។ យើង​អាច​យក ម្សៅមៀត ១សា្លបព្រារកាហ្វេជាមួយទឹកដោះគោស្រស់ ១កែវចំណុះ១៥០ មិល្លីលីត ញ៉ាំវាមុនចូលគេង គឺល្អសម្រាប់សុខភាព។

អាការៈក្អកក្នុងកម្រិតស្រាលបង្ក​ដោយ​ជំងឺផ្ដាសាយ អាចមាន​រយៈពេលចន្លោះពី ១ ទៅ ២សប្ដាហ៍ ហើយ​អាចសាកល្បងជា​មួយនឹងវិធីសាស្ដ្រទាំងនេះបាន ប៉ុន្ដែបើក្អកក្នុងកម្រិតធ្ងន់ធ្ងរចន្លោះពី២ទៅ ៣សប្ដាហ៍ត្រូវស្វែងរកគ្រូពេទ្យដើម្បីពិភាក្សាធ្វើតេស្ដរកជំងឺ ព្រោះវាអាចជាមូលហេតុនៃរោគសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយ​ទាក់​ទង​នឹង​​ប្រព័ន្ធផ្លូវដង្ហើម។  

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]