ការកើនឡើងកូលេស្ដេរ៉ូលក្នុងឈាមខ្ពស់ អាចធ្វើឲ្យសុខភាពរបស់យើងជួបប្រទះជំងឺដូចជា លើសឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងមានជំងឺជាច្រើនទៀត។ កត្ដាចម្បង ឈានដល់ការកើនឡើងកូលេស្ដេរ៉ូលក្នុងឈាម គឺដោយសារមិនបានគ្រប់គ្រងរបបអាហារបានល្អ ពោលការញ៉ាំអាហារមានជាតិខ្លាញ់ច្រើន និងអាហារកែច្នៃ និងមិនសូវបញ្ចេញសកម្មភាពរាងកាយ។ ប៉ុន្ដែមិនជាថ្វីនោះទេ យើងអាចបញ្ចុះជាតិខ្លាញ់ក្នុងឈាមបាន ដោយប្រើវិធីសាស្ដ្រធម្មជាតិមួយចំនួន។
១. សារធាតុ Phytosterols
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សPhytosterols ជាសារធាតុចិញ្ចឹមដែលមាននៅក្នុងរុក្ខជាតិ។ វាមានតួនាទីជួយកាត់បន្ថយការស្រូបយកសាធាតុខា្លញ់អាក្រក់ពីរបបអាហារ។ តាមការបង្ហាញ របស់មន្ទីរពេទ្យ Cleveland បញ្ជាក់ថា ញ៉ាំអាហារដែលមានផ្ទុកសារធាតុ Phytosterols ជាប្រចាំអាចបន្ថយកម្រិតជាតិខ្លាញ់អាក្រក់ LDL ក្នុងឈាម បានរហូតដល់ទៅ១៤%។ ដូច្នេះការបង្កើតទម្លាប់ញ៉ាំអាហារ ដែលផ្ទុកសារធាតុ Phytosterols ជាវីធីសាស្ដ្រធម្មជាតិ ជួយបញ្ចុះកូលេស្ដេរ៉ូល ក្នុងឈាមបានល្អ។ យើងអាចទទួលបានសារធាតុចិញ្ចឹមប្រភេទនេះពី ពពួកបន្លែស្ពៃ ពពួកខាត់ណា ខ្ទឹមក្រហម ខ្លឺបារាំង គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ។
២. ជាតិសរសៃរលាយ
យើងក៏បានដឹងច្បាស់ហើយ អំពីគុណប្រយោជន៍នៃ សារធាតុសរសៃដែលមាននៅក្នុងបន្លែ ផ្លែឈើ ដែលមានមុខងារជួយសម្រួលដល់ដំណើរការប្រព័ន្ធរំលាយអាហារឲ្យធ្វើការបានល្អ។ ពិសេសទៀតនោះ គឺពពួកអាហារដែលមានជាតិសរសៃរលាយមានប្រសិទ្ធភាពជួយដល់បេះដូង និងចរន្ដឈាម ព្រោះមានសារធាតុសំខាន់ម្យ៉ាងឈ្មោះថា Beta-glucan ដែលមានប្រសិទ្ធភាពក្នុងការបញ្ចុះកូលេស្តេរ៉ូលបាន។ យើងអាចញ៉ាំអាហារដែលមានជាតិសរសៃដូចជា ស្ពៃបៃតង ផ្លែប៉ោម ប៊ឺ ទំពាំងបាយជូរ ចេក ល្ហុង ល្ពៅ ការ៉ុត សុទ្ធសឹងជាប្រភេទអាហារសរសៃដែលងាយនឹងរលាយ។
៣.សារធាតុខ្លាញ់
សារធាតុខ្លាញ់នៅពេលនេះសម្ដៅទៅដល់ប្រភេទខ្លាញ់សុខភាព ឬហៅម្យ៉ាងទៀតថា ខ្លាញ់មិនឆ្អែត។ ខ្លាញ់មិនឆ្អែតមាននៅក្នុងផ្លែប៊ឺ ប្រេងអូលីវ សណ្តែកដី ប្រេងផ្កាឈូករ័ត្ន ពោត ត្រីសាលម៉ុន និងត្រីទឹកសាបជាដើម។ ការបង្កើតទម្លាប់ញ៉ាំអាហារដែលសម្បូរទៅដោយប្រភេទខ្លាញ់មិនឆ្អែត ហើយកាត់បន្ថយប្រភេទអាហារដែលមានកម្រិតជាតិខ្លាញ់ឆ្អែត គឺជាសញ្ញាមួយបង្ហាញថា កម្រិតកូលេស្ដេរ៉ូលនឹងថយចុះ។ ប្រភពខ្លាញ់ឆ្អែតមានក្នុងអាហារ ដូចជា អាហាររសជាតិផ្អែម នំធ្វើពីម្សៅ អាហារចៀនដោយខ្លាញ់ សាច់ក្រហម សាច់កែច្នៃ សាច់ជាប់ខ្លាញ់ ប្រេងដូង និងទឹកដោះគោមានខ្លាញ់ជាដើម។ គួរកាត់បន្ថយរបបអាហារទាំងនេះ ដើម្បីកាត់បន្ថយការកើនឡើង កូលេស្ដេរ៉ូលក្នុងឈាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]