ជំងឺទឹកនោមផ្អែម គឺជាការកើនឡើងកម្រិតជាតិស្ករក្នុងឈាមរ៉ាំរៃបង្កផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព ក្នុងនោះប្រព័ន្ធសរសៃឈាមតូចធំដែលភ្ជាប់អវយវៈត្រូវបានបំផ្លាញធ្វើឲ្យរាងកាយចុះខ្សោយ ពិសេសនោះគឺអវយវៈភេទ ក៏ត្រូវប៉ះពាល់ដូចគ្នា។ សម្រាប់បុរសដែលមានជំងឺទឹកនោមផ្អែម អាចខ្សោយសមត្ថភាពផ្លូវភេទ ដោយលិង្គមិនអាចឡើងរឹង ស្ដ្រីអាចប្រឈមការការឈឺចាប់ពេលរួមភេទ និងការថយចុះចំណង់ផ្លូវភេទ។
លោកវេជ្ជបណ្ឌិត ហួ៊យ បញ្ញា ឯកទេសជំងឺទឹនោមផ្អែម និង ក្រពេញអ័រម៉ូននៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា ជំងឺទឹកនោមផ្អែមអាចបង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទដោយសារតែ ប្រព័ន្ធប្រសាទ និង សរសៃឈាមដែលត្រូវចិញ្ចឹមអវយវៈភេទមានការប្រែប្រួល។ ពោលកម្រិតជាតិស្ករក្នុងសរសៃឈាមមានការកើនឡើងរ៉ាំរៃ ធ្វើឲ្យចរន្ដឈាមមិនអាចដំណើរការបានដូចធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ចំពោះបុរសកើតជំងឺទឹកនោមផ្អែម ផលប៉ះពាល់នោះគឺលិង្គពិបាកឡើងរឹង និង អ័រម៉ូនភេទ តេស្ដូស្ដេរ៉ូនត្រូវថយចុះមុនអាយុ។ កត្ដានេះអាចកើតឡើងចន្លោះពី៥០%ទៅ ៧៥%នៃអ្នកជំងឺទឹកនោមផ្អែមជាបុរស។
ចំណែកស្ដ្រីវិញ ផលវិបាកនៃជំងឺទឹកនោមផ្អែម ចំពោះសុខភាពផ្លូវភេទគឺ បាត់បង់ចំណង់ផ្លូវភេទ ឬមានចំណង់ខ្លះដែរ ប៉ុន្ដែពេលរួមភេទមានការឈឺចាប់ ព្រោះប្រដាប់ភេទមានសភាពស្ងួត បញ្ហាទាំងនេះបណ្ដាលមកពី ការឡើងកម្រិតជាតិស្ករក្នុងសរសៃឈាមរ៉ាំរៃ បណ្ដាលឲ្យសរសៃឈាមដែលត្រូវចិញ្ចឹមអវយវៈភេទមិនអាចប្រព្រឹត្ដទៅបានដូចធម្មតា។ បន្ថែមពីនេះទៅទៀត មិនថាតែបុរស ឬស្ដ្រីនោះទេ ឲ្យតែមានភាពស្មុគស្មាញច្រើន ជាមួយនឹងការងារប្រចាំថ្ងៃ ក៏ជាចំណុចប៉ះពាល់ដល់សុខភាពផ្លូវភេទផងដែរ ជាពិសេសស្រីៗតែម្ដង។
ជំងឺទឹកនោមផ្អែមភាគច្រើនកើតឡើងមិនថាបុរសឬស្ដ្រីនោះទេ រាប់ចាប់ពីអាយុ៤៥ឆ្នាំឡើងទៅ ប៉ុន្ដែក៏មានករណីកើតឡើងទៅលើវ័យ២៥ឆ្នាំក៏មានដែរ។ នោះបណ្ដាលមកពីការមិនបានគ្រប់គ្រងរបបអាហារបានល្អ ដូចជា ផឹកគ្រឿងស្រវឹងច្រើន ជក់បារី ញ៉ាំអាហារខ្លាញ់ អាហារសម្បូរកាឡូរី និងរាងកាយមិនសូវមានសកម្មភាព ការឡើងទម្ងន់ទើបបណ្ដាលឲ្យមានជំងឺទឹកនោមផ្អែម។
យ៉ាងណាក៏ដោយ អ្នកមានជំងឺទឹកនោមផ្អែម ក៏អាចការពារពីការធ្លាក់ចុះសមត្ថភាពផ្លូវភេទបានដែរ ដោយអនុវត្ដចំណុចសំខាន់ៗដូចជា ការញ៉ាំអាហារឲ្យមានតុល្យភាព ទម្លាប់ហាត់ប្រាណជាប្រចាំ ការកាត់បន្ថយជាតិស្រវឹង មិនជក់បារី គេងឲ្យបានគ្រប់គ្រាន់ និង រក្សាកម្រិតជាតិស្ករ ជាតិខ្លាញ់ក្នុងឈាម កុំឲ្យកើនឡើង។ កាន់តែពិសេសទៀតនោះ អ្នកជំងឺត្រូវតែពិនិត្យសុខភាព និង ពិភាក្សាជាមួយវេជ្ជបណ្ឌិតឲ្យបានច្បាស់លាស់ អំពីសុខភាពផ្លូវភេទនិង ជំងឺទឹកនោមផ្អែម ជៀសវាងប្រើប្រាស់ថ្នាំដោយមិនបាន ដឹងពីជំងឺច្បាស់លាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]