ចិន៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ត្រីជាម្ដាយម្នាក់អាយុ៧០ឆ្នាំ មកពីទីក្រុងឆុងឈីង ភាគនិរតីនៃប្រទេសចិន បានបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ជុំវិញរឿងរ៉ាវនៃជីវិតរបស់កូនស្រីគាត់ ដែលអាយុច្រើនហើយ ប៉ុន្ដែមិនទាន់មានដៃគូជីវិត។

ជាក់ស្ដែង អ្នកស្រី ហ្សាង (Zhang) បានបង្ហាញខ្លួន លើកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយ និងបានរៀបរាប់ឲ្យដឹងថា បច្ចុប្បន្ននេះ កូនស្រីរបស់គាត់មានអាយុ៣៨ឆ្នាំ និងបាន​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ​កំពូល​មួយ ហើយ​ធ្លាប់​មាន​ការងារ​ធ្វើ​នៅ​ប៉េកាំង និង​សៀងហៃ។ ប៉ុន្ដែកាលពីប៉ុន្មានឆ្នាំមុន កូនស្រីរបស់គាត់បានលាឈប់ពីការងារ និងវិលត្រឡប់មករស់នៅក្នុងស្រុកកំណើតវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អស់រយៈពេល៦ឆ្នាំមកនេះ កូនស្រីរបស់គាត់មិនមានការងារធ្វើឡើយ និងតែងតែចំណាយពេលជាមួយឆ្មាចំនួន៦ក្បាលនៅផ្ទះ ដោយថតយកសកម្មភាពរបស់ឆ្មា ទៅបង្ហោះចែកចាយលើបណ្ដាញសង្គមជាញឹកញាប់។ ហើយចាប់តាំងពីរៀនចប់អស់មក កូនស្រីរបស់គាត់មិនដែលមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ឡើយ។ ហេតុដូចេ្នះ គាត់ ព្រមទាំងស្វាមី មានការព្រួយបារម្ភចំពោះកូនស្រីជាខ្លាំង រហូតដល់ថ្នាក់សម្រាកពេលយប់មិនស្រួល និងហូបចុកមិនឆ្ងាញ់ផងដែរ។

តួយ៉ាង ចាប់តាំងពីកូនស្រីវិលមករស់នៅក្នុងស្រុកកំណើតវិញ អ្នកស្រី និងស្វាមី បានទិញអាផាតមិនមួយកន្លែងឲ្យ និងផ្ដល់ប្រាក់ផ្គត់ផ្គង់ចាយវាយប្រចាំថ្ងៃឲ្យរហូតមកទៀតផង។ ប៉ុន្ដែទើបថ្មីៗនេះ គាត់ និងស្វាមី បានដឹងថា កូនស្រីបានលក់អាផាតមិនចោល និងផ្លាស់មករស់នៅកន្លែងថ្មី ដែលនៅក្បែរៗផ្ទះរបស់ពួកគាត់ទាំងពីរ។

ទន្ទឹមនឹងនេះ អ្នកស្រី ហ្សាង បានព្យាយាមបញ្ចុះបញ្ចូលកូនស្រីរបស់គាត់ ឲ្យប្រញាប់រកការងារធ្វើ និងរៀបការដែរ ប៉ុន្ដែកូនស្រីហាក់មិនអើពើ និងតែងតែជំទាស់ជានិច្ច។ ងាកមកកាន់ការសម្ភាស៍រវាងស្ថានីយទូរទស្សន៍ ជាមួយកូនស្រីតាមរយៈទូរសព្ទដៃវិញ បានឲ្យដឹងថា ជំនាន់​ម្ដាយ​របស់​នាង​ពិបាក​យល់​ពី​ផ្នត់​គំនិត​របស់​ក្មេង​ជំនាន់​ក្រោយណាស់។ បើទោះបីជាការធ្វើវីដេអូអំពីឆ្មាចិញ្ចឹមរបស់នាង មិនទទួលបានប្រាក់ក៏ដោយ ក៏នាងអះអាងថា ថ្ងៃអនាគតនាងនឹងអាចរកប្រាក់ចិញ្ចឹមខ្លួនឯងបាន។ ហើយនាងមិនខ្វល់ខ្វាយពីការនៅលីវ និងមិនបង្ខំចិត្តខ្លួនឯងឲ្យមានទំនាក់ទំំនងស្នេហាឡើយ រហូតប្រសិនបើមានជួបបុរសណាម្នាក់ ដែលនាងគិតថាអាចផ្ញើជីវិតជាមួយបាន នាងនឹងអូខេ។

យ៉ាងណាមិញ វីដេអូនៃការសម្ភាស៍របស់អ្នកស្រី ហ្សាង បានទទួលការចុចចូលទស្សនារហូតដល់ជាង១០លានដង នៅលើបណ្ដាញសង្គមចិន Weibo និងចុច Like ជាង៣៦៣,០០០ផងដែរ៕

ប្រភព: Yahoo

រូបភាពស្ត្រីជាម្ដាយកំពុងសម្ភាស៍ (cr to the owner)
រូបភាពស្ត្រីជាម្ដាយកំពុងសម្ភាស៍ (cr to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]