ភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ យុទ្ធនាការ ខ្ញុំសន្សំ (iSave) បានសហការជាមួយ ស៊ី អ៊ិនវេសមិន (SHE Investments) ដែលជាសហគ្រាសសង្គមគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមដែលដឹកនាំដោយស្ត្រី ក្នុងការរៀបចំសិក្ខាសាលាឌីជីថលតាមរយៈ Zoom ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់ស្រ្តី និងយុវជនអំពីការប្រើប្រាស់ថាមពល។

ដោយទទួលបានជំនួយគាំទ្រពីការិយាល័យ Foreign Commonwealth and Development របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស និង​ត្រូវ​បានរៀបចំ​ដោយ​ក្រុមហ៊ុន Carbon Trust ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​កាត់បន្ថយ​កាបូន​ក្នុង​តំបន់​អាស៊ាន យុទ្ធនាការ ខ្ញុំសន្សំ (iSave) ត្រូវបានដំណើរការចាប់ពីខែឧសភា ដែលជាយុទ្ធនាការបណ្ដាញសង្គមស្ដីពីការលើកកម្ពស់ទម្លាប់ល្អក្នុងការសន្សំថាមពលនៅផ្ទះ ក៏ដូចជានៅកន្លែងធ្វើការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  យុទ្ធនាការ ខ្ញុំសន្សំ (iSave)

ជាផ្នែកមួយនៃយុទ្ធនាការ សិក្ខាសាលាឌីជីថលស្ដីអំពីប្រសិទ្ធភាពថាមពល ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា លោកស្រី Eloise Burnett អ្នកគ្រប់គ្រងជាន់ខ្ពស់ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន Carbon Trust និងលោកស្រី Keisha Ghani  អ្នកគ្រប់គ្រងស្ដីទីប្រចាំតំបន់ និងជាប្រធានប្រតិបត្តិការនៃ SHE Investments។ ជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសលោក សន វិបុល ជាអ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ផងដែរ។ សិក្ខាសាលា បានបង្ហាញពីសារៈសំខាន់នៃប្រសិទ្ធភាពថាមពល តួនាទីសំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងការលើកកម្ពស់ឥរិយាបថសន្សំសំចៃថាមពលក្នុងសហគមន៍នៃប្រទេសកម្ពុជា ច្បាប់ ក៏ដូចជាគោលការណ៍ណែនាំស្តីពីប្រសិទ្ធភាពថាមពលសម្រាប់អាជីវកម្ម និងគន្លឹះសន្សំសំចៃថាមពលងាយៗសម្រាប់គ្រួសារ។

  យុទ្ធនាការ ខ្ញុំសន្សំ (iSave)

គូសបញ្ជាក់ថា សិក្ខាសាលាឌីជីថលមានរយៈពេលពីរម៉ោង និងមានអ្នកចូលរួមអនឡាញចំនួន ៥០ ហើយ ទំព័រ Facebook របស់យុទ្ធនាការនឹងធ្វើការផុសឡើងវិញអំពីវគ្គសិក្ខាសាលានៅថ្ងៃបន្ទាប់សម្រាប់អ្នកដែលមិនបានចូលរួម៕

  យុទ្ធនាការ ខ្ញុំសន្សំ (iSave)
  យុទ្ធនាការ ខ្ញុំសន្សំ (iSave)

អំពី Carbon Trust

Carbon Trust គឺជាអ្នកជំនាញដែលលោកអ្នកអាចជឿទុកចិត្តបានសម្រាប់ដំណើរឆ្ពោះទៅរក Net Zero (ការសម្រេចបាននូវតុល្យភាពរវាងបរិមាណនៃការបំភាយឧស្ម័នដែលបានផលិត និងការបញ្ចេញចេញពីបរិយាកាស ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី) ដោយធ្វើការចែករំលែកនូវបទពិសោធន៍របស់យើងអំពីការប្រែប្រួលអាកាសធាតុ។ ពួកយើងជាអ្នកត្រួសត្រាយផ្លូវក្នុងការអនុវត្តកិច្ចការនេះអស់រយៈពេលជាង ២០ឆ្នាំ មកហើយ ដោយជម្រុញឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅតាមបណ្តាអាជីវកម្មឈានមុខគេមួយចំនួន ក្នុងជួររាជរដ្ឋាភិបាល និងអង្គការនានាផងដែរ។

តាមរយៈបទពិសោធន៍របស់អ្នកជំនាញជាង ៣០០នាក់ នៅទូទាំងសកលលោក ពួកយើងកំពុងបង្កើននូវឌ្ឍនភាព និងផ្តល់ដំណោះស្រាយចំពោះវិបត្តិដែលកំពុងកើតមានឡើង។ ពួកយើងបានធ្វើការគាំទ្រដល់អង្គការប្រមាណជាង ៣,០០០ នៅទូទាំង ៥០ប្រទេស តាមរយៈក្របខណ្ឌយុទ្ធសាស្ត្រកាត់បន្ថយផលផ្ទះកញ្ចក់ ដោយបានសហការជាមួយដៃគូជាង ១៥០ ក្នុងការកំណត់គោលដៅផ្អែកលើវិទ្យាសាស្ត្រ និងកំពុងគាំទ្រដល់ទីក្រុងមួយចំនួននៅទូទាំងទ្វីបចំនួន ៥ ក្នុងដំណើរឆ្ពោះទៅកាន់ Net Zero។​​

អំពី SHE Investments

SHE បាននឹងកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីដែលឆ្លើយតបនឹងតម្រូវការយេនឌ័រ ដើម្បីជួយសហគ្រាសធុនតូចរបស់សហគ្រិនស្រ្តីនៅក្នុងប្រទេសកម្ពុជា ក្នុងការពង្រីកទំហំនៃផលជះទៅលើសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់សហគមន៍។ សកម្មភាពសំខាន់ៗរបស់ SHE រួមមាន វគ្គអភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន ថ្នាក់មធ្យម ប្រព័ន្ធឌីជីថលថ្នាក់មូលដ្ឋាន ចំណេះដឹងហិរញ្ញវត្ថុ និងកម្មវិធីត្រៀមខ្លួនសម្រាប់ការវិនិយោគ ដែលកម្មវិធីទាំងនេះត្រូវបានរៀបចំឡើងសម្រាប់ស្ត្រី ក៏ដូចជាការណែនាំអំពីឧបករណ៍ឌីជីថល និងធនធានថ្មីៗ ពន្លឿនសន្ទុះនៃការងើបឡើងវិញពីវិបត្តិកូវីដ និងឱកាសបង្កើតបណ្តាញផ្សេងៗសម្រាប់ស្ត្រី។ ទីស្នាក់ការកណ្តាលរបស់ SHE មាននៅក្នុងទីក្រុងភ្នំពេញ និងការិយាល័យផ្សេងទៀត ដែលកំពុងប្រតិបត្តិការនៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងកំពតផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]