លើសសម្ពាធឈាម អាចដឹងបានពេលយើងវាស់កម្លាំងនៃសម្ពាធនៅក្នុងសរសៃឈាម ហើយឃើញថាកម្រិតសម្ពាធឈាមស៊ីស្តូលិក (លេខសម្ពាធឈាមខាងលើ) លើសពី ១៤០ មិល្លីលីត្របារត ហើយកម្រិតសម្ពាធឈាមឌីយ៉ាស្តូលិក (លេខសម្ពាធឈាមខាងក្រោម) លើសពី ៩០ មិល្លីលីត្របារត។ អ្នកលើសសម្ពាធឈាមគួរថែទាំសុខភាពបែបណាទើបអាចគ្រប់គ្រងជំងឺបាន? ពេលថ្នាំបញ្ចុះឈាមធ្វើទុក្ខគួរធ្វើម៉េច?
វេជ្ជបណ្ឌិត ស្រេង ឌីណា ឯកទេសជំងឺបេះដូង សរសៃឈាម និងជំងឺវេជ្ជសាស្រ្តទូទៅនៅមន្ទីរពេទ្យកាល់ម៉ែត និងគ្លីនិកឯកទេសបេះដូងរុងរឿងបានណែនាំពីវិធីគ្រប់គ្រងជំងឺលើសសម្ពាធឈាមមួយចំនួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ផ្លាស់ប្តូររបៀបរបបរស់
– ហាត់ប្រាណ៖ អ្នកជំងឺត្រូវហាត់ប្រាណឱ្យបានយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ ហើយឱ្យបាន ៥ ថ្ងៃក្នុងមួយសប្តាហ៍
– ចៀសវាងអាហារប្រៃខ្លាំង៖ ការញុំាអាហារប្រៃៗដូចជា ផ្អក ប្រហុក ត្រីងៀត និងជ្រក់ ជាដើមធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ ហើយការស្លសម្លយើងត្រូវបង់អំបិលក្នុងកម្រិតតិចតួច ដោយសារក្នុងមួយថ្ងៃយើងអាចញុំាអំបិលបានត្រឹមតែ ៥ ក្រាម (១ ស្លាបព្រាកាហ្វេ)។
– កាត់បន្ថយអាហារមានជាតិផ្អែម និងខ្លាញ់៖ អាហារទាំងនេះធ្វើឱ្យយើងលើសជាតិខ្លាញ់ កកខ្លាញ់ក្នុងសរសៃឈាម ធាត់ និងមានជំងឺទឹកនោមផ្អែមដែលជាហេតុធ្វើឱ្យយើងលើសសម្ពាធឈាម។
– ឈប់ជក់បារី៖ ការជក់បារីបណ្តាលឱ្យកកជាតិខ្លាញ់ក្នុងសរសៃឈាម ហើយបង្កឱ្យសម្ពាធឈាមយើងឡើងខ្ពស់។
– សម្រកគីឡូ៖ បើ BMI យើងលើសពី ២៥ ឡើងមានន័យថា យើងធាត់លើសគីឡូ លើសជាតិខ្លាញ់ហើយ ដូច្នេះយើងត្រូវព្យាយាមសម្រកគីឡូឱ្យ BMI យើងចុះទាបជាង ២៥។
– កាត់បន្ថយគ្រឿងស្រវឹង និងកាហ្វេ៖ គ្រឿងស្រវឹង និងកាហ្វេក៏ធ្វើឱ្យសម្ពាធឈាមឡើងដែរ។
– កាត់បន្ថយស្រ្តេស៖ ពេលយើងស្រ្តេស រាងកាយយើងនឹងឆ្លើយតបដោយបញ្ចេញអ័រម៉ូនស្រ្តេស (adrenaline and cortisol) ទៅក្នុងសរសៃឈាមដែលធ្វើបេះដូងលោតលឿន និងធ្វើឱ្យសរសៃឈាមរួមតូច ជាលទ្ធផលសម្ពាធឈាមយើងនឹងឡើងខ្ពស់។
– សម្រាកឱ្យបានគ្រប់គ្រាន់៖ ការគេងគ្រប់គ្រាន់ជួយឱ្យសម្ពាធឈាមចុះទាប និងកាត់បន្ថយស្រ្តេស។
២. លេបថ្នាំ
អ្នកជំងឺត្រូវលេបថ្នាំក្នុងករណីគ្រូពេទ្យឱ្យថ្នាំបញ្ចុះសម្ពាធឈាម ហើយត្រូវលេបថ្នាំឱ្យបានទៀតទាត់ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ។ ក្នុងករណីខ្លះអ្នកជំងឺមិនចាំបាច់ប្រើថ្នាំទេ គ្រាន់តែធ្វើការផ្លាស់ប្តូររបៀបរស់នៅសិន។
៣. តាមដានសម្ពាធឈាម
អ្នកជំងឺត្រូវតាមដានសម្ពាធឈាមឱ្យបានជាប់ជាប្រចាំនៅផ្ទះទៅតាមការណែនាំរបស់គ្រូពេទ្យ ហើយយកលទ្ធផលទៅពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំដើម្បីឱ្យគ្រូពេទ្យវាយតម្លៃ និងបន្តការព្យាបាល ព្រោះកាលណាយើងព្យាបាលលើសសម្ពាធឈាម មិនមែនបានន័យថា បានលេបថ្នាំគឺបានទទួលការព្យាបាលទេ។
យើងត្រូវធ្វើយ៉ាងណាឱ្យសម្ពាធឈាមធ្លាក់មកត្រឹមគោលដៅណាមួយដែលគ្រូពេទ្យចង់បានដែលអាចកាត់បន្ថយហានិភ័យគ្រោះថ្នាក់ជំងឺបេះដូង ឬសរសៃឈាមបេះដូងផ្សេងៗ ហើយមិនបង្កផលរំខានដល់អ្នកជំងឺ។
ពេលថ្នាំបញ្ចុះឈាមធ្វើទុក្ខគួរធ្វើម៉េច?
ថ្នាំបញ្ចុះសម្ពាធឈាមមួយចំនួនអាចផ្តល់ផលរំខានដូចជា ធ្វើឱ្យអ្នកជំងឺក្អក ហើមជើង អាលែកហ្ស៊ី សម្ពាធឈាមចុះខ្លាំងដែលធ្វើឱ្យអ្នកជំងឺមិនស្រួលខ្លួន។ បើអ្នកជំងឺជួបផលរំខានដូចបានរៀបរាប់ អ្នកជំងឺត្រូវមកពិគ្រោះជាមួយគ្រូពេទ្យដើម្បីគ្រូពេទ្យរកដំណោះស្រាយជូន តែអ្នកជំងឺមិនត្រូវបញ្ឈប់ការលេបថ្នាំដោយខ្លួនឯងទេ។
យើងក៏អាចការពារជំងឺលើសសម្ពាធឈាមដោយផ្លាស់ប្តូររបៀបរស់នៅ ឬប្រកាន់ទម្លាប់រស់នៅដែលល្អចំពោះសុខភាពតាមការណែនាំខាងលើរបស់លោកវេជ្ជបណ្ឌិតដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]