ហេតុអ្វីយើងត្រូវស្គាល់ និងដឹងច្បាស់ពីប្រភេទរបបអាហារដែលមានកម្រិតជាតិស្ករទាប? នេះក៏ព្រោះតែ យើងមានភាពងាយស្រួលក្នុងការគ្រប់គ្រងរបបអាហារប្រចាំថ្ងៃបានល្អ ពិសេសសម្រាប់អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ហើយមានបញ្ហាធាត់ ដែលងាយវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២។ ម្យ៉ាងវិញទៀត ក៏ជាវិធីសាស្ដ្រមួយសម្រាប់អ្នកចង់សម្រកគីឡូផងដែរ។
ការញ៉ាំអាហារដែលមានកម្រិតជាតិស្ករខ្ពស់ អាចឲ្យសុខភាពយើងងាយប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការលើសជាតិស្ករ ជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺលើសឈាម ដែលករណីទាំងនេះអាចកើតឡើងបាន ពេលរាងកាយយើងមិនសូវមានសកម្មភាព។ ការរក្សាតុល្យភាពអាហារបានល្អ មានន័យថា យើងអាចរក្សា កម្រិតជាតិស្ករក្នុងឈាមរបស់យើងបានល្អផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បន្លែ
បន្លែភាគច្រើនមានកម្រិតជាតិស្ករទាប ហើយមានកម្រិតជាតិទឹក ជាតិសរសៃ វីតាមីន និងប្រូតេអ៊ីនខ្ពស់ ដែលជាចំណុចល្អសម្រាប់សុខភាព។ បន្លែសំខាន់ៗទាំងនោះមានដូចជា ពពួកសាឡាដ ស្ពៃបៃតង ស្ពៃក្ដោប ប៉េងបោះ ត្រសក់ ននោង ត្រឡាច ឃ្លោក ល្ពៅ ខាត់ណាស ខាត់ណាខៀវ ការ៉ុត និង ពពួកផ្សិតជាដើម។ រាល់អាហារគ្រប់ពេល គួរតែមានបន្លែឲ្យបានយ៉ាងហោច ៦០% ដើម្បីជំនួយដល់សុខភាព។
២.ផ្លែឈើ
ការញ៉ាំផ្លែឈើច្រើនក៏ធ្វើឲ្យសុខភាពរាងកាយយើងល្អប្រសើរបានដែរ ពិសេសផ្លែឈើស្រស់ដែល មិនស្ថិតក្នុងការកែច្នៃដូចជាផ្លែឈើកំប៉ុង ទឹកផ្លែឈើ ផ្លែឈើក្រៀម ជាដើម។ ផ្លែឈើដែលបានឆ្លងកាត់ការកែច្នៃទាំងនេះ មិនអាចរាប់បញ្ចូលបានទេ ព្រោះវាត្រូវបានបន្ថែមសមាសធាតុផ្សំផ្សេងៗ ដើម្បីបង្កើនរស់ជាតិ និងរយៈពេលរក្សាទុក។ ប្រភេទផ្លែឈើស្រស់ដែលមានកម្រិតជាតិស្ករទាបមានដូចជា ផ្លែប៊ឺ ទំពាំងបាយជូរ ស្ដ្រប៊ឺរី ក្រូច និងត្រសក់ស្រូវ។
៣.ពពួកប្រូតេអ៊ីន
ពពួកអាហារប្រូតេអ៊ីនមួយចំនួនក៏បានចាត់ចូលក្នុងក្រុមអាហារ ដែលមានកម្រិតជាតិស្ករទាប ពោលរបបអាហារដែលគ្មានជាតិខ្លាញ់អាក្រក់ ដូចជា សាច់ត្រី សាច់គ្មានខ្លាញ់ អង្កសម្រូប ស្រូវសាលី ទឹកដោះគោស្រស់ និងគ្រាប់ធញ្ញជាតិ។ យើងអាចញ៉ាំបានជាប្រចាំដោយមិនព្រួយបារម្ភ នៃការឡើងជាតិស្ករក្នុងឈាមនោះទេ។
៤.ពពួកខ្លាញ់សុខភាព
ខ្លាញ់បែងចែកជាពីរប្រភេទ គឺខ្លាញ់ល្អ(HDL) និង ខ្លាញ់អាក្រក់(LDL)។ ខ្លាញ់ល្អយើងអាចញ៉ាំបាន ធម្មតាមិនបង្កផលប៉ះពាល់ដល់សុខភាពនោះទេ ហើយក៏មិនអាចបង្កឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងនោះដែរ។ យើងអាចស្វែងរកខ្លាញ់ប្រភេទនេះក្នុងអាហារដូចជា គ្រាប់ធញ្ញជាតិ ប្រេងអូលីវ ប្រេងផ្កាឈូករ័ត្ន ប្រេងបន្លែ ត្រីសាម៉ុន និងធូណា ជាដើម។
៥.ពពួក តែ
មិនថា តែធម្មតា ឬតែបៃតង គឺគ្មានកម្រិតជាតិស្ករប៉ះពាល់ដល់សុខភាពនោះទេ។ យើងអាចផឹកជាប្រចាំថ្ងៃបានដោយមិនចាំបាច់ភ័យព្រួយនឹងការកើនឡើងកម្រិតជាតិស្ករក្នុងឈាម។ ម្យ៉ាងវិញទៀត តែក៏មានចំណុចពិសេសគឺ ជួយរំលាយជាតិខ្លាញ់ក្នុងសរសៃឈាម និងបេះដូងបានផងដែរ។
ជារួមការញ៉ាំអាហារដែលមានកម្រិតជាតិស្ករខ្ពស់ មិនមែនសុទ្ធតែមិនល្អសម្រាប់សុខភាពនោះទេ ព្រោះថារាងកាយរបស់យើង ក៏ត្រូវការជាតិស្ករចាំបាច់ ដើម្បីផលិតថាមពល ពិសេសសម្រាប់អ្នកមានអាការៈស្គម ស្លេកស្លាំង ខ្វះជាតិស្ករ តែម្ដង។ ប៉ុន្ដែសម្រាប់អ្នកមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែមប្រភេទ២ អ្នកធាត់លើសទំងន់ គួរតែជៀសវាង និង កាត់បន្ថយអាហារដែលមានជាតិស្ករខ្ពស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]