ម៉ាក់ៗពពោះ ជាពិសេសពពោះកូនដំបូង អាចត្រូវចាស់ៗប្រាប់ឱ្យធ្វើនេះ ឬហាមមិនឱ្យធ្វើនោះដែលធ្វើឱ្យម៉ាក់ៗមានការភាន់ច្រឡំ និងសាងកំហុសដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ភាពមិនស្រួលខ្លួន ឬបញ្ហាពេលពពោះក៏អាចធ្វើឱ្យម៉ាក់ៗសាងកំហុសដោយអចេតនាដែរ។ តើកំហុសសាមញ្ញអ្វីខ្លះដែលម៉ាក់ៗពពោះអាចតែងធ្វើ និងគួរចៀសវាង?
១. រំលងពេលញុំាអាហារ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រីមាសទី ១ ជាពេលវេលាដែលម៉ាក់ៗពពោះភាគច្រើនចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗមិនឃ្លាន ឬញុំាមិនចូល ដូច្នេះម៉ាក់ៗមួយចំនួនអាចរំលងមិនញុំាអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាច។ ការរំលងញុំាអាហារអាចធ្វើឱ្យម៉ាក់ៗចាញ់កាន់តែខ្លាំង ព្រោះខ្សោយគ្មានកម្លាំងទប់ទល់នឹងអាការៈចាញ់កូន ហើយធ្វើឱ្យម៉ាក់ៗឈឺក្រពះដែលអាចធ្វើឱ្យម៉ាក់ៗចង្អោរ ចុកចុងដង្ហើម ឬច្រាល់ទឹកអាស៊ីដក្រពះជាដើម។
លើសពីនេះទៅទៀត កូនក្នុងផ្ទៃក៏អាចខ្វះសារធាតុចិញ្ចឹមដែរ ដូច្នេះម៉ាក់ៗមិនគួររំលងពេលញុំាអាហារទេ ហើយគួរញុំាតិចៗតែច្រើនដង និងចៀសវាងញុំាអាហារមុនពេលចូលគេង។
២. ញុំាសម្រាប់ពីរនាក់
ជាការពិតដែលម៉ាក់ៗមានអាអូននៅក្នុងផ្ទៃមែន តែម៉ាក់ៗមិនចាំបាច់ញុំាអាហារសម្រាប់មនុស្សពីរនាក់ទេ។ ការញុំាច្រើន ឬប៉ូវលើសចំណុះធ្វើឱ្យម៉ាក់ៗធាត់លើសគីឡូដែលនឹងបង្កហានិភ័យសុខភាពដូចជា រលូតកូន សម្រាលមិនគ្រប់ខែ ពិបាកសម្រាលដោយសារកូនថ្លោសពេក កើតជំងឺទឹកនោមផ្អែមពេលពពោះ លើសសម្ពាធឈាម ឬគេងបាត់ដង្ហើមជាដើម។
ជាងនេះទៅទៀត ទារកដែលកើតពីម្តាយធាត់លើសគីឡូ មានទំនោរធាត់លើសគីឡូដែរនៅពេលពេញវ័យ ។ ម៉ាក់ៗពពោះត្រូវការកាឡូរីបន្ថែមតែ ៣៤០ ប៉ុណ្ណោះក្នុងមួយថ្ងៃនៅត្រីមាសទី ២ និងត្រូវការកាឡូរីបន្ថែម ៤៥០ ក្នុងមួយថ្ងៃនៅត្រីមាសទី ៣។
៣. មិនសូវបញ្ចេញសកម្មភាពរាងកាយ ឬមិនហាត់ប្រាណ
ជាការពិតណាស់ការពពោះអាចធ្វើឱ្យម៉ាក់ៗមិនស្រួលក្នុងខ្លួន និងពិបាកធ្វើចលនា តែមិនមានន័យថាម៉ាក់ៗមិនអាចហាត់ប្រាណបានទេ។ គ្រាន់តែម៉ាក់ៗត្រូវចៀសវាងលំហាត់ប្រាណណាដែលអាចបង្កគ្រោះថ្នាក់ដូចជា ការរត់ ការឈរជើងមួយ ការលើកដុំដែកធ្ងន់ៗ ឬត្រូវប្រើកម្លាំងខ្លាំងជាដើម។
លំហាត់ប្រាណស្រាលៗដូចជាការដើរ និងការពត់ពែនខ្លួនជាដើមជួយឱ្យម៉ាក់ៗមានសុខភាពល្អ ជំរុញចលនាឈាមរត់ កាត់បន្ថយស្រ្តេស និងជួយឱ្យរាងកាយម៉ាក់ៗធន់នឹងភាពលំបាកនៅពេលសម្រាល។
៤. មិនចាប់អារម្មណ៍ថែសុខភាពផ្លូវចិត្ត
ការប្រែប្រួលអ័រម៉ូនក្នុងអំឡុងពេលពពោះធ្វើឱ្យម៉ាក់ៗស្រ្តេស បូកផ្សំនឹងការពិបាកក្នុងខ្លួនដូចជា ពិបាកគេង អង្គុយ ដើរ រមួលក្រពើជាដើម ឬការប្រែប្រួលរូបរាងកាន់តែធ្វើឱ្យម៉ាក់ៗមានអារម្មណ៍មិនល្អ។ ភាពតានតឹងទាំងនេះអាចបណ្តាលឱ្យម៉ាក់ៗមានជំងឺបាក់ទឹកចិត្ត ឬប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលកូនក្នុងផ្ទៃ។
ដូច្នេះ ម៉ាក់ៗគួរកាត់បន្ថយភាពតានតឹងតាមរយៈការស្តាប់តន្រ្តី ដើរលំហែ ហាត់ប្រាណ ដកដង្ហើមវែងៗ មើលរឿងកប្លែង ធ្វើចិត្តឱ្យសប្បាយៗ ឬគិតពីរឿងល្អៗជាដើម។
៥. គេងមិនបានគ្រប់គ្រាន់
ការគេងមិនសូវបានពេលយប់ដោយសារត្រូវក្រោកនោមញឹកញាប់ ឬដោយសារពោះកាន់តែធំជាហេតុចម្បងបង្កឱ្យម៉ាក់ៗឆាប់អស់កម្លាំង ឬមិនសូវមានកម្លាំង។ ទោះជាម៉ាក់ៗរវល់យ៉ាងណាក៏ដោយ ម៉ាក់ៗត្រូវប្រាកដថា គេងបាន៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយបើម៉ាក់ៗគេងបានតិចនៅពេលយប់ ម៉ាក់ៗអាចគេងថ្ងៃបន្ថែម ១ ម៉ោងទៅ ២ ម៉ោង។
ការគេងមិនគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះអាចបង្កឱ្យម៉ាក់ៗប្រឈមនឹងកើតជំងឺបម្រុងក្រឡាភ្លើង (បង្កឱ្យម៉ាក់ៗពពោះលើសសម្ពាធឈាម និងលើសជាតិប្រូតេអ៊ីនក្នុងទឹកនោម) ដែលអាចបណ្តាលឱ្យសម្រាលមិនគ្រប់ខែ។
ក្រៅពីកំហុសដូចខាងលើ ម៉ាក់ៗពពោះក៏គួរចៀសវាងការជក់បារី ញុំាគ្រឿងស្រវឹង កាត់បន្ថយជាតិកាហ្វេអ៊ីន អាហារកែច្នៃ និងអាហារដែលមានជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់ដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]