ការវាស់សម្ពាធឈាមខ្លួនឯងជួយឱ្យយើងដឹងពីស្ថានភាពសម្ពាធឈាមរបស់យើងថា ល្អ លើស ខ្វះ ឡើង ឬចុះ ជាពិសេសអ្នកលើសសម្ពាធឈាមដែលត្រូវតាមដានសម្ពាធឈាមជាប្រចាំដើម្បីគ្រប់គ្រងជំងឺ។ តើសម្ពាធឈាមជាអ្វី? មានឥទ្ធិពលយ៉ាងណាចំពោះសុខភាពយើង? យើងគួរវាស់ឈាមយ៉ាងម៉េចទើបត្រឹមត្រូវ? គួរវាស់សម្ពាធឈាមចាប់ពីអាយុប៉ុន្មាន?
វេជ្ជបណ្ឌិត ស្រេង ឌីណា ឯកទេសជំងឺបេះដូង សរសៃឈាម និងជំងឺវេជ្ជសាស្រ្តទូទៅនៅមន្ទីរពេទ្យកាល់ម៉ែត និងគ្លីនិកឯកទេសបេះដូងរុងរឿងបានឱ្យដឹងថា សម្ពាធឈាមជាកម្លាំងដែលចរន្តឈាមរត់ក្នុងសរសៃឈាមរបស់យើង ហើយកម្លាំងនេះមានឥទ្ធិពលទៅលើជញ្ជាំងខាងក្នុងនៃសរសៃឈាមដែលបណ្តាលមកចង្វាក់បេះដូង (ពេលបេះដូងកន្រ្តាក់ និងរលា)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលបេះដូងកន្រា្តក់បង្កើតបានកម្លាំងមួយហៅថាសម្ពាធឈាមស៊ីស្តូលិក និងពេលបេះដូងរលាបង្កើតបានជាកម្លាំងហៅថាសម្ពាធឈាមដ៉្យាស្តូលិក។
១. វិធីវាស់សម្ពាធឈាមត្រឹមត្រូវ
- មុនវាស់សម្ពាធឈាមយើងចាំបាច់ត្រូវសម្រាកឱ្យបានយ៉ាងតិច ៥ ទៅ ១០ នាទីដើម្បីឱ្យបាត់ហត់
- ចៀសវាងជក់បារី ញុំាកាហ្វេ ឬហាត់ប្រាណយ៉ាងហោចកន្លះម៉ោងមុនវាស់សម្ពាធឈាម
- ពេលវាស់សម្ពាធឈាមយើងត្រូវសម្រួលអារម្មណ៍ កុំគិតច្រើន កុំភ័យ ឬខឹង ព្រោះបណ្តាលឱ្យសម្ពាធឈាមយើងឡើង
- ពេលវាស់សម្ពាធឈាមយើងត្រូវសម្រាកឱ្យស្រួលដោយអាចអង្គុយឱ្យត្រង់ខ្លួន ឬគេង ហើយដាក់ដៃឱ្យស្មើនឹងកម្រិតបេះដូង រួចចុចម៉ាស៊ីនវាស់សម្ពាធឈាម
- យើងគួរវាស់ឱ្យបានពីរដង បានន័យថា វាស់ម្តងហើយ ពីរបីនាទីទៀតយើងវាស់ម្តងទៀត ហើយសម្ពាសឈាមនៃការវាស់ទំាងពីរលើកអាចខុសគ្នាតិចតួច តែយើងយកលទ្ធផលទីពីរជាលទ្ធផលផ្លូវការ។
២. របៀបអានលេខនៅលើម៉ាស៊ីនវាស់សម្ពាធឈាម
ជាទូទៅលេខលើម៉ាស៊ីនវាស់សម្ពាធឈាមមានបីជួរ៖
- លេខខាងជួរទី ១ ហៅថាស៊ីស្តូលិក៖ កម្រិតសម្ពាធឈាមពេលបេះដូងច្របាច់ ឬកម្រិតសម្ពាធអតិបរមា
- លេខខាងជួរទី ២ ហៅថាដ៉្យាស្តូលិក៖ កម្រិតសម្ពាធឈាមពេលបេះដូងរលា ឬកម្រិតសម្ពាធឈាមអប្បបរមា
- លេខខាងជួរទី ៣ ហៅថាផាល៖ ចង្វាក់បេះដូងក្នុងមួយនាទី (ចំនួនបេះដូងលោតក្នុងមួយនាទី)
ពេលវាស់សម្ពាធឈាម យើងមើលទាំងស៊ីស្តូលិក និងដ៉្យាស្តូលិក។ សម្ពាធឈាមចែកចេញជាបីប្រភេទគឺ៖– សម្ពាធឈាមធម្មតា (ល្អ)៖ សម្ពាធឈាមស៊ីស្តូលិកនៅចន្លោះពី ១១០ ទៅ ១៣០ មិល្លីម៉ែត្របារត ហើយសម្ពាធឈាមដ៉្យាស្តូលិកអាចចន្លោះពី ៧០ ទៅ ៩០ មិលីម៉ែត្របារត– លើសសម្ពាធឈាម (មានជំងឺលើសសម្ពាធឈាម)៖ សម្ពាធឈាមស៊ីស្តូលិកលើសពី ១៤០ មិល្លីម៉ែត្របារតឡើង ឬសម្ពាធឈាមដ៉្យាស្តូលិកលើសពី ៩០ មិល្លីម៉ែត្របារតឡើង– សម្ពាធឈាមចុះទាប (វិលមុខ ស្រវាំងភ្នែក ខ្សោយ)៖ សម្ពាធឈាមស៊ីស្តូលិកទាបជាង ៩០ មិល្លីម៉ែត្របារត ហើយសម្ពាធឈាមដ៉្យាស្តូលិកទាបជាង ៦០ មិល្លីម៉ែត្របារត។
យើងទម្លាប់ហៅខ្នាតមួយទៀតហៅថា សង់ទីម៉ែត្របារត។ ឧទាហរណ៍ សម្ពាធឈាម ៨ (សង់ទីម៉ែត្របារត) មានន័យថា ៨០ មិលីម៉ែត្របារត ហើយភាគច្រើនយើងចាប់អារម្មណ៍តែលេខខាងលើទេ តែមែនទែនទៅ យើងត្រូវមើលទាំងបីលេខ ជាពិសេសលេខជួរទី ១ និងទី ២។ ម្យ៉ាងទៀតសម្ពាធឈាមជាក់ស្តែងមិនមែនគត់ៗទេ អាច ៨២ ៩៣ ឬ១២២ ជាដើម។
៣. វ័យគួរវាស់សម្ពាធឈាម
ជាទូទៅចំពោះមនុស្សពេញវ័យគួរតាមដានសម្ពាធឈាមនៅអាយុ ១៨ ឆ្នាំឡើងទៅ ហើយចំពោះអ្នកដែលមិនដែរមានបញ្ហាសុខភាព ឬកត្តាប្រឈមមានជំងឺសរសៃឈាមបេះដូងគួរវាស់សម្ពាធឈាមរៀងរាល់ឆ្នាំ ឬពីរឆ្នាំម្តង។
ដោយឡែកអ្នកមានអាយុចាប់ពី ៤០ ឆ្នាំឡើងដែលមានន័យថា ចាប់ផ្តើមមានកត្តាប្រឈមនឹងជំងឺបេះដូង ឬសរសៃឈាមបេះដូងហើយ ឬអ្នកដែលអាយុក្រោម ៤០ ឆ្នាំដែលធាត់ ជក់បារី ឬមានបញ្ហាលើសជាតិខ្លាញ់ក្នុងឈាមគួរតាមដានសម្ពាធឈាមឱ្យបានញឹកញាប់ អាចមួយឆ្នាំម្តង ឬតាមការកំណត់របស់គ្រូពេទ្យ។
យើងគួរវាស់ និងតាមដានសម្ពាធឈាមជាប្រចាំទៅតាមការណែនាំរបស់គ្រូពេទ្យដើម្បីតាមដានសុខភាព ព្រោះការព្យាបាលជំងឺនៅដំណាក់កាលស្រាលមានការងាយស្រួល និងចំណាយតិច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]