ទឹកនោមផ្អែមគឺជាជំងឺរ៉ាំរៃមួយភេទ អាចកើត​មានលើគ្នាយើងដោយមិនដឹងខ្លួនប្រសិនជាមិនបានចាប់អារម្មណ៍នឹងរោគសញ្ញាដំបូងៗរបស់វា។ ជាទូទៅជំងឺទឹកនោមផ្អែមមាន​ប្រភេទ ទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ២ និង ទឹកនោមផ្អែមក្នុងកំលុងមានផ្ទៃពោះ។

ជំងឺទឹកនោមផ្អែមកើតឡើងដោយ ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមរ៉ាំរៃខ្ពស់ចាប់ពី១៣០មីល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ មូលហេតុគឺបណ្ដាលមកពីអ័រម៉ូនអាំងស៊ុយលីនមិនអាចធ្វើការបានល្អ ឬក៏បណ្ដាលមកពី សរីរាង្គលំពែងមិនអាចផលិតអ័រម៉ូននេះគ្រប់គ្រាន់ដើម្បីគ្រប់គ្រងជាតិស្ករនោះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺទឹកនោមផ្អែមគ្រប់ប្រភេទអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ ប្រសិនជាមិនបានព្យាបាលឲ្យបានត្រឹមត្រូវ និងដល់គោលដៅ។ តើមនុស្សប្រភេទណាដែលប្រឈមនឹងកើតជំងឺនេះ?

១.ទឹកនោមផ្អែមប្រភេទ១

ទឹកនោមផ្អែមប្រភេទ១ ជាទូទៅកើតឡើងចំពោះទារក និងកុមារ។ ជំងឺនេះបង្កឡើងដោយ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយប្រឆាំង​នឹងកោសិកាបេតារបស់លំពែងដែលមានតួនាទីផលិតអាំងស៊ុយលីន។ អ័រម៉ូនអាំងស៊ុយលីនត្រូវ​ថយ​ចុះ ក្រោយពេលកោសិកាបេតាត្រូវបំផ្លាញ ហើយក៏មិនអាចគ្រប់គ្រងជាតិស្ករគ្លុយកូសក្នុងឈាមបានទើបបណ្ដាល​ឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ១។

អ្នកប្រឈមនឹងកើតជំងឺទឹកនោមផ្អែមប្រភេទ១ មានកត្ដា២គឺ កត្ដាហ្ស៊ែន និង​បរិយាកាសខាងក្រៅដោយមាន​មេរោគផ្សេងៗ ទើបអាចបង្កឲ្យកើតជំងឺនេះបាន។

ជំងឺទឹកនោមផ្អែមប្រភេទ១ នៅមិនទាន់មានវិធីសាស្ដ្រព្យាបាលជាសះស្បើយនៅឡើយទេ ប៉ុន្ដែគេអាចព្យាលអ្នកជំងឺឲ្យមានសុខភាពល្អប្រសើរបានរស់នៅធម្មតា ដោយការចាក់បញ្ចូលអាំងស៊ុយលីនជាប្រចាំ បូករួមការផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន។

២.ទឹកនោមផ្អែមប្រភេទ២

ទឹកនោមផ្អែមប្រភេទ២ ភាគច្រើន កើតលើមនុស្សវ័យចំណាស់ រាប់ចាប់ពីវ័យ ៣៥ឆ្នាំឡើងទៅ។ ជំងឺនេះបង្កឡើងដោយ អាំងស៊ុយលីនមិនអាចបំពេញមុខងារបានល្អ ឬកម្រិតបរិមាណអាំងស៊ុយលីនថយចុះ មិនអាចគ្រប់គ្រងលើជាតិស្ករបាន។

អ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ មានដូចជា មនុស្សចាស់ អ្នកធាត់លើសទម្ងន់ អ្នកមានខ្លាញ់ក្បាលពោះច្រើន អ្នកជក់បារី ផឹកស្រា កើតស្ដ្រេសច្រើន គេងមិនលក់ មិនគ្រប់គ្រាន់ រាងកាយមិនសូវមានសកម្មភាពប្រើប្រាស់ថាមពល អ្នកមានប្រវត្ដិសមាជិកគ្រួសារកើតជំងឺទឹកនោមផ្អែមប្រភេទ២ ជាដើម។

ជំងឺទឹកនោមផ្អែមប្រភេទ២ មិនអាចព្យាបាលជាសះស្បើយនោះទេ ប៉ុន្ដែគេអាចកែប្រែស្ថានភាពអ្នកជំងឺឲ្យប្រសើរឡើងវិញបានដោយ ការផ្លាស់ប្ដូរទម្លាប់រស់នៅ ដូចជា ការញ៉ាំអាហារសុខភាព ទម្លាប់ហាត់ប្រាណ គេងឲ្យបាន​គ្រប់គ្រាន់ កាត់បន្ថយការផឹកស្រា និងឈប់ជក់បារី ពោលគ្រប់​គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យត្រូវតាមគោលដៅសុខភាព​ដែល​គ្រូពេទ្យ​បាន​ណែ​នាំ​។

៣.ទឹកនោមផ្អែមពេល​ពពោះ

ស្ដ្រីពពោះមួយចំនួនអាចប្រឈមនឹងការកើនឡើងជាតិស្ករក្នុងឈាម ការណ៍នេះគេឲ្យឈ្មោះថា gestational diabetes (ជំងឺទឺកនោមផ្អែមពេលពពោះ)។ ទឹកនោមផ្អែមប្រភេទនេះកើតឡើងដោយសារ ការបម្រែបម្រួល​អ័រម៉ូន ជាមួយ​ហ្ស៊ែន​ ក្នុងកំលុងពពោះនិង កត្ដាជីវភាពរស់នៅប្រចាំថ្ងៃមួយចំនួន។

ជំងឺនេះអាចកើតឡើង ហើយក៏អាចជាសះស្បើយទៅវិញបាននៅពេលដែលអ្នកជំងឺព្យាយាមគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ ហាត់ប្រាណឲ្យបានទៀងទាត់ ប្រើប្រាស់ថាមពលឲ្យបានត្រឹមត្រូវ តាមការណែរនាំគ្រូពេទ្យ។ ក្នុងករណីខ្លះប្រសិនជាអ្នកជំងឺមិនអាចគ្រប់គ្រងរបបអាហារបានល្អនោះទេ ជំងឺនេះក៏អាចវិវត្ដទៅជាជំងឺទឹកនោមផ្អែមប្រភេទ២​ បាន​​ដែរ។

បន្ថែមលើនេះទៅទៀត អ្នកជំងឺទឹកនោមផ្អែមពេលពពោះ ក៏អាចឈានដល់ដំណាក់កាល ចាក់អាំងស៊ុយលីនជាប្រចាំផងដែរ ប្រសិនបើសុខភាពអ្នកជំងឺមិនអាចប្រសើរឡើង ក្រោយអនុវត្ដតាមការណែនាំគ្រូពេទ្យ ដូចជាការរហាត់ប្រាណ ការញ៉ាំអាហារឲ្យត្រឹមត្រូវ។

លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី មានប្រសាសន៍ថា ចំពោះ​ស្ត្រី​ពពោះ​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម អាច​ចាក់​អាំង​ស៊ុយ​លីន​ត្រង់​ពោះ​បាន ហើយ​ត្រូវ​តែ​ចាក់​ដើម្បី​ការពារ​សុខភាព ក៏​ប៉ុន្តែ មិន​មែន​មាន​​ន័យ​ថា ពិនិត្យ​ឃើញ​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ភា្លមៗ ត្រូវចាក់អាំងស៊ុយលីន​​ភ្លាម​នោះ​ទេ។ ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា កើត​​ទឹក​នោម​ផ្អែម គឺ​ពេទ្យ​នឹង​ណែនាំ​ឲ្យ​អ្នកជំងឺធ្វើ​តាម​គោល​ការណ៍​មួយ​ចំនួន ដើម្បី​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ខ្លួន​​ដូច​ជា ផ្លាស់​ប្ដូរ​របប​អាហារ និង​ការហាត់​ប្រាណ ជាដើម​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]