អាការៈចុក ឆ្អល់ពោះក្រោយពេលញ៉ាំអាហារក្នុងចន្លោះពេល១០នាទី គ្នាយើងភាគច្រើន អាចទាយដឹងបានខ្លះថា នោះគឺបណ្ដាលមកពីបញ្ហាក្រពះ ដែលធ្វើការមិនបានល្អ ឬមានរោគសញ្ញានៃជំងឺអ្វីមួយដែលទាក់ទងនឹងក្រពះនេះឯង។ ការស្មានបែបនោះពិតជាត្រឹមត្រូវហើយ ប៉ុន្ដែមិនទាន់ត្រូវទាំងស្រុងនោះទេ ថ្ងៃនេះ Hello គ្រូពេទ្យ នឹងស្រាយចម្ងល់នេះឲ្យប្រិយមិត្ដទាំងអស់គ្នាបានយល់កាន់តែច្បាស់ថែមទៀត។
ការចុក ឆ្អល់ ក្រោយពេលញ៉ាំអាហារ មិនថាអាហារពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាចនោះទេ ភាគច្រើនត្រូវចាប់អារម្មណ៍លើចំណុចពីរសំខាន់ៗ គឺរបបអាហារ និង សុខភាពរាងកាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ការញ៉ាំអាហារច្រើនពេក និងលឿនពេក
បរិមាណអាហារក្នុងក្រពះក៏ត្រូវមានកំណត់ដែរ យើងមិនអាចញ៉ាំឲ្យលើសពីបរិមាណដែលក្រពះអាចផ្ទុក និងធ្វើការបាននោះទេ។ តួយ៉ាងយើងមានទម្លាប់ញ៉ាំបាយមួយចានឆ្អែត ប៉ុន្ដែពេលមួយយើងបង្កើនការញ៉ាំកើនដល់ទៅ ២ចាន ដូច្នេះទំហំក្រពះត្រូវរីកមាឌ និងធ្វើការលើសមត្ថភាព ដែលជាហេតុធ្វើឲ្យឈឺពោះក្រោយញ៉ាំអាហារ។
ការញ៉ាំអាហារលឿនពេក អាចបណ្ដាលឲ្យចង្វាក់នៃការបញ្ជូនអាហារចូលក្នុងក្រពះមានការរអាក់រអួល អាចមានខ្យល់ចូលក្នុងក្រពះ បង្កជាការហើមពោះ ក្រពះមិនអាចធ្វើការបានល្អដែរ។
ចំណុចទាំងពីរនេះ សម្រាប់អ្នកដែលមានទម្លាប់ហើមពោះ ឈឺពោះ ឆ្អល់ពោះក្រោយពេលញ៉ាំបាយ អាចសង្កេតមើលបាន ហើយបើមានអាការៈដូចការបង្ហាញ ចូលកាត់បន្ថយទាំងល្បឿន និងបរិមាណនៃការញ៉ាំឲ្យបានត្រឹមត្រូវស្របតាមសុខភាព។
២. ការអាលែកហ្ស៊ីអាហារ
អាហារមួយចំនួនអាចបង្កការអាលែកហ្ស៊ី ហើយក៏អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី។ កត្ដានេះក៏ធ្វើឲ្យអ្នកញ៉ាំប្រឈមនឹងការឈឺពោះក្រោយពេលញ៉ាំអាហាររួចចន្លោះពី ២ទៅ ៥នាទី បន្ទាប់មកវាអាចវិវត្ដទៅជារាក និងអស់កម្លាំង។ ក្នុងករណីស្រាល អាចបាត់ទៅវិញដោយខ្លួនឯង ប៉ុន្ដែក្នុងករណីធ្ងន់ធ្ងរ ផ្អែកលើអាការៈជាក់ស្ដែង ត្រូវប្រញ៉ាប់នាំទៅមន្ទីរពេទ្យ ឲ្យបានលឿន ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ ករណីនេះច្រើនកើតមានចំពោះអ្នកមានបញ្ហាអាលែកហ្ស៊ីគ្រឿងសមុទ្រ។
៣. អាហារគ្មានអនាម័យ
អាហារមួយចំនួនមិនស័ក្ដិសមសម្រាប់ញ៉ាំនោះឡើយ ដូចជាពពួកអាហារតាមចិញ្ចើមផ្លូវដែលខ្វះការការពារបានល្អ ប្រឈមនឹងពពួកបាក់តេរី ក្នុងបរិយាកាស។ មួយវិញទៀត ប្រភេទអាហារដែលចម្អិនមិនឆ្អិនល្អ និងគ្មានអនាម័យ ពពួកអាហារទាំងនោះក៏អាចបណ្ដាលឲ្យអ្នកញ៉ាំចុកពោះភ្លាម ក្រោយពេលញ៉ាំចន្លោះពី ៣ទៅ ៥នាទី។
៤. បញ្ហាសុខភាព
ក្រៅពីរបបអាហារ ក៏នៅមានបញ្ហាសុខភាពរួមចំណែកផងដែរ ដូចជា៖-ជំងឺច្រាលទឹកអាស៊ីតក្នុងក្រពះ-រលាកពោះវៀនរ៉ាំរៃ-រលាកលំពែង-ក្រួសក្នុងប្រមាត់-បញ្ហាទល់លាមក-ឈាមមិនអាចទៅចិញ្ចឹមផ្នែកពោះវៀនគ្រប់គ្រាន់
តើអាហារហឹរអាចធ្វើឲ្យរលាកក្រពះដែរទេ?
អាហារហឹរក្នុងកម្រិតដែលអាចញ៉ាំបាន គឺមិនអាចធ្វើឲ្យរលាកក្រពះនោះទេ។ ប៉ុន្ដែអាហារហឹលអាចធ្វើឲ្យអ្នកញ៉ាំ ចេញអាការៈឈឺចាប់ ក្រហាយ បានប្រសិនបើអ្នកញ៉ាំមានជំងឺរលាកក្រពះពោះវៀនរ៉ាំរៃ។ ចំណុចនេះគួរសង្កេតប្រសិនបើអ្នកមានអាការៈឈឺចាប់ក្រោយពេលញ៉ាំហឹរ នោះបង្ហាញថាអ្នកមានជំងឺរលាកក្រពះហើយ។ ដូច្នេះគួរកាត់បន្ថយការញ៉ាំហឹរ បូករួមទាំងអាហារខ្លាញ់ ដើម្បីរក្សាសុខភាពឲ្យបានល្អ។
តើពេលណាគួរទៅជួបគ្រូពេទ្យ?
ឈឺចាប់ក្នុងរាងកាយមិនថាស្ថិតនៅផ្នែកខាងណានោះទេ គឺបង្ហាញថាសុខភាពកំពុងតែមានបញ្ហាខុសប្រក្រតីហើយ។ គ្នាយើងអាចតាមដានទម្លាប់នៃការញ៉ាំអាហារប្រចាំថ្ងៃជាមុនសិន ហើយក្នងករណីអាការៈទាំងនេះកើតឡើងលើសពី៣ដង ឬចន្លោះ១សប្ដាហ៍ ចូរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិភាក្សា ពិនិត្យ និង ទទួលការព្យាបាល ព្រោះវាអាចជាសញ្ញាចាប់ផ្ដើម នៃជំងឺណាមួយនៃប្រព័ន្ធរំលាយអាហារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]