បុណ្យភ្ជំុបិណ្ឌ គឺជាពិធីបុណ្យនឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា «ពិធីសែនដូនតា» ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ ដែលជួបប្រទះនៅសិលាចរឹក ចារឹកនៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យព្រះកឹង មានន័យថា ព្រះភូមិ ឬ យមទូត ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា ។
ជាមួយគ្នានេះ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង។
ក្នុងនោះផងដែរ ប្រជាពលរដ្ឋខ្មែរយើងមិនដែលរំលងឡើយក្នុងការរៀបចំចម្អិនម្ហូប ផ្សេងៗដើម្បីជាចង្ហាន់យកទៅវត្តនារដូវភ្ជុំបិណ្ឌ។ ដោយឡែកនៅថ្ងៃកាន់បិណ្ឌទីមួយ ពុទ្ធសាសនិកខ្មែរតែងមានជំនឿលើមុខម្ហូបមួយមុខ ដែលមានប្រវត្តិទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ ជាពិសេសគឺពពួកប្រេតតែម្ដង។ ពោល គឺ ឆាមីសួរ ជាមុខម្ហូបមួយស្រួលធ្វើនិងរហ័សមិនសាំញាំច្រើនដូចម្ហូបដទៃទៀត ម្ហូបមួយនេះ មានប្រវត្តិចាក់ស្រេះ និងជំនឿដ៏យូរលង់ណាស់មកហើយ។
បើតាមការរៀបរាប់ពីចាស់ៗ ក្នុងផ្ទះនិងនៅតាមវត្តអារាមបានមានប្រសាសន៍ថា ឆាមីសួរជាម្ហូបដែលពពួកប្រេតអាចហូបបានជាងម្ហូបណាទាំងអស់។ ដោយសារប្រេតខ្លះ មានមាត់តូចជាងម្ជុល មិនអាចបរិភោគម្ហូបអាហារបានតាមចិត្តដូចប្រេតផ្សេងៗបានទេ មូលហេតុក៏ដោយសារប្រេតនេះមានកម្មក្រាស់ជាងប្រេតផ្សេង ទើបតម្រូវឲ្យមានតូចជាម្ជុល ពិបាកហូប ពិបាកផឹកទឹក និងពិបាកដកដង្ហើមជាងគេ។ ដូចនេះហើយ ទើបកូនចៅស្រករៗក្រោយ ដែលមានជំនឿជាប់ តែងនិយមធ្វើឆាមីសួរទៅវត្តនៅថ្ងៃកាន់បិណ្ឌទីមួយ មិនដែលអាក់ខានឡើយ។ ជាពិសេស ដើម្បីបានប្រគេនទៅដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា និងជឿថា ម្ហូបពិសេសនេះ នឹងអាចទៅដល់ដូនតាពួកគេ ដែលមិនដឹងថាទៅកើតជាអ្វីឬយ៉ាងណានោះទេ។
យ៉ាងណាមិញ បើតាមល្បើកប្រេតរបស់លោក សុង ស៊ីវ បានបញ្ជាក់ថា ប្រេតក្នុងលោកនេះមានចំនួន ១២ ប្រភេទ ហើយប្រេត សូចិមុខ ជាប្រេតដែលមានមាត់ប៉ុនម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាស់ចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់ មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]