អ្នកជំងឺទឹកនោមផ្អែមរឿងសំខាន់ត្រូវធ្វើនោះគឺ ការតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ។ ព្រោះអាចដឹងច្បាស់ពីកម្រិតជាតិស្ករ នោះយើងក៏អាចគ្រប់គ្រង ហានិភ័យប្រឈមដែលបម្រុងនឹងកើតឡើង ពេលកម្រិតជាតិស្ករយើងមានការប្រែប្រួល។

អត្ថប្រយោជន៍សំខាន់ៗដែលទទួលបានពីការតេស្ដជាតិស្ករជាប្រចាំមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ជួយឲ្យយើង អាចតាមដានដឹងពីប្រសិទ្ធភាពថ្នាំបញ្ចុះជាតិស្ករបានល្អ
  • ជួយឲ្យយើងដឹងពីការប្រែប្រួលនៃសន្ទសន៏ជាតិស្ករច្បាស់លាស់
  • ជួយឲ្យយើងអាចគ្រប់គ្រងកម្រិតជាតិស្ករទាន់ពេល
  • ជួយឲ្យយើងអាចដឹងច្បាស់ពីប្រភេទរបបអាហារ ដែលគួរញ៉ាំ និង មិនគួរញ៉ាំ
  • ជួយឲ្យយើងដឹងពីកត្ដាបង្កឲ្យឡើងជាតិស្ករមួយចំនួនដូចជា ស្ដ្រេស គេងមិនលក់។

តើពេលណាអ្នកកើតជំងឺទឹកនោមផ្អែមគួរតេស្ដជាតិស្ករ?

ជាធម្មតាអ្នកកើតជំងឺទឹកនោមផ្អែមត្រូវទទួលការណែរនាំពីគ្រូពេទ្យដែលប្រចាំការថែទាំ និង ប្រាប់ពីពេលវេលាសម្រាប់ធ្វើតេស្ដ។ ហើយការធ្វើតេស្ដមើលជាតិស្ករសម្រាប់ទឹកនោមផ្អែមទាំងពីរប្រភេទក៏មានលក្ខណៈខុសគ្នាដែរ។ ប៉ុន្ដែយ៉ាងណាក៏ដោយ តាមការណែរនាំ របស់គ្រូពេទ្យភាគច្រើន អ្នកជំងឺទឹកនោមផ្អែមគួរតែធ្វើតេស្ដជាតិស្ករនៅចន្លោះពេលទាំងនេះគឺល្អ៖

អ្នកកើតទឺកនោមផ្អែមប្រភេទ១

អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមនឹងការធ្វើតេស្ដជាតិស្ករច្រើនដងក្នុងមួយថ្ងៃអាចចន្លោះពី ៤ ទៅ ១០ ក្នុងករណីចាំបាច់។

  • មុនពេលញ៉ាំអាហារ ឬចំណីផ្សេងៗ
  • មុនពេល និង ក្រោយពេលហាត់ប្រាណ
  • មុនពេលគេង
  • ពេលយប់ (យូរៗម្ដង)
  • ធ្វើតេស្ដញឺកញាប់ ប្រសិនមានអាការៈមិនសូវស្រួល
  • ធ្វើតេស្ដញឹកញាប់ប្រសិនជាផ្លាស់ប្ដូរពេលវេលា ទទួលទានអាហារ
  • ធ្វើតេស្ដញឹកញាប់ប្រសិន ត្រូវប្ដូរថ្នាំ

អ្នកកើតទឹកនោមផ្អែមប្រភេទ២

សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ ២ មិនទាន់ឈានដល់ការចាក់អាំងស៊ុយលីន ដោយគ្រាន់តែហាត់ប្រាណ និង គ្រប់គ្រងរបបអាហារជាប្រចាំ នោះមិនមិនចាំបាច់ ធ្វើតេស្ដប្រចាំថ្ងៃនោះទេ ក្នុងករណីដែលអ្នកជំងឺ មិនមានអាការៈប្រែប្រួលសុខភាព ឬបង្ហាញរោគសញ្ញាគួរកត់សម្គាល់ណាមួយ។ ប៉ុន្ដែសម្រាប់អ្នកជំងឺចាក់អាំងស៊ុយលីនជាប្រចាំ គឺត្រូវតាមដានជាប្រចាំថ្ងៃដែរអាចភាគច្រើន គ្រូពេទ្យតម្រូវឲ្យធ្វើតេស្ដយ៉ាងហោច២ដងក្នុងមួយថ្ងៃ អាចមុនអាហារពេលព្រឹក ឬពេលល្ងាច និង ពេលយប់ក៏មាន។

ដោយឡែកក្នុងករណីអ្នកជំងឺប្រើប្រាស់ម៉ាស៊ីនតាមដានកម្រិតជាតិស្ករ CGM ស្វ័យប្រវត្ដិនោះអ្នកជំងឺមិនសូវរវល់នឹងការធ្វើតេស្ដជាតិស្ករញឹកនោះទេ ព្រោះបច្ចេកវិទ្យាចុងក្រោយនៃម៉ាស៊ីននេះ ផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺដូចជា វាអាចត្រួតពិនិត្យដឹងពីកម្រិតជាតិស្ករក្នុងឈាម និងអាចចាក់បញ្ចូលអាំងស៊ុយលីនស្របតាមតម្រូវការរាងកាយ។ ម៉ាស៊ីននេះច្រើនប្រើសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១។ ព្រោះអ្នកទឹកនោមផ្អែមប្រភេទ១ មានបញ្ហា សរីរាង្គលំពែងមិនអាចផលិតអាំងស៊ុយលីនគ្រប់សម្រាប់ប្រើប្រាស់ ប៉ុន្ដែសម្រាប់អ្នកទឹកនោមផ្អែមប្រភេទ២ គឹមានបញ្ហាស៊ាំនឹងអាំងស៊ុយលីន គឺអាំងស៊ុយរបស់គាត់មិនអាចប្រើការបាន។  

តើត្រូវធ្វើតេស្ដជាតិស្កររបៀបណា?

អ្នកជំងឺទឹកនោមផ្អែមដែលទទួលបានការព្យាបាលថែទាំត្រឹមត្រូវ នោះក្រុមគ្រូពេទ្យនឹងធ្វើការណែនាំ អំពីវិធីនៃការធ្វើតេស្ដតាមដានជាតិស្ករដោយខ្លួនឯងជាប្រចាំ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី យើងក៏គួរតែដឹងច្បាស់ខ្លះៗដោយខ្លួនឯងដែរ។

ជាទូទៅការតេស្ដជាតិស្ករក្នុងឈាមត្រូវប្រើប្រាស់ឧបករណ៍ ហើយឧបករណ៍តេស្ដមានច្រើនប្រភេទ ប៉ុន្ដែការប្រើប្រាស់មានភាពស្រដៀងៗគ្នា។ ជំហ៊ានដំបូងនៃការធ្វើតេស្ដ អ្នកជំងឺត្រូវលាងដៃឲ្យបានស្អាតជាមុនសិន បន្ទាប់​មកប្រើប្រាស់ឧបករណ៍ ចាក់នៅចុងម្រាមដៃឲ្យចេញឈាម ពេលនោះឧបករណ៍នឹងបង្ហាញពីទិន្ន័យ កម្រិតជាតិស្ករដែលមាន។

អ្នកជំងឺត្រូវតាមដាន និង កត់ចំណាំរាល់ទិន្ន័យរាល់ពេលធ្វើតេស្ដម្ដងៗ ព្រោះកាលដែលយើងអាចកត់ចំណាំបានច្បាស់លាស់វាងាយស្រួលឲ្យយើងតាមដានវាកាន់តែច្បាស់ ក្នុងករណីខ្លះប្រសិនបើរង្វាស់ ជាតិស្ករយើងកើនឡើង ឬថយចុះយើងមានទិន្ន័យផ្ទៀងផ្ទាត់សម្រាប់ធ្វើការវិនិច្ឆ័យបន្ថែមទៀត។ ដូច្នេះ អ្នកជំងឺអាចតាមដានកម្រិតជាតិស្ករ និង ថែទាំសុខភាពដោយខ្លួនឯងបានយ៉ាងល្អ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]