ភ្នំពេញ៖ ក្រុមហ៊ុន Zillennium Group ដែលជាបណ្តុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានសម្រេចកិច្ចសហការជាមួយនិយ័តករមូលបត្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច ដើម្បីបញ្ជ្រាបការយល់ដឹងពីសក្តានុពលនៃវិស័យមូលបត្រ វិស័យបរធនបាលកិច្ច ទៅដល់សារធារណជនឱ្យបានកាន់តែទូលំទូលាយ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Raffle Le Royal។​ MoU នេះមានការចូលរួមចុះហត្ថលេខាដោយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច, លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Zillennium Group, លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, លោក Gao Shan នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុមហ៊ុ​ន ហ្សីលាន ត្រាស់ ម.ក និង​លោក ឡែម ចាន់សំរេច នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងក្នុងពិធីចុះហត្ថលេខា​ លោក គុយ វ៉ាត ប្រធានក្រុមបប្រឹក្សាភិបាល ក្រុមហ៊ុនហ្សីលាននាម ឯ.ក បានមានប្រសាសន៍ ដោយចាត់ទុកកិច្ចសហការនៅថ្ងៃនេះ គឺជាខិតខំប្រឹងប្រែងក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ចទៅដល់សាធារណជន ការកសាងសមត្ថភាព ការចែករំលែកចំណេះដឹងនិងជំនាញ និងការទាក់ទាញការចូលរួមឱ្យកាន់តែច្រើន និងការវិនិយោគនៅក្នុងវិស័យទាំងពីរនេះ។

លោកថ្លែងថា៖

លោកបន្ថែមថា​ វិស័យអចលនទ្រព្យមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ច ហើយការរីកលូតលាស់នៃវិស័យទាំងពីរនេះ នឹងជួយបំពេញភាពរីកចម្រើនដល់គ្នាទៅវិញទៅមក សម្រាប់វិស័យអចលនទ្រព្យ។​

ក្រុមហ៊ុន Zillennium Group គឺជាបណ្តុំអ៊ីកូស៊ីស្តឹម (ecosystem) ក្នុងវិស័យអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកធុរកិច្ចវ័យក្មេង ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធន៍បូកបញ្ចូលគ្នារហូតដល់ទៅ ៩០ ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ និងការគ្រប់គ្រងមុខជំនួញទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ក្រុមហ៊ុន ហ្សីលាន ត្រាស់ ម.ក ដែលផ្តល់សេវាកម្មថែរក្សាទ្រព្យសម្បត្តិជំនួសក្នុងគម្រោងវិនិយោគរួមនៅកម្ពុជា ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច​ ហើយក្រុមហ៊ុននេះ គឺជាផ្នែកមួយនៃចង្កោមក្រុមហ៊ុនទាំង ៣០ នៃអ៊ីកូស៊ីស្តឹម របស់ក្រុមហ៊ុន ក្រុមហ៊ុនហ្សីលាននាម ឯ.ក។ ចំណែកក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក​ ទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជាកាលពីឆ្នាំ២០១៩ មានតួនាទីជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។​​

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានមានប្រសាសន៍ថា ការចុះអនុស្សារណៈយោគយល់គ្នានាពេលនេះ គឺជាការបើកទំព័រថ្មីមួយរវាងវិស័យឯកជន និងស្ថាប័នរដ្ឋាភិបាល ដែលសម្រេចបាននូថវកិច្ចសហការដ៏សំខាន់ និងជាស្មារតីរួមមួយ​ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីសក្តានុពលវិស័យមូលបត្រ និងបរធនបាលកិច្ចទៅដល់សាធារណជន ជាពិសេសទៅដល់សមាជិករបស់ ក្រុមហ៊ុនហ្សីលាននាម ឯ.ក ដែលជាវិនិយោគិន និងធុរជន ក្នុងការស្វែងយល់ពីការអភិវឌ្ឍថ្មីៗ និងដើម្បីរៀបចំខ្លួនចូលរួមវិនិយោគក្នុងវិស័យបរធនបាលកិច្ច។ ​

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច

ឯកឧត្តមថ្លែងថា៖

ឯឧត្តម សុខ ដារ៉ា បានបញ្ជាក់ថា កត្តានេះនឹងក្លាយជាជម្រើសវិនិយោគដ៏សំខាន់មួយតាមរយៈការប្រើប្រាស់ក្រុមហ៊ុនជំនាញដែលទទួលបានអាជ្ញាប័ណ្ណដោយមានការទទួលស្គាល់ស្របច្បាប់ ហើយយន្តការបែបនេះនឹងជួយបង្កើនទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគ និងទាក់ទាញរំហូរវិនិយោគពីក្រៅប្រទេស។

និយ័តករបរធនបាលកិច្ច ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ហើយត្រូវបានបង្កើតឡើងក្រោមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០២១។ រហូតមកដល់បច្ចុប្បន្នមានបរធនបាលកិច្ចចំនួន ៥២ ទទួលបានការចុះបញ្ចីជាមួយ និយ័តករបរធនបាលកិច្ច។

ក្នុងចំណោមនោះ ក្រុមហ៊ុន ហ្សីលាន ត្រាស់ ម.ក ដែលទើបទទួលបាន វិញ្ញាបនបត្រចុះបញ្ជី​ជាប្រតិបត្តិករបរធនបាលនៃ​គម្រោងវិនិយោគ​រួម នឹងផ្តល់សេវាកម្មសំខាន់ៗមានដូចជា​ សេវាបរធនបាលពាណិជ្ជកម្មក្នុងការថែរក្សា គ្រប់គ្រង ក៏ដូចជាធ្វើជាតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិបរធនវិនិយោគក្នុងគម្រោងវិនិយោគរួម។​ បន្ថែមលើនេះ ក្រុមហ៊ុនផ្តល់សេវាបរធនបាលកិច្ច​បុគ្គល ដែលជាសេវាផ្តល់លើការឈរឈ្មោះជាកម្មសិទ្ធិករឱ្យជនបរទេសដែលចង់ទិញអចលនទ្រព្យដូចជាដីធ្លី និងផ្ទះ ដោយអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងការធ្វើប្រតិបត្តិការបរធនបាលកិច្ចនៅកម្ពុជា។

លោក Gao Shan នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុហ៊ុ​ន ហ្សីលាន ត្រាស់ ម.ក ​

នាយកផ្នែកទំនាក់ទំនងធុរៈកិច្ចក្រុមហ៊ុ​ន ហ្សីលាន ត្រាស់ ម.ក ​លោក Gao Shan បានលើកឡើងថា ប្រតិបត្តិការក្រុមហ៊ុនក្នុងវិស័យបរធនបាលកិច្ច នឹងរួមចំណែកជំរុញឱ្យមានការទិញអចលនទ្រព្យពីជនជាតិបរទេស ក៏ដូចជាធ្វើឱ្យកំណើនរំហូរចូលនៃទុនវិនិយោគមកកម្ពុជាកាន់តែច្រើនផងដែរ។​ មូលហេតុគឺដោយសារ​ថា បរធនបានកិច្ច ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដទៃទៀត ដែលអាចឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជាបានដោយស្របច្បាប់ ហើយតាមរយៈបរធនបាលកិច្ចនេះ ហ្សីលាន ត្រាស់ អាចឈរឈ្មោះជាកម្មសិទ្ធិករតំណាងឱ្យបុគ្គល ឬជាក្រុមហ៊ុនដល់ជនបរទេស។ ​

លោកបបន្ថែមថា៖

ក្រុមហ៊ុនបរធនបាលដើរតួជាអ្នកថែរក្សានឹងគ្រប់គ្រងទ្រព្យសម្បត្តិ ដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដី ឬផ្ទះនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ ហើយបរធនបាលកិច្ចនេះ គឺតម្រូវចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលយន្តការទាំងនេះគឺកាន់តែផ្តល់​ទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគ ជាពិសេសវិនិយោគិនជនបរទេសដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

យោងតាមច្បាប់ស្តីពីបរធនបាលកិច្ច ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅដើមខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា បរធនបាលកិច្ចត្រូវបានបែងចែកជា ៤ប្រភេទ មានដូចជា បរធនបាលកិច្ចពាណិជ្ជកម្ម​ បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាលកិច្ច ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សេងៗគ្នា។ តួយ៉ាង បរធនបាលកិច្ចពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញសម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬបុគ្គលណាមួយជាក់លាក់ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច។​​

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានចូលរួមក្នុងពិធីចុះ​ MoU ផងដែរនោះ​ បានលើកឡើងថា កិច្ចសហការនាពេលនេះបានឆ្លុះបញ្ចាំង​ពីការយកចិត្តទុកយ៉ាងសំខាន់ពីស្ថាប័នរដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែងដល់វិស័យឯកជនក្នុងការបង្កើតយន្តការវិនិយោគថ្មីៗ ជាពិសេសការវិនិយោគក្នុងវិស័យអចលនទ្រព្យតាមរយៈវិស័យបរធនបាលកិច្ច។ យន្តការទាំងនេះនឹងបង្កលក្ខណៈងាយស្រួល និងកាន់តែទូលំទូលាយដល់អ្នកវិនិយោគ ជាពិសេសបង្កើនភាពទាក់ទាញរំហូរវិនិយោគពីក្រៅប្រទេសកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន

លោកបន្តថា៖

លោកបន្ថែមថា ការទិញដីវិនិយោគបែបនេះ គឺសុទ្ធសឹងតែត្រូវការក្រុមហ៊ុនបរធនបាល ​ដែលផ្តល់សេវាកម្មជឿជាក់បាន អាចតំណាងជាកម្មសិទ្ធិករដល់អ្នកវិនិយោគបរទេស ដើម្បីអភិវឌ្ឍទីតាំងដីនៃគម្រោងវិនិយោគនោះ៕​

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]