បញ្ហាមុន ជាការរលាកស្បែករ៉ាំរ៉ៃ ដែលច្រើនតែកើតលើផ្ទៃមុខ ប៉ុន្តែក៏អាចកើតលើស្មា ខ្នង ក ទ្រូង និងដើមដៃផងដែរ។ ពិតណាស់ មានមូលហេតុផ្សេងៗជាច្រើនដែលនាំឲ្យកើតមុន។ ក្នុងករណីដែលស្រីៗយើង កើតមុនតែនៅលើកន្លែងខ្លះនៃផ្ទៃមុខ នោះអាចបង្កឡើងដោយសារបាក់តេរី និងធូលីដីដែលនៅជុំវិញខ្លួន។ យ៉ាងណាមិញ គ្នាយើងអាចសាកល្បងតិចនិកមួយចំនួន ដើម្បីបង្ការបញ្ហាមុននេះប្រកបដោយប្រសិទ្ធភាព។
គន្លឹះបង្ការបញ្ហាមុនតែនៅលើផ្នែកខ្លះនៃផ្ទៃមុខ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជូតសម្អាតទូរស័ព្ទដៃឲ្យស្អាតជានិច្ច
ពិតណាស់ ទូរស័ព្ទដៃផ្ទុកបាក់តេរី និងមេរោគជាច្រើន ហើយដាក់ទូរស័ព្ទដៃនៅលើផ្ទៃមុខ និងនិយាយរយៈពេលយូរ អាចបន្សល់ទុកធូលីដី និងបាក់តេរីនៅក្នុងរន្ធញើស ដែលជាហេតុនាំឲ្យស្ទះរន្ធញើស និងបង្កជាបញ្ហាមុនបាន។ ហេតុនេះយើងត្រូវសម្អាតទូរស័ព្ទដៃឲ្យស្អាតជានិច្ច។
២. បោកគក់ស្រោមខ្នើយជាទៀងទាត់
ទន្ទឹមនឹងនេះដែរ ខ្នើយដែលយើងគេងកើយជារៀងរាល់យប់ អាចកកកុញទៅដោយធូលីដី ក៏ដូចជាខ្លាញ់ពីផ្ទៃមុខយើង ព្រមទាំងផលិតផលថែរក្សាស្បែកផ្សេងៗ។ មួយវិញទៀត ស្រោមខ្នើយដែលធ្វើពីកប្បាស ងាយប្រមូលផ្ដុំបាក់តេរី និងភ្នាក់ងារបង្កអាលែកហ្ស៊ី ដែលបណ្ដាលឲ្យស្បែកងាយនឹងកើតមុន។ ដូច្នេះហើយ គ្នាយើងគួរផ្លាស់ប្ដូរស្រោមខ្នើយឲ្យបានញឹកញាប់ និងជារៀងរាល់២ ឬ៣ថ្ងៃម្ដង ទើបជាការប្រសើរ។
៣. ជៀសវាងប៉ះពាល់ផ្ទៃមុខពេលដៃកខ្វក់
គ្នាយើងដឹងអត់ថា ការប៉ះពាល់ផ្ទៃមុខញឹកញាប់ ដោយមិនបានលាងសម្អាតដៃឲ្យបានស្អាតជាមុន អាចនាំឲ្យបាក់តេរី និងធូលីដីឆ្លងទៅកាន់ផ្ទៃមុខបាន ដែលបង្កឲ្យមានការកើតមុនបានយ៉ាងងាយ។
៤. ចងសក់ឲ្យបានត្រឹមត្រូវ
នៅពេលដែលយើងមិនចងសក់ឲ្យបានត្រឹមត្រូវទេនោះ សក់ដែលឡើងប្រេង អាចប៉ះនឹងផ្ទៃមុខ ព្រមទាំងអាចបង្កជាការស្ទះរន្ធញើស។ ជួនកាល ផលិតផលថែរក្សាសក់ រួមមានស្រ្ពៃយ៍បាញ់សក់ ជែល ឬប្រេងលាបសក់ ក៏អាចបណ្ដាលឲ្យស្បែកប្រតិកម្ម និងឡើងប្រេងលើសកម្រិត ជាហេតុនាំឲ្យកើតមុនលើថ្ងាសដូចគ្នា។
ចំណុចសំខាន់
ស្រីៗយើងខ្លះ ឧស្សាហ៍កើតមុនតែនៅផ្នែកខ្លះនៃផ្ទៃមុខប៉ុណ្ណោះ ដែលបញ្ហានេះអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖
- ប្រើទូរសព្ទដៃកខ្វក់ និងមិនបានជូតសម្អាត
- មិនបានបោកគក់ស្រោមខ្នើយឲ្យបានទៀងទាត់
- ចូលចិត្តយកដៃស្ទាបអង្អែលផ្ទៃមុខដោយមិនបានលាងសម្អាតដៃជាមុន
- មិនបានចងសក់ឲ្យបានត្រឹមត្រូវ។
ដូច្នេះហើយ ដើម្បីបញ្ចៀសបញ្ហាមុនមួយនេះ យើងគួរតែជៀសវាងប្រការទាំង៤យ៉ាងខាងលើ។ ប៉ុន្តែ ក្នុងករណីដែលកើតមុនធ្ងន់ធ្ងរ និងមិនបាត់ទៅវិញសោះ គ្នាយើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យខាងរោគសើស្បែក ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]