កាល់ស្យូមគឺមានសារៈសំខាន់ណាស់សម្រាប់សុខភាព។ កាល់ស្យូមជួយដល់ឆ្អឹង ធ្មេញ បេះដូង មុខងារសាច់ដុំ និងការបញ្ជូនសញ្ញាសរសៃប្រសាទ។ សម្រាប់មនុស្សពេញវ័យត្រូវញ៉ាំកាល់ស្យូម១០០០មីល្លិក្រាមក្នុងមួយថ្ងៃ។ រីឯស្ត្រីអាយុចាប់ពី៥០ឆ្នាំឡើងទៅគួរញ៉ាំឲ្យបាន១ ២០០មីល្លិក្រាមក្នុងមួយថ្ងៃ និងកុមារចាប់ពីអាយុ៤ដល់១៨ឆ្នាំគួរញ៉ាំឲ្យ១ ៣០០មីល្លិក្រាម។ អាហារដែលសំបូរដោយកាល់ស្យូមមាន៖
១. គ្រាប់ជីរ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រាប់ជីរពីរស្លាបព្រាកាហ្វេផ្តល់កាល់ស្យូម ១៧៩មីល្លិក្រាម។ គ្រាប់ជីរក៏មានសារធាតុ boron ដែលជួយដល់សុខភាពឆ្អឹង និងសាច់ដុំដោយជួយរាងកាយធ្វើមេតាប៉ូលីសកាល់ស្យូម ផូស្វ័រ និងម៉ាញ៉េស្យូម។
២. ទឹកសណ្ដែក
ទឹកសណ្ដែកបន្ថែមវីតាមីនមួយពែង (២៣៧មីលិ្លលីត្រ)មានកាល់ស្យូម 300មីល្លិក្រាម។ ទឹកសណ្ដែកគឺមានវីតាមីន D ច្រើន តែមានជាតិខ្លាញ់តិចជាងទឹកដោះគោ។
៣. គ្រាប់អាល់ម៉ុង
គ្រាប់អាល់ម៉ុងមួយពែង (១៤០ក្រាម) មានកាល់ស្យូម ៣៨៥មីល្លិក្រាមដែលច្រើនជាងកម្រិតត្រូវការប្រចាំថ្ងៃរហូតដល់មួយភាគបី។ គ្រាប់អាល់ម៉ុងមានខ្លាញ់ល្អសម្រាប់សុខភាព ប៉ុន្តែគ្រាប់នេះកាឡូរីខ្ពស់។ ដូចនេះហើយគួរកំណត់បរិមាណនៃការញ៉ាំមកត្រឹមប្រហែល៥០ក្រាមក្នុងមួយថ្ងៃបានហើយ។
៤. តៅហ៊ូ
តៅហ៊ូមានបរិមាណកាល់ស្យូមច្រើន។ តៅហ៊ូមួយពែង (១២៦ក្រាម) ផ្តល់កាល់ស្យូម ៨៦%នៃកម្រិតត្រូវការប្រចាំថ្ងៃស្មើនឹង ៨៦០មីល្លិក្រាម។
៥. គ្រាប់ផ្កាឈូករ័ត្ន
គ្រាប់ផ្កាឈូករ័ត្នមួយពែង (១៣៣ក្រាម) ផ្តល់កាល់ស្យូម ១០៩ក្រាម។ គ្រាប់ផ្កាឈូករ័ត្នក៏សំបូរដោយម៉ាញ៉េស្យូម វីតាមីន E និងស្ពាន់។ សារធាតុទាំងនេះជួយឲ្យឆ្អឹងរឹងមាំ និងបង្ការជំងឺពុកឆ្អឹង។ គួរបញ្ជាក់ផងដែរថាយកល្អគួរជ្រើសរើសគ្រាប់ផ្កាឈូករ័ត្នដែលមិនមានអំបិលច្រើន។
៦. ល្ង
ការញ៉ាំល្ងមួយស្លាបព្រាកាហ្វេបន្ថែមកាល់ស្យូមក្នុងរបបអាហារដល់ទៅ៨៨មីល្លិក្រាម។ ល្ងក៏មានផ្ទុកស័ង្កសី និងស្ពាន់ ដែលសុទ្ធតែមានប្រយោជន៍ដល់សុខភាពឆ្អឹង។
៧. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវមួយពែង (ប្រហែល ១៧៥ក្រាម)មានកាល់ស្យូម ៨៧មីល្លិក្រាម។ របបអាហារដែលមានផ្កាខាត់ណាខៀវច្រើនអាចកាត់បន្ថយហានិភ័យជំងឺមហារីក។
៨. ដំឡូងជ្វា
ដំឡូងជ្វាមួយមើមអាចមានកាល់ស្យូម ៦៨មីល្លិក្រាម ហើយដំឡូងជ្វាក៏សំបូរដោយប៉ូតាស្យូម វីតាមីន A និង Cដែរ។
៩. ពោតបារាំង
ពោតបារាំងមួយពែង (១០០ក្រាម) ផ្ទុកកាល់ស្យូម ៨២មីល្លិក្រាម។ ក្រៅពីកាល់ស្យូម ពោតបារាំងមានផ្ទុកប្រូតេអ៊ីន ជាតិសរសៃ ជាតិដែក និងស័ង្កសី។
១០. ផ្លែក្រូច និងទឹកក្រូចស្រស់
ផ្លែក្រូចធំមួយមានកាល់ស្យូម ៧៥មីល្លិក្រាម ខណៈដែលទឹកក្រូចដែលបន្ថែមកាល់ស្យូម (calcium-fortified orange juice) មានកាល់ស្យូម ៣០០មីល្លិក្រាម។
១១. ត្រីសាឌីន
ត្រីសាឌីនមានកាល់ស្យូមច្រើន។ ត្រីសាឌីន ៩២ក្រាមមានកាល់ស្យូម ៣៥០មីល្លិក្រាម។ ម៉្យាងទៀតត្រីសាឌីនក៏មានអាស៊ីតខ្លាញ់អូមេហ្គា៣ដែលល្អសម្រាប់បេះដូង ខួរក្បាល និងស្បែក។
១២. ទឹកដោះគោ
ទឹកដោះគោមួយពែង (២៣៧ក្រាម) មានកាល់ស្យូមចន្លោះ ២៧៦ទៅ៣៥២មីល្លិក្រាម។ ទឹកដោះគោក៏មានផ្ទុកប្រូតេអ៊ីន វីតាមីន A និងវីតាមីន D។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]