ជំងឺទឹកនោមផ្អែមប្រភេទ២ ជាក់ស្ដែងណាស់តែងបង្កផលលំបាកដល់អ្នកជំងឺរួមមាន បញ្ហាភ្នែក លើសសម្ពាធ​ឈាម បញ្ហាតម្រងនោម បញ្ហាបេះដូង និង​ខួរក្បាល ប្រសិនបើអ្នកជំងឺមិនអាចគ្រប់គ្រងកម្រិតជាតិស្ករបានល្អ។ ប្រសិនបើអ្នកជំងឺអាចគ្រប់គ្រង កម្រិតជាតិស្ករស្របតាមគោលដៅនៅ​តិចជាង ១២០ មិល្លីក្រាមក្នុងមួយដេស៊ីលីតឈាម នោះគ្មានអ្វីគួរព្រួយបារម្ភទៀតនោះទេ។  

ខាងក្រោមជាវិធីសាស្ដ្រអាចជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ជៀសផុតពីផលវិបាក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.មិនជក់បារី

ការជ្រើសរើសវិធីសាស្ដ្រការពារផលវិបាកនៃជំងឺទឹកនោមផ្អែមដោយកាត់ផ្ដាច់បារី គឺជាមធ្យោ​បាយល្អបំផុត ពិសេសអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២តែម្ដង។ ការអនុវត្ដវីធីនេះបានល្អនឹងកាត់បន្ថយហានិភ័យ ដូចជា ការស្ទះចរន្ដឈាមនៅចុងជើងដែលអាចវិវត្ដទៅជាដំបៅជើង និងឈានដល់ការកាត់ជើងចេញ ការឡើ​ង​សម្ពាធ​ឈាមខ្ពស់ បញ្ហាបេះដូង ខួរក្បាល ភ្នែក និងតម្រងនោមជាដើម។ ដូច្នេះអ្នកកើតជំងឺទឹកនោមផ្អែមមិនត្រូវជក់បារីឡើយ។

២.គ្រប់គ្រងសម្ពាធឈាមនិងកូលេស្ដេរ៉ូល

ប្រសិនបើសម្ពាធឈាម និងកូលេស្ដេរ៉ូលឡើងខ្ពស់ នោះនឹងប៉ះពាល់ទៅដល់សរសៃឈាមក្នុងរាងកាយ។ ករណីធ្ងន់ធ្ងរអាចគាំងបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាលបានដែរ។ យើងអាចអនុវត្ដវិធីនេះបាន ដោយគ្រប់គ្រងទៅលើ​របបអាហារ ដូចជាជៀសវាងអាហារខ្លាញ់ អាហាប្រៃពេក អាហារមានកាបូអ៊ីដ្រាតខ្ពស់ អាហារកែច្នៃ ហើយត្រូវតាមដាន​សម្ពាធឈាម ព្រោះករណីទាំងនេះអាចគ្រោះថ្នាក់ដល់ជីវិត។

៣.បង្កើតទម្លាប់ហាត់ប្រាណនិងត្រួតពិនិត្យភ្នែក

ការហាត់ប្រាណ គឺជាចំណែក​មួយជួយឲ្យកម្រិតជាតិស្ករក្នុងឈាមអាចថយចុះបាន។ អ្នកជំងឺអាចបង្កើតទម្លាប់ហាត់​ប្រាណឲ្យបានទៀតទាត់​ទោះបានតិចឬច្រើនក៏ដោយក្ដី។ ចំណែកសុខភាពភ្នែកវិញ ក្រោយពេលលទ្ធផលតេស្ដ​ឈាមបង្ហាញថាយើង​មានជំងឺទឹកនោមផ្អែមប្រភេទ២ គួរត្រូវទៅជួបជាមួយគ្រូពេទ្យភ្នែកដើម្បីត្រួតពិនិត្យពីសុខភាពភ្នែកឲ្យបានមុនពេលភ្នែកមានបញ្ហា។

៤.បន្ដចាក់វាក់សាំងការពារជំងឺផ្សេងៗ

អ្នកជំងឺទឹកនោមផ្អែមប្រព័ន្ធភាពស៊ាំមានការចុះខ្សោយ ងាយឆ្លងមេរោគ និងកើតជំងឹផ្សេងៗណាស់។ ដូច្នេះជាការល្អ អ្នកជំងឺគួរតែ ចាក់វាក់សាំងការពារពីជំងឺទាំងនោះដូចជា វ៉ាក់សាំងជំងឺផ្ដាសាយ វ៉ាក់សាំងរលាកសួត វ៉ាក់សាំងជំងឺ​រលាកថ្លើមប្រភេទB និងវ៉ាក់សាំងផ្សេងៗជាច្រើនទៀត ដែលអាចការពារពីជំងឺបាន។​

៥.ថែរក្សាសុខភាពមាត់ធ្មេញ

ការថែរក្សាមាត់ធ្មេញ ដោយការសម្អាតធ្មេញ និងអញ្ចាញធ្មេញឲ្យបានល្អ គឺ​គួរ​ប្រើប្រាស់ច្រាសដុសធ្មេញទន់ៗ ប្រើទឹកខ្ពុរមាត់ត្រូវប្រុងប្រយ័ត្ន និងអាចទៅត្រួតពិនិត្យជាមួយគ្រូពេទ្យធ្មេញឲ្យបាន យ៉ាងហោច២ដងក្នុងមួយឆ្នាំគឺល្អប្រសើរ។

៦.យកចិត្ដទុកដាក់ថែរទាំជើង​

ការថែរទាំជើង គឺជារឿងចាំបាច់ ដែលអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើ ព្រោះប្រសិនបើកម្រិតជាស្ករក្នុងឈាមកើនឡើងខ្ពស់ វាអាចកាត់បន្ថយលំហូរឈាម និង បំផ្លាញប្រព័ន្ធប្រសាទក្នុងជើង។ បញ្ហាប្រឈមនេះ​ ប្រសិនជាមិនបានព្យាបាល អាចបង្កទៅជាដំបៅជើង និងឈានដល់ការកាត់ជើងចេញ។

មួយវិញទៀត ការថែរក្សាជើង​ក៏ត្រូវយកចិត្ដទុកដាក់ខ្ពស់លើសកម្មភាព​ និងការប្រើប្រាស់របស់ប្រចាំថ្ងៃ។ តួយ៉ាង​ត្រូវពាក់ស្បែកជើងធូរលុងៗ កាប្រើប្រាស់ក្រែមលាបលើកែងជើង ប្រុងប្រយ័ត្នពេលដើរ ពាក់​ស្រោមជើងត្រូវស្អាតជានិច្ច ពិសេសកុំសូវឈយូរពេក និងកាត់បន្ថយសកម្ម​ភាពដែលអាចដាក់សម្ពាធលើជើងខ្លាំង។

៧.កាត់បន្ថយស្ដ្រេស

អ្នកជំងឹទឹកនោមផ្អែមភាគច្រើនមានការខ្វាយខ្វល់ ព្រួយបារម្ភ គិតច្រើន កត្ដានេះបណ្ដាលឲ្យអ្នកជំងឺងាយកើត​ស្ដ្រេស​ប៉ះពាល់ដល់សុខភាព។ ការកើតស្ដ្រេសដែលមានរយៈពេលយូរនឹងធ្វើឲ្យអ្នកជំងឺគេងមិនលក់ ប្រឈមនឹងការកើនឡើងសម្ពាធឈាម។ ដូច្នេះអ្នកជំងឺត្រូវយកចិត្ដទុកដាក់គ្រប់គ្រងស្ដ្រេសឲ្យបានល្អ។ វិធីសាស្ដ្រដែលល្អសម្រាប់ដោះស្រាយបញ្ហានេះ គឺអាចបង្កើតបរិយាសរីករាយជាមួយមនុស្សជុំវិញខ្លួន កូនចៅ រៀបគម្រោងដំណើរកម្សាន្ដ ដើម្បីរំសាយអារម្មណ៍ពីការគិតច្រើន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]