ការញុំាអាហារច្រើនមុនពេលចូលគេងបានក្លាយជាទម្លាប់ក្នុងសម័យកាល ជឿនលឿននិងមមាញឹកនេះទៅហើយ ដោយសារអាហារពេលល្ងាចតែងតែបរិបូរ ព្រោះជាអាហារជួបជុំគ្រួសារ​បន្ទាប់​ពីបំពេញ​ភារកិច្ចពេញមួយថ្ងៃ ប៉ុន្តែការញុំាអាហារច្រើនមុនពេលចូលគេងផ្តល់ផលប៉ះពាល់ច្រើន។ តើការ​ញុំា​អាហារច្រើនមុនពេលចូលគេងប៉ះពាល់សុខភាពកូនអ្វីខ្លះ? ក្មេងគួរញុំាអាហារពេលល្ងាចនៅ​ម៉ោង​ប៉ុន្មាន? ចុះបើកូនឃ្លាននៅពេលយប់ ម៉ាក់ប៉ាគួរធ្វើម៉េច?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា ការញុំាអាហារច្រើនមុន ពេល​ចូលគេងអាចធ្វើឱ្យកូនប្រឈម​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក. ធាត់

ការញុំាអាហារច្រើនមុនពេលចូលគេងធ្វើឱ្យរាងកាយកូនគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីដុតបំផ្លាញកាឡូរីដែលបានពីអាហារ ព្រោះកូនមិនបានបញ្ចេញសកម្មភាពរាងកាយ។ ហេតុនេះហើយ​កាឡូរី​ដែល​លើសនឹងក្លាយជា​ជាតិខ្លាញ់ស្តុកក្នុងខ្លួន ហើយបណ្តាលឱ្យកូនធាត់លើសទម្ងន់

ខ. ច្រាលទឹកអាស៊ីដក្រពះ

ការចូលគេងភ្លាមបន្ទាប់ពីញុំាឆ្អែតអាចបង្កឱ្យទឹកអាស៊ីដក្នុងក្រពះច្រាល​​ចូលបំពង់អាហារ រួច​បណ្តាល​ឱ្យកូនក្រហាយទ្រូង។

គ. ប៉ះពាល់ដល់ដំណេក

ការញុំាច្រើនមុនពេលចូលគេងអាចធ្វើឱ្យកូនគេងមិនលក់ឬពិបាកគេង ហើយធ្វើឱ្យកូនគេង​មិន​បាន​គ្រប់គ្រាន់ ព្រោះឆ្អែតខ្លាំងនិង​ដោយសារ​ច្រាលទឹកអាស៊ីដក្រពះ​ដែល​ធ្វើឱ្យ​កូនមានអាការៈ​ក្រហាង​ទ្រូង ពិបាកក្នុងខ្លួន។ ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់ការចង​ចាំ អារម្មណ៍និងស្មារតី​របស់​កូន ហើយអាចធ្វើឱ្យកូនមិនសូវមានកម្លាំង។

លោកវេជ្ជបណ្ឌិតក៏បានបន្ថែមថា ដើម្បីចៀសវាងបញ្ហាទាំងនេះ ម៉ាក់ប៉ាគួរឱ្យកូនញុំាអាហារ​ពេល​ល្ងាច ២-៣ ម៉ោងមុនពេលកូនចូលគេងដើម្បី​ឱ្យក្រពះពោះវៀនរំលាយអាហារបានល្អ។

បើសិនកូនឃ្លានពេលយប់ ហើយចង់ញុំាអាហារម៉ាក់ប៉ាអាច​ឱ្យកូនញុំា​អាហារ​សម្រន់​តិចតួច​ដែល​ងាយ​រំលាយនិងជួយឱ្យកូនគេងលក់ស្រួលដូចជា ផ្លែឈើ ជាពិសេសចេក ទឹកដោះគោ ទឹកដោះ​គោ​ជូរ ឬគ្រាប់ផ្លែឈើជាដើម។

បើកូននៅញុំាទឹកដោះគោម្សៅ ម៉ាក់ប៉ាគួរឱ្យកូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែល​ជា​ការ​សំយោគ​បញ្ចូល​គ្នា​រវាង​ Prebiotics និង Probiotics ជួយ​ឱ្យ​ក្រពះពោះវៀន​កូន​មាន​សុខភាព​ល្អ គេងលក់ស្កប់ មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​រឹងមាំ​និងអភិវឌ្ឍខួរក្បាលបានល្អ។

ចំណុចសំខាន់

– ការញុំាអាហារច្រើនមុនពេលចូលគេងអាចធ្វើឱ្យកូនប្រឈម​បញ្ហា​សុខ​ភាព​​ដូចជា៖

  • ធាត់
  • ច្រាលទឹកអាស៊ីដក្រពះ
  • ប៉ះពាល់ដល់ដំណេក

– បើសិនកូនឃ្លានពេលយប់ ហើយចង់ញុំាអាហារម៉ាក់ប៉ាអាច​ឱ្យកូនញុំា​អាហារ​សម្រន់​តិចតួច។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]