ខួរឆ្អឹងមានមុខងារសំខាន់ក្នុងការផលិតគ្រាប់ឈាម រក្សាជាតិខ្លាញ់ បំប្លែងជាថាមពល និងបង្កើនការលូតលាស់ដល់រាងកាយ។ ប្រសិនជា​ខួរឆ្អឹងមានសុខភាពមិនល្អ នោះរាងកាយនឹងប្រឈមបញ្ហាដូចជា កើត​ជំងឺវិបត្តិគ្រាប់ឈាម​ ម៉ាសសាច់ដុំចុះខ្សោយ រាងកាយទ្រុឌទ្រោម និងដំណើរការលូតលាស់រាងកាយក៏មិនល្អប្រសើរ។ ហេតុនេះហើយទើបយើងត្រូវរក្សាសុខភាពខួរឆ្អឹងឲ្យបានល្អ។

នៅក្នុងរាងកាយ ខួរឆ្អឹងចែកចេញជា២ប្រភេទសំខាន់ៗ គឺខួរឆ្អឹងក្រហម និង ខួរឆ្អឹងលឿង។ ខួរឆ្អឹងទាំងពីរមានមុខងារផ្សេងៗគ្នា។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខួរឆ្អឹងក្រហម៖ មានតួនាទីផលិតកោសិកាឈាម(hematopoiesis)។ កោសិកាដើមនៅក្នុងខួរឆ្អឹងក្រហមបង្កើតបានជា គ្រាប់ឈាមក្រហម គ្រាប់ឈាមស និង ប្លាកែត។ ពោលខួរឆ្អឹងក្រហម មានមុខងារផលិតគ្រាប់ឈាមក្នុងរាងកាយ។

ខួរឆ្អឹងលឿង៖​ មានមុខងាររក្សាខ្លាញ់ទុកសម្រាប់ប្រើប្រាស់។ ក្នុងខួរឆ្អឹងលឿងមានកោសិកាដើមចំនួន២ទៀត គឺ adipocytes និង mesenchymal កោសិកាទាំងពីរមានមុខងាររក្សាជាតិខ្លាញ់ សម្រាប់បំប្លែងថាមពល ប្រើប្រាស់ជំនួយ​ដល់ការលូតលាស់របស់ឆ្អឹង​ ឆ្អឹងខ្ចី សាច់ដុំ និងកោសិកាផ្សេងៗច្រើនទៀត ក្នុងរាងកាយ។

ប្រសិនជាខួរឆ្អឹងមិនមានសុខភាពល្អ តើអាចបង្កការលំបាកអ្វីខ្លះដល់រាងកាយ?

លទ្ធផលជាក់ស្ដែង ក្នុងករណីដែលខួរឆ្អឹងមានបញ្ហា នោះរាងកាយរបស់យើង ក៏ប្រឈមបញ្ហាផងដែរ។ បញ្ហាសំខាន់ៗដែលប្រឈមកើតឡើងច្រើនមានដូចជា៖

ប្រឈមកើតជំងឺវិបត្តិគ្រាប់ឈាម៖ ជំងឺវិបត្តិគ្រាប់ឈាមជាច្រើនប្រភេទដែលបង្កឡើងដោយសារការបំពេញមុខងារមិនប្រក្រតីរបស់ខួរឆ្អឹង មានដូចជា ជំងឺស្លេកស្លាំង មហារីកគ្រាប់ឈាម ខ្វះគ្រាប់ឈាមក្រហម និង​ខ្វះគ្រាប់ឈាមស ដែល​អាចកើតឡើងនៅពេលខួរឆ្អឹងមានបញ្ហា។

ងាយប្រឈមឆ្លងមេរោគ៖ នៅពេលដែលខួរឆ្អឹងមិនអាចផលិតគ្រាប់ឈាមសបានគ្រប់គ្រាន់ មិនអាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ ពេលនោះរាងកាយនឹងប្រឈមការឆ្លងមេរោគផងដែរ។

ការលូតលាស់រាងកាយមិនបានល្អ​៖ កាលណាសុខភាពខួរឆ្អឹងមិនល្អ ការលូតលាស់រាងកាយ ក៏មិនសមប្រកបនោះដែរ ពិសេសសម្រាប់កុមារ និង មនុស្សពេញវ័យតែម្ដង។ បើមនុស្សចាស់រាងកាយអាច​ប្រឈមនឹងការ​ទ្រុឌទ្រោម ម៉ាសសាច់ដុំក៏មិនរឹងមាំ បូករួមទាំងជំងឹពុកឆ្អឹងទៀតផង។

តើមានកត្ដាអ្វីខ្លះអាចបណ្ដាលឲ្យខួរឆ្អឹងមានបញ្ហាបាន?

មានកត្ដាសំខាន់ៗបួនដែលអាចបង្កឲ្យខួរឆ្អឹងមានបញ្ហាបាន រួមមាន កត្ដាហ្សែន កត្ដាបរិស្ថាន ជំងឺភាពសុាំប្រឆាំងនឹងខ្លួនឯង និងការគ្រប់គ្រងរបបអាហារមិនបានល្អ។

តើគួរធ្វើបែបណាដើម្បីឲ្យខួរឆ្អឹងមានសុខភាពល្អ​?

ដើម្បីការពារ និង ឲ្យខួរឆ្អឹងមានសុខភាពល្អ​ គឺត្រូវគិតទៅដល់​របបអាហារជាសំខាន់ ដែលក្នុងនោះមានដូចជា ពពួកសាច់គ្មានខ្លាញ់ ត្រី សណ្តែក បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោ និង​ស៊ុតជាដើម។ ចំពោះពពួកវីតាមីន ដែលសំខាន់សម្រាប់ខួរឆ្អឹង​មាន វីតាមីន B9 B12 និងជាតិដែក។ ដូច​គ្នា​ដែរ គួរកាត់បន្ថយពពួកគ្រឿងស្រវឹង ឈប់បារី និង ត្រូវប្រុងប្រយ័ត្នការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេង ដែលអាចប៉ះពាល់ដល់សុខភាពឆ្អឹងបាន។ បន្ថែមពីនោះទៀត ក៏ត្រូវហាត់ប្រាណផងដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]