ភ្នំពេញ៖ ក្រុមហ៊ុនយើងខ្ញុំមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា: ជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើឯកសារ “លក្ខន្តិកៈក្រុមហ៊ុន” ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ ឌីជីថលកម្ពុជា ដែលមានការអញ្ជើញចូលរួមពីរាជរដ្ឋាភិបាល តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអន្តរក្រសួងមកពី ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ដែលជាការវិនិយោគទុនរួម រវាងក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន អ្នកវិនិយោគទុនជាតិ-អន្តរជាតិ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
នៅក្នុងឯកសារ “លក្ខន្តិកៈក្រុមហ៊ុន” នេះ សម្រេចចំនួនសមាសភាពក្រុមប្រឹក្សាភិបាល ៧រូប ដែល១រូប តំណាងមកពីរាជរដ្ឋាភិបាល និង ៦រូបទៀត តំណាងមកពីក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា។ ហើយលោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិដំបូង។
សូមបញ្ជាក់ថា ក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” នឹងផ្ដល់ជូនសេវាកម្មទូរទស្សន៍ឌីជីថល ដែលមានកម្មវិធីច្រើនប៉ុស្តិ៍ និងជម្រើសច្រើនប្រភេទដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ សំដៅលើកស្ទួយការផ្ដល់ព័ត៌មាន ចំណេះដឹង ការកម្សាន្ត និងទស្សនីភាពដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឈានទៅសម្រេចឲ្យបានតាមអនុសាសន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថានឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ។
· ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន BTV និងវិទ្យុបាយ័ន។
· ក្រុមហ៊ុនទូរទស្សន៍ CBS រួមមានប៉ុស្តិ៍ទូរទស្សន៍ CTN, CTN International, CNC, MyTV។ ចំណែកក្រុមហ៊ុន Digital Sky រួមមានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា (១) ថ្នាលទូរទស្សន៍ឌីជីថលប្រព័ន្ធ DVB-T (២) ថ្នាលទូរទស្សន៍ឌីជីថលផ្កាយរណបប្រព័ន្ធ DTH (៣) ថ្នាលទូរទស្សន៍ឌីជីថលតាមទូរស័ព្ទដៃប្រព័ន្ធ OTT។
· ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាសនិងរស្មីហង្សមាស, ផលិតកម្មWE, Pleng Records, ក្រុមហ៊ុនពិធីការ និងសារព័ត៌មាន២៤ម៉ោង។
ព័ត៌មានលម្អិត សូមទំនាក់ទំនង៖
1. ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប, ទូរស័ព្ទលេខៈ ០១២ ៩៥៩ ៥១៩
2. ក្រុមហ៊ុនទូរទស្សន៍ CBS, ទូរស័ព្ទលេខៈ ០៨៥ ៥៩៥ ៥៣៣, ០៨៥ ២២៩ ៤៧៧
3. ក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប, ទូរស័ព្ទលេខៈ ០១២ ៩៥៩ ៥១៩
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]