យើងបានដឹងខ្លះហើយថាសុខភាពបេះដូង និងសរសៃឈាមត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមកមិនអាចខ្វះបាន ហើយការទទួលទានអាហាររាល់ថ្ងៃ យើងមិនបានចាប់អារម្មណ៍ទេថា តើមានសារជាតិចិញ្ចឹមសំខាន់ៗអ្វីខ្លះដែលជួយ​ដល់ សរសៃឈាម និង បេះដូងរបស់យើងដែរ។ ដូច្នេះថ្ងៃនេះយើងមកស្គាល់ពីសារជាតិសំខាន់​៤​ប្រភេទ​ដែលបេះដូង និងសរសៃឈាមរបស់យើងត្រូវការមិនអាចខ្វះបាន។

១. វីតាមីន D

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីតាមីន D ជាសារធាតុខ្លាញ់រលាយ មានមុខងារសំខាន់ជួយទៅដល់ប្រព័ន្ធរំលាយអាហារ ក្នុងការបំបែក និងចាប់​យកសារធាតុសំខាន់ៗ ដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និង សារធាតុសំខាន់ជាច្រើនផ្សេងទៀតពីអាហារ។ ការ​ថយចុះបរិមាណវីតាមីន D ក្នុងឈាមអាចបណ្ដាលឲ្យកើតជំងឺគាំងបេះដូង និង លើសឈាមផងដែរ។ យើងអាចស្វែង​រកវីតាមីន D មាន​នៅ​ក្នុង ថ្លើមសត្វ ស៊ុតផ្នែកក្រហម សាច់ក្រហម ខ្លាញ់ត្រី និង ត្រីទឹកប្រៃ។

២.វីតាមីន B

វីតាមីន B មានមុខងារជួយទប់ស្កាត់ការកើនឡើងកម្រិត homocysteine ក្នុងសរសៃឈាម។ Homocysteine គឺជាអាស៊ីតអាមីណូមួយប្រភេទ ដែលមាននៅក្នុងសរសៃឈាម ប្រសិនបើបរិមាណ homocysteine កើនឡើងខ្ពស់នឹង​ប៉ះពាល់ដល់សរសៃឈាម និងបេះដូង ដូច្នេះវីតាមីន B គឺជាវីតាមីនសំខាន់បំផុត ក្នុងការបំបែក និងគ្រប់គ្រង អាស៊ីតមួយប្រភេទនេះមិនកើនឡើងខ្ពស់បាន។

យើងអាចស្វែងរកបានវីតាមីន B មាននៅក្នុងពពួកបន្លែស្ពៃ បន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ ខាត់ណា សណ្ដែក ទ្រូងមាន់ និងប្រូខូលី។

៣.អាស៊ីតខ្លាញ់ អូមេហ្គា៣

អាស៊ីតខ្លាញ់អូមេហ្គា៣ អាចរកឃើញមានច្រើននៅ ក្នុងខ្លាញ់ត្រី ប្រេងអូលីវ បន្លែបៃតង និង គ្រាប់ធញ្ញជាតិ។ អូមេហ្គា ៣​ មានមុខងារសំខាន់ច្រើនយ៉ាង ក្នុងនោះជួយគ្រប់គ្រងសម្ពាធឈាម និង​សម្រួលចង្វាក់បេះដូងផងដែរ។ តាមការសិក្សា​បានបង្ហាញថា ការញ៉ាំអាហារដែលមានផ្ទុកសារធាតុសំខាន់មួយនេះ អាចកាត់បន្ថយហានិភ័យប្រឈម ជំងឺ​បេះដូងដល់ទៅ ២៨% និងកាត់បន្ថយអត្រាស្លាប់ដោយជំងឺបេះដូងបាន ៥០%។ រាងកាយមិនអាចផលិតអាស៊ីតនេះរាងបានទេ​ ដូច្នេះត្រូវពឹងផ្អែកលើរបបអាហារប្រចាំថ្ងៃរបស់យើង។

៤.ម៉ាញ៉េស្យូម

រ៉ែម៉ាញ៉េស្យូមជាសារធាតុសំខាន់ដែលបេះដូងមិនអាចខ្វះបាន ព្រោះថាសារធាតុមួយនេះ មានមុខងារគ្រប់គ្រងសម្ពាធឈាម មិនឲ្យឡើងខ្ពស់ពេក ទាបពេក និង កាត់បន្ថយកូលេស្ដេរ៉ូលអាក្រក់ និង​ប្រឆាំងនឹងជំងឺក្រិនសរសៃ​ឈាមផងដែរ។ ដូច្នេះ នេះជាផ្នែកមួយសំខាន់បំផុតសម្រាប់បេះដូង។

យើងអាចស្វែងរកបានសារធាតុសំខាន់មួយនេះក្នុងផ្លែឈើ ដូចជា ទំពាំងបាយជូរ ផ្លែចេក ផ្លែប៊ឺ ផ្លែគីវី និង គ្រាប់ធញ្ញជាតិផងដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]