ល្ហុងទុំសម្បូរនៅលើទីផ្សារជាមួយតម្លៃវិញក៏ធូរថ្លៃ ចំណែកអត្ថប្រយោជន៍ចំពោះសុខភាពក៏មានច្រើន។ យើងអាចច្នៃល្ហុងទុំជាអាហារសម្រន់ បង្អែម ហើយក៏អាចជាភេសជ្ជៈ ទៅតាមចំណូលចិត្ដ។ ចំពោះបរិមាណល្ហុងទុំ១០០ក្រាម មានផ្ទុកសារជាតិ​ចិញ្ចឹមសំខាន់ៗ​ច្រើន​យ៉ាង។​

សារជាតិចិញ្ចឹម​ទាំងនោះ​រួម​មាន​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ជាតិខ្លាញ់ ០,៣ក្រាម
  • ប៉ូតាស្យូម ១៨២មិល្លីក្រាម
  • កាបូអ៊ីដ្រាត ១១ក្រាម
  • ជាតិសរសៃ ១,៧ក្រាម
  • ស្ករ ៧,៨ក្រាម
  • ប្រូតេអ៊ីន ០,៥ក្រាម
  • បន្ថែមពីនោះនៅមាន ពពួកវីតាមីន A, C ជាតិកាល់ស្យូម និង ជាតិដែក។

អត្ថប្រយោជន៍ល្ហុងទុំ

១.ប្រឆាំងអុកស៊ីតកម្ម

សារធាតុ carotenoids ដែលមានក្នុងផ្លែល្ហុងទុំមានអត្ថប្រយោជន៍ពិសេសជួយប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយភាពចាស់ជ្រីវជ្រួញតាមវ័យ។ តាមការសិក្សាបានបង្ហាញទៀតថា សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាសារធាតុចិញ្ចឹមនៅក្នុងផ្លែល្ហុងជួយការពារព្យាបាល ជំងឺជាច្រើនទៀតដូចជា ជំងឺភ្លេចភ្លាំង ប្រតិកម្មអាលែហ្សី ប្រឆាំងជំងឺមហារីក និងជំងឺស្លេកស្លាំង។

២.ប្រឆាំងជំងឺមហារីក

សារធាតុ lycopene នៅក្នុងផ្លែល្ហុងអាចកាត់បន្ថយហានិភ័យពីការកើតជំងឹមហារីក ហើយក៏រួមចំណែកក្នុងការព្យាបាលជំងឺមហារីកផងដែរ។ ព្រោះថា lycopene មានមុខងារសំខាន់ប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាមូលហេតុបង្កជាជំងឺមហារីក។

៣.ជួយសុខភាពបេះដូង

ផ្លែល្ហុងក៏ជាប្រភេទអាហារដែលអាចជួយការពារសុខភាពបេះដូង។ តាមការសិក្សាបានបង្ហាញថា ប្រភេទផ្លែឈើដែលមានផ្ទុកវីតាមីន C និង Lycopene មានមុខងារជួយការពារបេះដូង។ ព្រោះសារធាតុសំខាន់ទាំង២នេះមាន តួនាទីជួយបំបែកកូលេស្ដេរ៉ូលអាក្រក់ និងបង្កើនកូលេស្ដេរ៉ូលល្អសម្រាប់បេះដូង

កន្លងមកយើងបានដឹងខ្លះហើយថា ការកើនឡើងកូលេស្ដេរ៉ូលក្រក់ក្នុងសរសៃឈាម អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពបេះដូង ហើយក៏អាចប៉ះពាល់ដល់សរសៃឈាមខួរក្បាលផងដែរ។

៤.ប្រឆាំងការរលាក

ការរលាករ៉ាំរៃ គឺជាមូលហេតុសំខាន់ដែលបណ្ដាលឲ្យសុខភាពវិវត្ដទៅជាជំងឺផ្សេងៗ។ ចំណែកផ្លែឈើ បន្លែ ដែលមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មគឺជាប្រភពដែលអាចជួយប្រឆាំងទៅនឹងការលាក និងជួយព្យាបាលផងដែរ។ តួយ៉ាងដូចជាផ្លែល្ហុងទុំនេះជាដើម ដែលមានសារធាតុLycopene ជាសារធាតុដែលអាចប្រឆាំងទៅនឹងការរលាកបាន។

៥.ជួយប្រព័ន្ធរំលាយអាហារ

ប្រភពនៃប្រូតេអ៊ីន និង ជាតិសរសៃដែលមានក្នុងផ្លែល្ហុងមានមុខងារជួយដល់ដំណើរការប្រព័ន្ធរំលាយអាហារបាន​ល្អ ពិសេសអាចជួយដោះស្រាយអ្នកមានបញ្ហាទល់លាមក និងពិបាកបន្ទោរបង់ទៀតផង។ ម្យ៉ាងវិញទៀត ជាតិកាល់ស្យូមដែលមាននៅក្នុងផ្លែល្ហុងក៏អាចជួយដល់មុខងារសាច់ដុំក្រពះ ពោះវៀន។

៦.ជួយស្បែក

ផ្លែល្ហុងក្រៅតែពីប្រភេទអាហារដែលអាចជួយការពារពីជំងឺ តែក៏ជួយដល់សុខភាពស្បែកឲ្យភ្លឺថ្លា និង កាត់បន្ថយភាពជ្រួញ ព្រោះដោយសារតែវត្ដមានវីតាមីន C និង Lycopene។ វីតាមីន C មានទំនាក់ទំនងសំខាន់ជួយឲ្យរាងកាយអាចផលិតខូឡាជែននៅក្នុងស្បែកដែលជួយបន្ថយភាពខូចខាតរបស់ស្បែកវិវត្ដទៅតាមវ័យ

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]