ភ្នំពេញ៖ ក្រុមហ៊ុន Yeo's Cambodia ដែលជាក្រុមហ៊ុនភេសជ្ជៈអាស៊ីឈានមុខគេនៅកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការមិនរកប្រាក់ចំណេញក្នុងស្រុក បានរួមគ្នាបើកសម្ពោធជាផ្លូវការនូវសាលាមត្តេយ្យថ្មីដែលមានឈ្មោះថា សាលាមត្តេយ្យ Yeo's។ សាលាមត្តេយ្យដែលអាចទទួលសិស្សបានចំនួន ៥០ នាក់នេះ គឺជាលទ្ធផលនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) នៃក្រុមហ៊ុន Yeo's ដើម្បីធានាថា កុមារដែលមិនសូវមានឱកាស អាចទទួលបានការអប់រំមួយដែលល្អ និងអាចទទួលបានជំនាញផ្សេងៗទៅតាមតម្រូវការ និងឆ្ពោះទៅរកការបញ្ចប់ភាពក្រីក្រនៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងពិធិសម្ពោធដាក់ឱ្យប្រើប្រាស់សាលាមត្តេយ្យ Yeo’s ជាផ្លូវការនេះ បានមានការអញ្ជើញចូលរួមជាគណអធិបតីពីសំណាក់ ឯកឧត្តម គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ លោក ឈួន ប៊ុនឈឿន, ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៃគណកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និង ជាអនុប្រធាននាយកដ្ឋានអប់រំកុមារតូច លោក Ozgur Simsek អគ្គនាយកក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា និងលោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួន ព្រមទាំងពលរដ្ឋនៅសហគមន៍មូលដ្ឋានផ្ទាល់ បានចូលរួមក្នុងពិធីបើកសម្ពោធនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Yeo’s Cambodia បានបរិច្ចាគជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ការសាងសង់សាលាមត្តេយ្យទីពីរនេះ។ ជំនួយដ៏ច្រើននេះបានផ្តល់លទ្ធភាពឱ្យសាលាមត្តេយ្យថ្មីមួយដែលស្ថិតនៅភាគខាងត្បូងនៃអតីតទីលានចាក់សំរាមស្ទឹងមានជ័យ ត្រូវបានសាងសង់ជាស្ថាពរ ក្នុងនោះមានថ្នាក់រៀនចំនួន ៤ ការិយាល័យចំនួន ៤ ចំណតម៉ូតូមួយកន្លែង និងទីធ្លាសម្រាប់ក្មេងលេងមួយ។
គួរដឹងដែរថា សាលាមត្តេយ្យ Yeo’s នឹងអាចបំពេញចន្លោះខ្វះខាតនៅក្នុងតំបន់ស្ទឹងមានជ័យ ដែលជាតំបន់ពុំសូវមានសុវត្ថិភាព និងកង្វះការអប់រំសម្រាប់កុមារតូចៗ។ កន្លងមក គ្រួសារនៅទីនោះមិនអាចបញ្ជូនកូនរបស់ពួកគេទៅកាន់សាលាមត្តេយ្យដើមរបស់អង្គការមូលនិធិកុមារកម្ពុជានោះទេ ពីព្រោះវាមានចំងាយឆ្ងាយ និងត្រូវការចំណាយច្រើនសម្រាប់ការធ្វើដំណើរ។ ដែលនេះមានន័យថា កុមារនៅភាគខាងត្បូងនៃតំបន់នេះត្រូវបានបាត់បង់ឱកាសចូលរៀននៅសាលា ដោយត្រូវរស់នៅតាមដងផ្លូវ ខណៈដែលឪពុកម្តាយរបស់ពួកគេត្រូវធ្វើការជាប្រចាំ។ សាលាមត្តេយ្យមួយនេះនឹងមិនត្រឹមតែជាស្ថាប័នអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដ៏មានសុវត្ថិភាពសម្រាប់កុមារនៅពេលថ្ងៃផងដែរ។
យុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា» គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ Yeo’s ដែលមើលឃើញថា Yeo’s មិនមែនត្រឹមតែក្រុមហ៊ុនភេសជ្ជៈមួយប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម។
លោក Ozgur Simsek បានលើកឡើងថា៖
យុទ្ធនាការនេះគឺជាជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកការបញ្ចប់ភាពក្រីក្រនៅកម្ពុជា និងជាសក្ខីភាពមួយក្នុងការបង្ហាញអំពីឥទ្ធិពលវិជ្ជមានរបស់វិស័យឯកជនទៅលើសង្គមជាតិ។ យុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា» បានបំពេញបន្ថែមនូវចំណុចខ្វះចន្លោះនៅក្នុងសហគមន៍ ដោយធានាឱ្យមានការអប់រំមួយប្រកបដោយគុណភាព និងសមធម៌សម្រាប់ទាំងអស់គ្នា។ ការលើកកម្ពស់ការទទួលបាននូវការសិក្សាពេញមួយជីវិត គឺជាបេសកកម្មតម្រង់ទិសមួយ ដែលស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិផងដែរ។
លើសពីនេះ សាលាមត្តេយ្យ Yeo’s នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រទិសដៅយុទ្ធសាស្ត្ររបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ក្នុងការផ្តល់ការអប់រំ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីគាំទ្រដោយផ្ទាល់ក៏ដូចជាកម្មវិធីគាំទ្រសហគមន៍ផ្សេងៗ។ គំនិតផ្តួចផ្តើមរបស់ ក្រុមហ៊ុន Yeo's និងអង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសាធារណៈថា វាពិតជាមានភាពចាំបាច់ក្នុងការលើកកម្ពស់សហគមន៍ក្រីក្រ និងផ្តល់ជូននូវឱកាសដែលពួកគេគួរតែទទួលបាន។
ចែករំលែកដោយលោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា។ គួរដឹងផងដែរថា បច្ចុប្បន្ននេះ អង្គការមូលនិធិកុមារកម្ពុជា កំពុងផ្ដល់ជំនួយ និងគាំទ្រដល់ការអប់រំដល់កុមារចំនួនប្រមាណជាជាង ១៧០០នាក់ ដើម្បីផ្លាស់ប្តូរជីវិតក្មេងៗរាប់ពាន់នាក់ ដែលរស់នៅសហគមន៍ខ្វះខាតបំផុតក្នុងប្រទេសកម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]