ភ្នំពេញ៖ បន្ទាប់ពិធីបិទកីឡាជាតិលើកទី ៣ កាលពីល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មានការសង្កេតឃើញថា សាធារណៈជនមួយចំនួនមានប្រតិកម្មនៅតាមបណ្តាញសង្គម ចំពោះការមិនចាក់ផ្សាយនូវការសម្តែងរបស់តារាល្បី ម៉ាន់ វណ្ណដា នៅលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Smart Axiata និង Pleng។
ថ្មីៗនេះក្រុមហ៊ុន Smart Axiata ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃកីឡាជាតិលើកទី៣ បានធ្វើការបកស្រាយបំភ្លឺនៅក្នុងសេចក្តីជូនដំណឹងមួយ បញ្ជាក់អំពីមូលហេតុដែលខ្លួនមិនចាក់ផ្សាយបន្តផ្ទាល់នូវការសម្តែងរបស់សិល្បករ ម៉ាន់ វណ្ណដា នៅក្នុងពិធីបិទកីឡាជាតិលើកទី ៣ កន្លងមកនេះ គឺដោយសារតែមានការផ្លាស់ប្តូររបៀបវារៈកម្មវិធីភ្លាមៗមុនពេលចាប់ផ្តើមកម្មវិធី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីជូនដំណឹងនេះបាននិយាយថា ក្រុមហ៊ុន Smart Axiata ក៏បានគោរពយល់ព្រមទៅតាមសំណើពីរគឺសំណើផ្លាស់ប្តូរកម្មវិធី ក៏ដូចជាការស្នើសុំមិនឲ្យចាក់ផ្សាយការសម្តែង «Time To Rise» នៅលើផេក Smart Axiata និង Pleng ផងដែរ។
«ក្នុងពិធីបិទកីឡាជាតិលើកទី៣ ក្រុមហ៊ុនស្មាតបានទទួលដំណឹងពីការកែប្រែកម្មវិធីដែលតម្រូវឱ្យលោក ម៉ាន់ វណ្ណដា (Mann Vannda) ជាសិល្បករតន្រ្តីរ៉េបដ៏ល្បីនៅក្នុងប្រទេសកម្ពុជាចូលរួមសម្តែងដោយច្រៀងបទ Time To Rise ។ ក្រុមហ៊ុនស្មាតបានទទួល និងគោរពតាមការស្នើសុំផ្លាស់ប្តូរនេះ ហើយក៏បានទទួល និងគោរពតាមការស្នើសុំបន្ថែម លើសំណើមិនចាក់បញ្ចាំងដោយផ្ទាល់នូវការសម្តែងបទ Time To Rise នៅលើផេករបស់ក្រុមហ៊ុន ស្មាត និង Pleng។»
បន្ថែមពីការចាក់ផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម ពិធីបិទកីឡាជាតិលើកទី៣នេះ ក៏ត្រូវបានចាក់ផ្សាយបន្តផ្ទាល់លើកញ្ចក់បណ្តាញទូរទស្សន៍ជាតិនានាដូចជា ទូរទស្សន៍ជាតិកម្ពុជា (TVK) និងតាមផេកហ្វេសប៊ុកនានាដូចជា BTV Cambodia។
ក្រុមហ៊ុន Smart Axiata បានសរសេរនៅក្នុងសេចក្តីជូនដំណឹងបន្ថែមទៀតថា ក្រុមហ៊ុនគ្មានគោលបំណងមិនចាក់ផ្សាយការសម្តែងរបស់លោក វណ្ណដា នោះទេ ហើយក៏បានបញ្ជាក់អំពីជំហររបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់កម្មសិទ្ធិបញ្ញារបស់សិល្បករ សិល្បការនីជាតិ និងអន្តរជាតិផងដែរ។
«ក្រុមមហ៊ុនស្មាត សូមបញ្ជាក់ជាថ្មីម្តងទៀតថា យើងខ្ញុំគ្មានចេតនាមិនចាក់ផ្សាយផ្ទាល់ពីការសម្តែងណាមួយឡើយ លើកលែងតែមានការស្នើសុំ។ ក្រុមហ៊ុនស្មាតសូមកោតសរសើរចំពោះស្នាដៃសិល្បៈ និងការប្តេជ្ញាចិត្តចូលរួមចំណែករក្សាកេរ្តិ៍មត៌ក និងវប្បធម៌ខ្មែររបស់សិល្បករ សិល្បការិនី ទាំងអស់ដែលបានចូលរួមសម្តែងនៅរាត្រីនោះ។ ម៉្យាងទៀតក្រុមហ៊ុនស្មាតក៏គោរពនូវកម្មសិទ្ធិបញ្ញា (Copyright) ហើយនេះជាអ្វីដែលក្រុមហ៊ុនស្មាតតែងតែអនុវត្តជាមួយសិល្បករ សិល្បការនីក្នុងស្រុក ក៏ដូចជាអន្តរជាតិ។»
ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះ ក៏បានអំពាវនាវដល់សាធារណៈជនឲ្យផ្តោតសំខាន់ទៅលើភាគជោគជ័យនៃមហាព្រឹត្តិការណ៍មួយនេះ និងសំណូមពរឲ្យមានការយោគយល់អាធ្យាស្រ័យគ្នាខ្ពស់ ដើម្បីមានស្មារតីរួបរួមគ្នា លើកស្ទួយវិស័យកីឡា និងសិល្បៈនៅកម្ពុជាផងដែរ។
ក្រុមហ៊ុន Smart Axiata បានចូលរួមឧបត្ថម្ភការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីកីឡាជាតិលើកទី ១ នៅក្នុងឆ្នាំ ២០១៦ ដែលទទួលបានឱកាសពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមជាម្ចាស់ ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជាតិនេះផងដែរ។ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះក៏រួមចំណែក៏គាំទ្រសិល្បករក្នុងស្រុកតាមរយៈការបង្កើតកម្មវិធីតន្រ្តី Pleng ដើម្បីចូលរួមចំណែកក្នុងការគាំទ្រវិស័យសិល្បៈ និងកីឡានៅកម្ពុជា។ សម្រាប់កីឡាជាតិលើកទី៣ ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការសហការជាមួយសិល្បករល្បីល្បាញក្នុងស្រុកតាមរយៈកម្មវិធី Pleng ដើម្បីនិពន្ធបទចម្រៀងមួយក្រោមចំណងជើង «វីរភាពកីឡា» ដែលត្រូវបានសម្តែងផ្ទាល់ក្នុងអំឡុងពិធីបើកព្រឹត្តិការណ៍កីឡានេះផងដែរ ដែលប្រិយមិត្តអាចទស្សនាបានតាមរយៈយូធូបខាងក្រោម៖
ពិធីបិទកីឡាជាតិលើកទី ៣ បានប្រព្រឹត្តិទៅយ៉ាងរលូនយ៉ាងជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ខណៈដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំស៊ីហ្គេម ២០២៣ នាពេលខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]