ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេពីផ្សារចាស់ ភ្ជាប់ទៅអរិយក្សត្រ ខេត្តកណ្តាល នឹងលេចចេញរូបរាងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការចុះហត្ថលេខាប្រគល់ទទួលនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ នាយរដ្ឋមន្រ្តីនៃកម្ពុជា ដែលមានទឹកប្រមាណ ២៤៥,៩០៩,០០០ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននៃគម្រោងខាងលើ។

សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនាពេលកន្លងថ្មីៗនេះថា ស្ពានដែលនឹងត្រូវប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-កូរ៉េ» នេះ នឹងត្រូវសាងសង់ចាប់ពីផ្សាររាត្រី (សួនច្បារផ្សារចាស់) ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅអរិយក្សត្រ ខេត្តកណ្តាល។

ស្ពាននេះ នឹងត្រូវសាងសង់ដោយប្រើដែកខ្សែកាបខ្ពស់អត់មានសរសេរ ដើម្បីសម្រួលចរាចរណ៍តាមផ្លូវទឹក ហើយស្ពាននេះ ក៏នឹងរួមចំណែកជួយរំដោះចរាចរណ៍នៅលើស្ពានជ្រោយចង្វារផងដែរ។ បើតាមការបញ្ជាក់របស់ សម្ដេចតេជោ បានបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាចំណែកទាក់ទាញទេសចរណ៍ទាំងក្រុងស្រុក និងក្រៅស្រុក ព្រោះជាស្ពានទំនើប ដោយឆ្លងទន្លេអត់មានសរសេរផង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការនិងដឹកជញ្ជូន លោក​ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងក្លាយជាស្ពានទំនើបដោយប្រើខ្សែកាបឆ្លង​កាត់​ទន្លេចំនួន២ គឺទន្លេសាប និងទន្លេមេគង្គ។

លោក​ស៊ុន ចាន់ថុល បានបន្តថា ស្ពានមួយនេះនឹង​សាងសង់ចេញពីផ្សាររាត្រីស្ថិតនៅក្បែរផ្សារចាស់ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅកាន់ឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល។

គូសបញ្ជាក់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នឹងចុះហត្ថលេខាកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារ។

សម្រាប់ លោក អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី Minnie CHEY ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួនពីរ -គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០,០០០,០០០ដុល្លារ។ -គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]