ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរៃ ហើយត្រូវការគ្រប់គ្រងជាតិស្ករជាចាំបាច់ មិនឲ្យខ្ពស់ពេក ឬក៏ទាបពេកនោះទេ មិនដូច្នោះនឹងបង្ក​ការលំបាក ប៉ះពាល់ដល់សុខភាពអ្នកជំងឺ។ ខាងក្រោមជាសំណួរសំខាន់ៗមួយ​ចំនួន​ដែល​អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ចង់ដឹង​ចម្លើយ​។​  

១.តើអ្នកទឹកនោមផ្អែមគួររក្សាកម្រិតជាតិស្ករប៉ុន្មាននៅពេលព្រឹក បន្ទាប់ពីក្រោកពីគេង និងញ៉ាំអាហារ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្រិតជាតិស្ករគោលដៅអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទគ្រប់ពេលគឺចន្លោះ ៨០ ទៅ ១២៥ មិល្លីក្រាម/ដេស៊ីលីត្រ។ ប៉ុន្ដែអ្នកជំងឺភាគច្រើនអាចឡើងខ្ពស់នៅពេលព្រឹក ពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដោយសារតែរាងកាយពេលយប់គ្មានសកម្មភាព បូករួមទាំងបម្រែបម្រួលអ័រម៉ូន និង ការបញ្ចេញអាំងស៊ុយលីន មិនបានល្អ។ ប៉ុន្ដែមិនជាថ្វីនោះទេ ជាតិស្ករនឹងចុះវិញពេលរាងកាយចាប់ផ្ដើមធ្វើចលនា។

មួយវិញទៀត អ្នកជំងឺគួរតែរក្សាគម្លាតពេលវេលាញ៉ាំអាហារពេលព្រឹកឲ្យបាន ១ ឬ២ម៉ោង បន្ទាប់ពីក្រោកពីគេង ដើម្បីរក្សាលំនឹងជាតិស្ករ។

២.ហេតុអ្វីបានជាអ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំផ្លែឈើ ដែលមានកាឡូរីខ្ពស់បាន?

មិនខុសទេ អ្នកជំងឺពិតជាអាចញ៉ាំផ្លែឈើដែលមានកាឡូរីខ្ពស់បាន មិនត្រឹមតែប៉ុណ្ណោះសូម្បីផ្លែឈើមានជាតិកាបូអ៊ីដ្រាត ក៏អ្នកជំងឺអាចញ៉ាបានដែរ ឲ្យតែជាផ្លែឈើស្រស់ មិនបានកែច្នៃបន្ថែមរសជាតិផ្អែម។

ផ្លែឈើជាប្រភពសារជាតិចិញ្ចឹម ក្នុងនោះពពួកវីតាមីន ប្រូតេអ៊ីន ជាតិរ៉ែគឺមាននៅក្នុងផ្លែឈើ ជួយឲ្យអ្នកជំងឺមានកម្លាំង សុខភាពល្អ។ ជាតិស្ករក្នុងផ្លែឈើងាយស្រួលបំបែកជាងជាតិស្ករក្នុងអាហារកែច្នៃ ប៉ុន្ដែអ្នកជំងឺក៏មិនត្រូវញ៉ាំច្រើនពេកដែរ គួរ​ញ៉ាំ​ក្នុងបរិមាណសរម្យណាមួយ។

៣.ហេតុអ្វីជើងអ្នកជំងឺមានអាការៈឈឺនៅពេលដើរ ហើយក៏បាត់ទៅវិញពេលអង្គុយចុះ?

ប្រសិនបើអ្នកជំងឺមានអាការៈបែបហ្នឹង គឺជារោគសញ្ញាមួយបង្ហាញថា សុខភាពអ្នកជំងឺកំពុងប្រឈមការកើនឡើងកំណកខ្លាញ់ក្នុងសរសៃឈាម អាចបង្កឲ្យស្ទះសរសៃឈាម មិនអាចបញ្ជូនឈាមបានគ្រប់គ្រាន់។

អ្នកជំងឺអាចឈឺជើងនៅពេលដែលសរសៃឈាមមិនអាចបញ្ជូនឈាមទៅកាន់សាច់ដុំគ្រប់គ្រាន់ ពិសេសនៅពេលអ្នកជំងឹដើរ ហើយវាក៏បាត់ទៅវិញនៅពេលដែល អ្នកជំងឺអង្គុយចុះព្រោះសាច់ដុំមិនត្រូវការលំហូរឈាមច្រើន។

អា​ការៈនេះជារោគសញ្ញាអាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺដូចជា គ្រោះថ្នាក់សរសៃឈាមខួរក្បាល ស្ទះសរសៃ​ឈាម​បេះដូង និង ឡើងអាស៊ីដចុងជើងបណ្ដាលឲ្យជើងអ្នកជំងឺហើម ឬមានដំបៅ។

៤.តើការចាក់អាំងស៊ុយលីនអាចបង្កឲ្យអ្នកជំងឺឡើងគីឡូដែរទេ?

ការចាក់អាំងស៊ុយលីនមិនអាចធ្វើឲ្យអ្នកជំងឺឡើងគីឡូនោះទេ ព្រោះការចាក់អាំងស៊ុយលីនគឺដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ពិសេសសម្រាប់អ្នកជំងឹទឹកនោមផ្អែមប្រភេទ១។ អាំងស៊ុយលីនត្រូវចាក់ជាប្រចាំនៅពេលជាតិស្ករកើនឡើង ដូច្នេះកុំបារម្ភថាការចាក់អាំងស៊ុយច្រើនអាចបណ្ដាលឲ្យឡើងគីឡូ តែអាចធ្វើឲ្យអ្នកជំងឺប្រឈមការចុះជាតិស្ករខ្លាំង។

៥.តើអ្នកជំងឺទឹកនោមផ្អែមអាចផឹកស្រាបានអត់?

អ្នកជំងឹទឹកនោមផ្អែមអាចផឹកស្រាបាន តែ​​ក្នុង​កម្រិត​តិចតួច ឬគួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យមុន​នឹង​ញ៉ាំ​ព្រោះ​ថា​ស្ថានភាព​សុខភាព​អ្នក​ជំងឺ​ម្នាក់ៗ​មិន​ដូច​គ្នា​ទេ​។

សម្រាប់អ្នកទឹកនោមផ្អែមប្រភេទ១ ការផឹកស្រាត្រូវប្រុងប្រយ័ត្ន ត្រូវមានអាហារសម្រាប់ញ៉ាំជាមួយ ព្រោះការផឹកស្រាអាចធ្វើឲ្យអ្នកជំងឺប្រឈមចុះជាតិស្ករក្នុងឈាមខ្លាំង ដូច្នេះអ្នកជំងឺត្រូវតាមដានចំណុចនេះផង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]