ស្រី្តមា​ន​ផ្ទៃ​ពោះត្រូវការជាតិដែកច្រើនជាងស្រ្តីស្ថិតក្នុងវ័យបន្តពូជ ពោលគឺ ២៧០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ដោយសារតែ​តម្រូវការច្រើនជា​ងធម្មតាបែបនេះហើយ ទើបអាច​ជាហេតុងាយធ្វើឱ្យ​ម៉ាក់ៗខ្លះ​ប្រឈម​បញ្ហាខ្វះជាតិដែកថ្វីបើថ្លើមសត្វសម្បូរជាតិដែក តែម៉ាក់ៗ​ត្រូវ​ប្រយ័ត្ន​ក្នុងការញុំា ព្រោះថ្លើមសត្វផ្ទុកវីតាមីន A ក្នុងកម្រិតខ្ពស់។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅ​មន្ទីរ​ពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ម៉ាក់ៗគួរញុំាថ្នាំជាតិដែកយ៉ាងតិច ៩០ គ្រាប់ក្នុងអំឡុងពេលពពោះដែលក្នុងមួយគ្រាប់អាចមានជាតិដែកចន្លោះ ២០០-៣២៥ មិល្លីក្រាម ឯបរិមាណជាតិដែកនៅសល់ ម៉ាក់ៗអាច​ទទួល​បាន​ពីអាហារសម្បូរជាតិដែក​ផ្សេង​ទៀត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មូលហេតុស្រ្តីពពោះត្រូវការជាតិដែកបន្ថែម

ក្នុងអំឡុងពេលពពោះ ម៉ាក់ៗត្រូវការជាតិដែកច្រើន​ដើម្បីផលិតឈាមក្រហម​បន្ថែម​សម្រាប់​ដឹកនាំ​អុកស៊ីសែនទៅឲ្យទារកក្នុងផ្ទៃ ទ្រទ្រង់ការលូតលាស់គភ៌និងសុក។មួយវិញទៀត ម៉ាក់ៗត្រូវការជាតិដែកបន្ថែមដោយសារ​ក្នុងអំឡុងពេលពពោះ​បរិមាណ​ឈាម​ម៉ាក់ៗ​ត្រូវកើនប្រហែល ៥០% សម្រាប់បង្រ្គប់ឈាមនិងកាត់បន្ថយផលប៉ះពាល់​ពីការបាត់បង់ឈាម​អំឡុង​ពេលសម្រាល ព្រោះក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ម៉ាក់ៗអាចបាត់បង់ឈាមប្រហែល ៥០០ មិល្លីលីត្រនិងប្រហែល ១០០០ មិល្លីលីត្រ បើសម្រាលដោយវះកាត់

២. ប្រភពអាហារសម្បូរជាតិដែក

ដើម្បីកាត់បន្ថយហានិភ័យខ្វះជាតិដែកអំឡុងពេលពពោះ ម៉ាក់ៗអាចទទួលបានជាតិដែកប​ន្ថែម​ពី​អាហារដូចជា៖

  • សាច់គោ ជ្រូក មាន់ ទា ត្រី គ្រឿងសមុទ្រ
  • សណ្តែក បន្លែស្លឹកបៃតង មើមឆាយថាវក្រហម ល្ពៅ
  • គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន
  • ទំពាំងបាយជូរក្រៀម ដំណាប់ទន្លាប់

៣. ហេតុផលម៉ាក់ៗពពោះគួរប្រយ័ត្នក្នុងការញុំាថ្លើមសត្វ

ថ្វីត្បិតតែថ្លើមសត្វសម្បូរជាតិដែក ប្រូតេអ៊ីននិងវីតាមីន B12 ដែលល្អចំពោះសុខភាព តែម៉ាក់ៗ​ពពោះ​គួរប្រយ័ត្នក្នុងការញុំា ព្រោះថ្លើមសត្វមានផ្ទុកវីតាមីន A ក្នុងកម្រិតខ្ពស់។ ទោះបីជាវីតាមីន A ជួយដល់ការ លូតលាស់សរីរាង្គទារកក្នុងផ្ទៃដូចជា ភ្នែក បេះដូង សួត លំពែង ឆ្អឹង ប្រព័ន្ធឈាម​និង​ប្រព័ន្ធសរសៃប្រសាទកណ្តាលក៏ដោយ តែការញុំាវីតាមីន A លើសកម្រិតអាចបង្កឱ្យទារកមាន​បញ្ហា​ពិការភាពពីកំណើត ធ្វើឱ្យម៉ាក់ៗរលូតកូន (ជាពិសេសក្នុងត្រីមាសទី១) និងពុលថ្លើម។ ហេតុ​នេះ​ហើយស្រ្តី​មាន​ផ្ទៃពោះ​មិន​គួរ​ញ៉ាំ​ថ្លើម​សត្វ​លើស​ពី​៦៥​ ទៅ​៧៥​ក្រាម​​ក្នុង​មួយ​សប្ដាហ៍​នោះទេ​។​

ដូច​នេះដើម្បីចៀសវាងខ្វះជាតិដែកនិង ដើម្បី​ជួយ​ឱ្យរាងកាយស្រូបយកជាតិដែកល្អ ម៉ាក់ៗ​គួរញុំា​បន្លែ ផ្លែឈើឬគ្រាប់ផ្លែឈើសម្បូរជាតិដែកជាមួយអាហារផ្ទុកវីតាមីន C ខ្ពស់ រួមមាន​ផ្លែឈើ​អម្បូរ​ក្រូច ល្ហុង ត្របែក ប៉េងប៉ោះជាដើមក្នុងពេលដំណាលគ្នា​។

ចំណុចសំខាន់

– ថ្វីត្បិតតែថ្លើមសត្វសម្បូរជាតិដែក តែម៉ាក់ៗ​ពពោះ​គួរប្រយ័ត្នក្នុងការញុំា ព្រោះថ្លើមសត្វ​មាន​ផ្ទុក​វីតាមីន A ក្នុងកម្រិតខ្ពស់។– ការញុំាវីតាមីន A លើសកម្រិតក្នុងអំឡុងពេលពពោះអាចបង្កឱ្យ៖

  • ទារកមាន​បញ្ហា​ពិការភាពពីកំណើត
  • ម៉ាក់ៗរលូតកូន (ជាពិសេសក្នុងត្រីមាសទី១)
  • ម៉ាក់ៗពុលថ្លើម

– ហេតុ​នេះ​ហើយស្រ្តី​មាន​ផ្ទៃពោះ​មិន​គួរ​ញ៉ាំ​ថ្លើម​សត្វ​លើស​ពី​៦៥​ ទៅ​៧៥​ក្រាម​​ក្នុង​មួយ​សប្ដាហ៍​នោះ​ទេ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]