ប្រព័ន្ធភាពស៊ាំរបស់ស្ត្រីពពោះ អាចចុះខ្សោយជាងធម្មតា ដែលធ្វើឲ្យរាងកាយពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគផ្សេងៗនៅក្នុងអាហារ។ ម៉ាក់ៗអាចប្រឈមនឹងការពុលអាហារ នៅពេលដែលញ៉ាំអាហារមានផ្ទុកមេរោគ បាក់តេរី ប៉ារ៉ាស៊ីត ឬសារធាតុគីមីជាក់លាក់។
រោគសញ្ញាពុលអាហារអំឡុងពេលពពោះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជួនកាល មេរោគក្នុងអាហារ អាចធ្វើឲ្យយើងឈឺភ្លាមៗ។ ប៉ុន្តែ ករណីខ្លះទៀត ពពួកមេរោគទាំងនេះ នៅទុំលើរាងកាយជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍មុនពេលលេចចេញរោគសញ្ញា។ ជាទូទៅ រោគសញ្ញានៃការពុលអាហារ រួមមាន៖
- ចុកពោះ
- ក្អួត
- រាករូស
- កង្វះជាតិទឹក
ជារឿយៗ ការពុលអាហារ អាចមានលក្ខណៈស្រដៀងទៅនឹងជំងឺគ្រុនផ្ដាសាយធំដែរ ពីព្រោះគ្នាយើងអាចមានអាការៈក្តៅខ្លួន ឈឺក្បាល និងឈឺចាប់ពេញរាងកាយ។
គន្លឹះដោះស្រាយបញ្ហាពុលអាហារនៅពេលមានផ្ទៃពោះ
ជាក់ស្តែង ការពុលអាហារ អាចបង្កបញ្ហាធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ ដែលមិនទាន់មានប្រព័ន្ធភាពស៊ាំរឹងមាំក្នុងការប្រឆាំងនឹងមេរោគផ្សេងៗ ដូចជាកូនកើតមុនខែ កូនមានទម្ងន់ស្រាលនៅពេលសម្រាល ឬរលូតកូន និងកូនស្លាប់ក្នុងផ្ទៃជាដើម។ នៅពេលដែលម៉ាក់មានរោគសញ្ញានៃការពុលអាហារ គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ និងជៀសវាងប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ ក្នុងករណីដែលអាការៈមានសភាពស្រាល យើងគួរសម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំទឹកឲ្យបានច្រើន។ ជាមួយគ្នានេះដែរ យើងគួរញ៉ាំអាហារនៅពេលដែលអាការៈក្អួតបានធូរស្បើយទាំងស្រុង។
ពេលណាគួរទៅជួបជាមួយនឹងគ្រូពេទ្យ?
- រោគសញ្ញាកង្វះជាតិទឹក ដូចជាស្រេកទឹកខ្លាំង នោមតិច ឬវិលមុខ
- ក្អួត ឬរាករូសមិនឈប់
- ឈឺពោះធ្ងន់ធ្ងរ
- ក្តៅខ្លួនខ្លាំងជាង៣៨អង្សា
- លាមកមានឈាម ឬខ្ទុះ
- លាមកមានពណ៌ខ្មៅ។
គន្លឹះបញ្ចៀសការពុលអាហារអំឡុងពេលពពោះ
- លាងសម្អាតដៃជាមួយសាប៊ូ និងទឹកមុន និងក្រោយពេលញ៉ាំអាហារ
- ជៀសវាងញ៉ាំអាហារឆៅ
- លាងសម្អាតផ្លែឈើ និងបន្លែមុនពេលញ៉ាំ ឬចម្អិន
- ចម្អិនអាហារក្នុងសីតុណ្ហភាពក្តៅខ្លាំង ដើម្បីសម្លាប់មេរោគ
- រក្សាទុកអាហារដែលសល់នៅក្នុងទូទឹកកកភ្លាមៗ និងជៀសវាងញ៉ាំអាហារដែលទុកចោលនៅខាងក្រៅ ឬផុតកំណត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]