ភ្នំពេញ៖ នៅសល់តែ៨៧ថ្ងៃទៀតតែប៉ុណ្ណោះ  ព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធើ្វជាម្ចាស់ផ្ទះនោះ នឹងឈានចូលមកដល់ ពោលគឺរំលងជិត១ខែប៉ុណ្ណោះ ក្រោយការប្រកួតស៊ីហ្គេមបានបញ្ចប់។

នេះគឺជាលើកដំបូងដែលកម្ពុជា មានសិទ្ធិក្នុងការរៀបចំការប្រកួតកីឡាជនពិការធំជាងគេក្នុងតំបន់ អាស៊ីអាគ្នេយ៍ ខណៈវិញ្ញាសាដែលមានសក្កានុពលមួយចំនួនដូចជា ហែលទឹក, បាល់ទះអង្គុយ, បាល់បោះ និងកីឡាជាច្រើនទៀតនឹងត្រូវបានដាក់បញ្ចូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស និងបង្កើតបានជាប្រវត្ដិសាស្រ្ដក្នុងព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ គឺវិញ្ញាសា កីឡាអេឡិចត្រូនិក ឬ E Sports នឹងត្រូវដាក់បញ្ចូលផងក្នុងការប្រកួតនេះ ជាលើកដំបូងបំផុត។

ទោះបីជា​ការដាក់បញ្ចូល​ដំបូងនេះ​ ជាការ​ប្រកួត​បែប​ សាកល្បង (Demo Sports) ដោយ​មិនមាន​ការ​រាប់បញ្ចូល ​ជ័យលាភីមេដាយក្ដី ប៉ុន្តែ​នេះពិត​ជា​សមិទ្ធផលដ៏ធំមួយ សម្រាប់ប្រទេស​កម្ពុជាដែល​បាន​ក្លាយ​ទៅជាប្រទេស ដំបូង ​ជាអ្នក​រៀបចំក្នុង​ការ​ដាក់បញ្ចូល​កីឡា E-Sports នេះចូល​ទៅក្នុង​វិញ្ញាសាប្រកួត​កីឡាជនពិការធំជាងគេ ​ក្នុង​អាស៊ាន។ នេះ​គឺជា​កេរ្តិ៍ដំណែល​មួយដែលប្រទេសកម្ពុជា​បាន​ធ្វើឡើងសម្រាប់​បន្តទៅប្រទេសផ្សេងៗទៀត​ ហើយសមិទ្ធផលនេះ នឹងត្រូវបានគេ​រំលឹកឡើងគ្រប់ពេល​ដែល​គេ​និយាយពី វិញ្ញាសា​កីឡាអេឡិចត្រូនិក (E-Sports) ក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម។

ធីមធូ (Team Two) ដែលជាក្រុមហ៊ុនផ្សព្វផ្សាយទីផ្សារតាមរយៈប្រព័ន្ធឌីជីថលធំមួយក្នុងប្រទេសកម្ពុជា ដែលរួម មានក្រុមការងារជំនាញផ្នែកកីឡាអេឡិចត្រូនិក Next Level Entertainment នឹងក្លាយជាដៃគូរដ៏សំខាន់ជាមួយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ទៅលើវិញ្ញាសារ E-Sports នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

កីឡាអេឡិចត្រូនិក គឺជាទម្រង់នៃការប្រកួតប្រជែងដោយប្រើប្រាស់វីដេអូហ្គេម និងត្រូវបានគេចាត់បញ្ចូលជា ​ប្រភេទវិញ្ញាសាកីឡាម្យ៉ាងដែលមាន​​បរិបទ​ប្រកួត​ប្រជែង​ស្រដៀង​​នឹងកីឡា​ទូទៅ​ដែរ។ E-Sports អាច​ជា ប្រធាន​បទ​ថ្មីក្នុងប្រទេសកម្ពុជា ប៉ុន្តែវាមិន​មែន​ជា​រឿង​ថ្មីឡើយសម្រាប់​អន្តរជាតិ​ ដោយមាន​ប្រទេស​ជា​ច្រើន មានការ​រីក​​ចម្រើន​និង​គាំទ្រ​ខ្លាំងក្នុងវិស័យមួយនេះគួរ​ឲ្យ​កត់​សម្គាល់ ដូចជាប្រទេសចិន អាមេរិក រុស្សី ម៉ាឡេស៊ី និង​បណ្តាប្រទេសជាច្រើន​នៅទ្វីបអ៊ឺរ៉ុប។

នា​ប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ វិស័យ​ E-Sports ក្នុងប្រទេស​កម្ពុជា​មាន​ការរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់ ហេតុនេះហើយ ទើបធើ្វឲ្យកម្ពុជាសម្រេចដាក់បញ្ចូលវិញ្ញាសា E-Sports ចូលទៅក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម ហើយវាក៏ជាលើកទី១ផងដែរ ដែលព្រឹត្ដិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍នេះ មានវិញ្ញាសារដ៏គួរឲ្យ ចាប់អារម្មណ៍ ដែលមនុស្សជាច្រើនធ្លាប់តែឃើញកីឡាមួយនេះ ក្នុងកម្មវិធីស៊ីហ្គេម និងព្រឹត្ដិការណ៍កីឡាផ្សេងៗតែប៉ុណ្ណោះ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការ​រៀបចំ​កីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) និងក្រុមហ៊ុនធីមធូរ (Team Two) បានធើ្វឡើងនៅព្រឹកថៃ្ងទី២១ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយ​បាន​ធ្វើឡើង​ដោយ​មាន​ការ​ចូលរួម​ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC និងអ្នកស្រី ហាក់ សំបូរ នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុនធីមធូ។

ធីមធូរ ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុង ការជ្រើសរើសកីឡាករល្អៗ និងគ្រូបង្វឹកឆ្នើមៗ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងយកជ័យជំនះ។ ត្បិតក្រុមហ៊ុនមួយនេះក៏ធ្លាប់ជាដៃគូជាមួយក្រុមហ៊ុនធំៗក្នុងស្រុកមួយចំនួន ក្នុងការរៀបចំការប្រកួត ថ្នាក់ជាតិ និង អន្តរជាតិ ជាច្រើនដងផងដែរ សម្រាប់កីឡាអេឡិចត្រូនិកនេះ។

ដូច្នេះការសហការគ្នារវាងគណៈកម្មាធិការ​រៀបចំ​​កីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជា (CAMAPGOC) និងក្រុមហ៊ុន ធីមធូ នឹងក្លាយជារឿងដ៏ល្អ ក្នុងការពង្រីក​វិសាលភាព​នៃកីឡាអេឡិចត្រូនិកនេះ​ក្នុង​ប្រទេសកម្ពុជា។

អំពី Team Two Co., Ltd

ធីមធូរ Team Two Co., Ltd. គឺជាក្រុមហ៊ុនផ្សព្វផ្សាយទីផ្សារតាមរយៈប្រព័ន្ធឌីជីថល ដែលបានបង្កើតចាប់ តាំងពីឆ្នាំ ២០១៥ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ WML+ គ្រុប។

WML+ គ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនដែលកំពុងដំនើរអាជីវកម្មលើវិស័យជាច្រើនរួមមាន វិស័យកម្សាន្ត លើការនាំចូល និងចែកចាយភាពយន្តអន្តរជាតិនៅក្នុងស្រុក (Westec Media Limited) និង នាំចូល និងចែកចាយមាតិកាអន្តរជាតិនៅក្នុងស្រុក (Jaikon Entertainment) វិស័យផ្សព្វផ្សាយទីផ្សារតាមរយៈប្រព័ន្ធឌីជីថល (Team Two) ផែ្នកផលិតវីដេអូផ្សព្វផ្សាយ (No Name Production) និងផ្នែកបណ្តុះបណ្តាលទេពកោសល្យ (Starlight Media)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]