ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងទី៣ ដែល​មានប្រវែង​សរុប​ជាង ៥០គីឡូម៉ែត្រ ​នឹងត្រូវសម្ពោធដាក់​ឱ្យប្រើប្រាស់​នៅអំឡុងខែ​ឧសភា ឬមិថុនា ឆ្នាំ២០២៣ ខណៈនៅតាមបណ្ដោយផ្លូវនេះកំពុងតែការអភិវឌ្ឍអចលនទ្រព្យ ដោយគេសង្កេតឃើញថា កំពុងមានសកម្មភាពលេចរូបរាងជាបន្តបន្ទាប់ ទៅអនាគតនឹងមានកំណើនឡើងបន្តទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុងសនិ្នបាត​បូកសរុបលទ្ធផល​ការងារ នៅទីស្តីការ​ក្រសួង​ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ បានថ្លែងឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ ដែល​មានប្រវែង​សរុប​ជាង ៥០គីឡូម៉ែត្រ ​នឹងត្រូវសម្ពោធដាក់​ឱ្យប្រើប្រាស់​នៅអំឡុងខែ​ឧសភា ឬ មិថុនា ឆ្នាំ២០២៣ខាងមុខ ក្រោយមានការយឺតយ៉ាវមួយឆ្នាំ និងបន្ទាប់ពីបើកការដ្ឋាន​កាលពីដើមឆ្នាំ២០១៩។

ទាក់ទងទៅនឹងផ្លូវនេះ អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia អ្នកនាងអាន សុធីតា បានមានប្រសាសន៍ថា តំបន់ក្បែរៗផ្លូវក្រវាត់ទី៣ មានភាពទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅឋាន ជាក់ស្ដែ​ងតំបន់នៅក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ មានការអភិវឌ្ឍដែលកំពុងតែជំរុញឱ្យគម្រោងផ្សេងទៀត នឹងអភិវឌ្ឍន៍នៅពេលខាងមុខផងដែរ ដូចជាផ្សារទំនើបអ៊ីអនមានជ័យ គម្រោងព្រលានយន្តហោះអន្តរជាតិតេជោជាដើម។

បើតាមអគ្គនាយិកា បានបន្តថា ក្រៅពីផ្លូវក្រវាត់ក្រុងទី៣នេះ ក៏មានផ្លូវជាច្រើនខ្វាត់ខ្វែងទៀត នៅក្បែរនឹងផ្លូវក្រវាត់ក្រុងនោះ ដែលជាការជួយឱ្យមានការអភិវឌ្ឍ លើគម្រោងរបស់ក្រុមហ៊ុនឯកជនជាច្រើនទៀត និងបានធ្វើឱ្យតម្លៃដីធ្លី នៅតាមបណ្ដោយផ្លូវទាំងនោះ ទទួលបានកំណើនមួយកម្រិតផងដែរ។

ជាមួយគ្នានេះដែរ បើតាមគេហទំព័រអចលនទ្រព្យ propertyarea.asia បានលើកឡើងថា គម្រោងផ្លូវក្រវាត់ទី៣នេះ បាននិងកំពុងទាក់ទាញនូវគម្រោងអភិវឌ្ឍន៍នានា ទៅកាន់តំបន់នោះកាន់តែច្រើន ស្របនឹងគម្រោងនេះអាចនិយាយបានថាកាន់តែជិតរួចរាល១០០%។

គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលនៅជិតៗ ឬក្បែរនឹងគម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ភាគច្រើនឃើញថា ជាគម្រោងសង់ឃ្លាំងស្តុកទំនិញ គម្រោងលំនៅឋាន និងម្ចាស់គម្រោងខ្លះទៀតកំពុងចាក់ដីបំពេញដើម្បីអភិវឌ្ឍន៍នាពេលឆាប់ៗនេះ។

គេហទំព័រដដែល បានបន្តថា តាមរយៈគម្រោងផ្លូវក្រវាត់ក្រុងទី៣នេះដែរ ក៏បាននិងកំពុងជំរុញឱ្យតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវនោះ មានកំណើនជាបន្តបន្ទាប់ផងដែរ បើទោះ​បីជាស្ថិតនៅក្នុងវិបត្តិយ៉ាងណាក្ដី ក៏តម្លៃនៅតំបន់នោះឃើញថាមានកំណើនដែរ។

បើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានមើលឃើញថាការអភិវឌ្ឍផ្លូវក្រវាត់ក្រុងទី៣ បាននិងកំពុងជំរុញឱ្យមានការអភិវឌ្ឍ លើអចលនទ្រព្យនៅតំបន់នោះបានមួយកម្រិតទៀតផងដែរ។ ជាក់ស្ដែងគម្រោងអភិវឌ្ឍន៍ជាច្រើន បានយកគម្រោងផ្លូវក្រវាត់ក្រុងជាយុទ្ធសាស្ត្រ ក្នុងការផ្សព្វផ្សាយលក់គម្រោងអភិវឌ្ឍន៍របស់ខ្លួនផងដែរ។

សូមរម្លឹកថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២.៩៨៣គីឡូ ម៉ែត្រ ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។

ផ្លូវនេះ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាងលិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត កំពងផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េ (AH1 និងAH11) និងផ្លូវរបៀបសំខាន់ៗ (របៀងកណ្តាល និង របៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]