ភ្នំពេញ៖ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ តារាចម្រៀងវ័យក្មេង លោក សុវត្ថិ មុនីវណ្ណ ដែលជាកូនប្រុសច្បងរបស់ឧកញ៉ា ព្រាប សុវត្ថិ បានសម្រេចចិត្តចូលរួមជាមួយផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ តាមលោកឪពុករបស់ខ្លួន ដោយបានធ្វើពិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំ និងក្រុមគ្រួសារ Galaxy Navatra នៅសណ្ឋាគារ ហៃយ៉ាត់ ភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងបែបយុវវ័យលោក សុវត្ថិ មុនីវណ្ណ បានថ្លែងឲ្យដឹងពីចំណាប់អារម្មណ៍របស់ខ្លួនថា ថ្ងៃនេះលោកពិតជាមានក្តីរំភើប និងសប្បាយរីករាយបំផុត ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Navatra group បានផ្ដល់តម្លៃ និងទទួលស្វាគមន៍រូបលោក ដែលជាសិល្បកៈវ័យក្មេងជំនាន់ថ្មី New generation ចូលជាសមាជិកថ្មី នៃគ្រួសារដ៏ធំរបស់ផលិតកម្ម Galaxy

ជាមួយគ្នានេះដែរ លោក សុវត្ថិ មុនីវណ្ណ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញជូនទស្សនិកជននូវបទចម្រៀងថ្មីបែបយុវវ័យ ជាពិសេសនៅថ្ងៃនេះផលិតកម្ម Galaxy Navatra នឹងបញ្ចេញស្នាដៃដំបូងរបស់លោកនៅលើទីផ្សារផងដែរ។

តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ បានធ្វើការតាំងចិត្ត ក៏ដូចជាខិតខំប្រឹងប្រែងបង្កើត និងរិះរកស្នាដៃ ក៏ដូចជាស្ទីលថ្មីៗប្លែកៗ ជូនដល់ទស្សនិកជន ទាំងក្នុង និងក្រៅប្រទេសបាទស្សនា និងស្ដាប់កម្សាន្ត។

ដោយឡែកលោកឧកញ៉ា ឡេង ប្រុស តំណាងឲ្យផលិតកម្ម Galaxy Navatra ដែលបានចូលរួមជាអធិបតីភាពក្នុងពិធីទទួលស្វាគមន៍នេះ បានថ្លែងថា ដោយបានការអនុញ្ញាតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកតំណាងឱ្យបុគ្គលិកនៃផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំងអស់ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសនៃកម្មវិធីទទួលស្វាគមន៍តារាចម្រៀងលោក សុវត្ថិ មុនីវណ្ណ នាវេលានេះ។ 

កម្មវិធីទទួលស្វាគមន៍វត្តមានតារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីឧត្តមភាព និងការឈានឡើងកាន់តែខ្ពស់ត្រដែតរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលជាផលិតកម្មចម្រៀងកំពូលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដែលជានិច្ចកាលតែងទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។

សមិទ្ធផល និងស្នាដៃទាំងអស់នេះហើយ គឺកើតចេញពីការដឹកនាំដ៏ប៉ិនប្រសព្វរបស់អ្នកឧកញ៉ាអគ្គនាយក និងបណ្តាថ្នាក់ដឹកនាំផលិតកម្មទាំងអស់ ហើយក៏ជាលទ្ធផលដ៏ត្រចះត្រចង់កើតចេញពីភាពសកម្ម ទេពកោសល្យ ភាពច្នៃប្រឌិត និងស្មារតីទំនួលខុសត្រូវខ្ពស់របស់បងប្អូនបុគ្គលិកទាំងអស់គ្នាផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]