សៀមរាប៖ បើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងគ្រោងបើកនៅខែតុលា ឆ្នាំ២០២៣នេះ ខណៈការសាងសង់ជាក់ស្ដែងសម្រេចបានប្រមាណ ៧៥ភាគរយហើយ នេះបើតាមរបាយការណ៍ក្នុង បទបង្ហាញនៃដំណើរទស្សនកិច្ចស្វែងយល់លក្ខណៈបច្ចេកទេស នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោក ហ្សូ ហូយូអ៊ី ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លើកឡើងថា សៀមរាបគឺជា គុជខ្យងដ៏ភ្លឺចែងចាំងរបស់ប្រទេសកម្ពុជា ហើយប្រាសាទអង្គរវត្ត គឺជាបេតិកភណ្ឌវប្បធម៌ពិភពលោក និងជាសម្បត្តិជាតិ ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានការគាំទ្រ និងជំនួយដ៏រឹងមាំពីរដ្ឋាភិបាលចិន និងកម្ពុជា ព្រមជាមួយការគាំទ្រផ្នែកបច្ចេកទេស និងជំនួយពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងត្រូវបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ និងដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ។

បន្ថែមពីនេះ លោកប្រធាន បញ្ជាក់ថា ក្រោមការជឿទុកចិត្ត និងទទួលខុសត្រូវលើការគ្រប់គ្រងរួម ពីក្រុមហ៊ុន AIAI (Angkor International Airport Investment (Cambodia) Co., Ltd.,) និង ក្រុមហ៊ុន YACA (Yunnan Airinvestment (Cambodia) Airport Management Co., Ltd.,) ពួកយើង បានប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ និងរួមបញ្ចូល ដើម្បីបង្កើតវេទិកាឈ្នះ-ឈ្នះ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួម ជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ក្នុងការធ្វើអាជីវកម្មនៅអាកាសយានដ្ឋានដ៏ទំនើប។

ទន្ទឹមនោះ លោក ក៏នឹងស្វាគមន៍ការអភិវឌ្ឍផ្លូវហោះហើរថ្មីបន្ថែមទៀត និងកែលម្អបណ្តាញផ្លូវហោះហើរ ដោយផ្អែកលើផ្លូវដែលមានស្រាប់ និងផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួលសម្រាប់អ្នកដំណើរ។

លើសពីនេហ លោក ក៏បានស្វាគមន៍ដល់ប្រតិបត្តិករសេវាកម្មអាកាសចរណ៍ រួមមាន ការថែទាំយន្តហោះ ការផ្តល់ម្ហូបអាហារ សេវាកម្មលើដី ភ្នាក់ងារដឹកជញ្ជូន និងអ្នកដំណើរ ភ្នាក់ងារសេវាកម្មអាកាសចរណ៍ ជាដើម ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា។

ជាមួយគ្នានេះដែរ ការអញ្ជើញចុះពិនិត្យវឌ្ឍនភាពនាពេលនោះ ឯកឧត្ដម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កត់សម្គាល់ឃើញថា ក្រោយមើលឃើញពីសន្ទុះនៃការងើបឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍ ក្នុងឆមាសទី២ ឆ្នាំ២០២២នេះ យើងរំពឹងថា ឆ្នាំ២០២៣-២០២៤នេះ នឹងមានការងើបឡើងវិញដូចឆ្នាំ២០១៩។

មិនត្រឹមតែប៉ុណ្ណោះ សុខសន្តិភាព ស្ថេរភាពនយោបាយ និងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងស្មារតីប្រុងប្រយ័ត្នខ្ពស់របស់សម្ដេចតេ ជោហ៊ុន សែន កម្ពុជាបានបន្តពង្រឹងសេដ្ឋកិច្ចសហប្រតិបត្តិការកាន់តែមានភាពប្រទាក់ក្រឡា និងស្អិតរមួតជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់។

ជាពិសេសបានដាក់ចេញនូវកញ្ចប់គោលនយោបាយ និងវិធានការអន្តរាគមន៍ក្នុងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយភាពបុរេសកម្ម និងប្រាកដនិយម ដើម្បីគ្រប់គ្រងសកម្មភាពនៃវិបត្តិជំងឺ កូវីដ-១៩ និងរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ។

ទន្ទឹមនោះ ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ដល់ ក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋាន AIAI ត្រូវបន្ត និងពន្លឿនដំណើរការសាងសង់ ទៅតាមផែនការ សាងសង់ដែលមានស្រាប់។ ក្រុមហ៊ុនអាកាសយានដ្ឋាន YACA និងរដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិល ត្រូវធ្វើការរួមគ្នាឱ្យបានជិតស្និទ្ធ ដើម្បីរៀបចំ និងបំពេញរាល់កិច្ចការងារ ត្រៀមដែលចាំបាច់មុនពេលដាក់ឱ្យដំណើរការអាកាសយានដ្ឋាន ដោយត្រូវឈរលើគោលបំណងរួមមួយគឺសម្រេចឱ្យបាននូវគោលដៅដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឱ្យទាល់តែបានក្នុងឆ្នាំ២០២៣។

ជាចុងក្រោយ ឯកឧត្ដមស្នើរឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ត្រូវបំពេញតួនាទីរបស់ខ្លួនក្នុងប្រតិបត្តិការសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសឱ្យកាន់តែប្រសើរឡើង និងត្រូវផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន YACA ក្រោមកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ឈ្នះ ឈ្នះ និងរីកចម្រើនទៅមុខ ដើម្បីជួយជ្រោមជ្រែងឱ្យសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាស ក៏ដូចជាវិស័យអាកាសចរណ៍ស៊ីវិលទាំងមូលក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជា បន្តរីកចម្រើនទៅមុខកាន់តែប្រសើរឡើង៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]