ភ្នំពេញ៖ ស្នាមញញឹមកុមារា កុមារី បានបង្ហាញនូវភាពស្រស់ស្រាយ និងមោទកភាពបំផុតសម្រាប់ពួកគេ នៅក្នុង កម្មវិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦ របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលបានប្រារព្ធឡើងនៅផ្សារទំនើប អ៉ីអន មានជ័យ នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី «ប្រកួតប្រជែងគូរគំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦» អញ្ជើញចូលរួមក្រោមអធិបតីភាពរបស់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក រីអូជិ ហ្វូជីតា (Ryoji Fujita) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារា កុមារី ដែលជាម្ចាស់ជ័យលាភីជាច្រើនទៀត។
ស្នាដៃគំនូរពោរពេញទៅដោយគំនិតច្នៃប្រឌិត និងក្តីស្រម៉ៃដែលមនុស្សពេញវ័យភាគច្រើនមិនអាចធ្វើបានដូចប្អូនៗនេះ ត្រូវបានឆ្លងកាត់ពីការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត បានរកឃើញគំនូរ៩រូបល្អបំផុត ដែលឈ្នះជ័យលាភីថ្នាក់ជាតិជាផ្លូវការដើម្បីយកទៅប្រកួតប្រជែងក្នុងការប្រកួតបន្តនៅប្រទេសជប៉ុន។ ក្រៅពី ៩ រូបគំនូរនេះ ៣គំនូរផ្សេងទៀត ក៏ទទួលបានពានរង្វាន់ National Best Finalist ក្នុងប្រភេទក្រុមគូរគំនូនីមួយៗផងដែរ។ អ្វីដែលសំខាន់បំផុតនោះ មានស្នាដៃសិល្បៈគំនូរចុងក្រោយមួយដែលត្រូវបានជ្រើសរើសដោយលោកអគ្គនាយកផ្ទាល់ក្នុងនាមជាពានរង្វាន់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ។
សម្រាប់ការប្រកួតប្រជែងនាឆ្នាំ២០២៣ នេះ ក្រុមហ៊ុនទទួលបានផ្ទាំងគំនូរពីបេក្ខជនដែលដាក់ពាក្យចូលរួមប្រកួតចំនួន 1107 ផ្ទាំង ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរនៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ផងដែរថា ក្មួយៗជំនាន់ក្រោយកំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគតតាមរយៈការគូរគំនូររថយន្ត។ កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ ត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងចំណោមរូបគំនូរទាំង 1,107 ផ្ទាំងនេះ ត្រូវបានបែងចែក ជាបីក្រុមអាយុរួមមាន៖ ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន 122 ផ្ទាំង ក្រុមអាយុ ពី៨-១១ឆ្នាំ មានចំនួន 502 ផ្ទាំង និងក្រុមអាយុ ១២-១៥ឆ្នាំ មានចំនួន 483 ផ្ទាំង។
សំរាប់ពានរង្វាន់កិត្តិយសអគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានទៅលើកុមារី ឆន ស្រីមាស
សំរាប់អាយុក្រោម ៨ឆ្នាំ:
⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ ម៉ុន សុចិត្រភិមាន
⁃ ចំណាត់ថ្នាក់លេខ១ : អុឹង ចាន់សុខលី
⁃ ចំណាត់ថ្នាក់លេខ២ : កែវ មុនីរ័ត្ន
⁃ ចំណាត់ថ្នាក់លេខ៣ : គឹម ចាន់វណ្ណាស័ក្ត
សំរាប់អាយុ ៨ឆ្នាំ ដល់ ១១ឆ្នាំ:
⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ លីម ស៊ូជីន
⁃ ចំណាត់ថ្នាក់លេខ១ : សេន សុីណាហ្វីលីព
⁃ ចំណាត់ថ្នាក់លេខ២ : ឈូ យូហ៊ុយ
⁃ ចំណាត់ថ្នាក់លេខ៣ : ថាន់ ចំរើនរីអារីយ៉ា
សំរាប់អាយុ ១២ ដល់ ១៥ឆ្នាំ:
⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ ជា ខេមរិន្ទ
⁃ ចំណាត់ថ្នាក់លេខ១ : អុឹង ឆោមចាន់ដាវីន
⁃ ចំណាត់ថ្នាក់លេខ២ : កែវ ឆដាវត្តី
⁃ ចំណាត់ថ្នាក់លេខ៣ : អុឹង ចោមចាន់ដាណែត
ប្អូនៗកុមារដែលឈ្នះជាជ័យលាភីថ្នាក់ជាតិនេះ បានទទួលរង្វាន់ជាច្រើនដូចខាងក្រោម៖
ជ័យលាភីលេខ ១ ទទួលបាន Ipad 10th និងនាឡិកាឆ្លាតវៃមួយ
ជ័យលាភីលេខ ២ ទទួលបាន Ipad 9th និងនាឡិកាឆ្លាតវៃមួយ
ជ័យលាភីលេខ ៣ ទទួលបាន Huawei mate Pad
ជ័យលាភីកិត្តិយស President award : Huawei mate Pad
សូមបញ្ជាក់ផងដែរ នេះជាកម្មវិធីប្រកួតដ៏ពិសេសមួយរបស់ក្រុមហ៊ុន តូយ៉ូតា ដែលអនុញ្ញាតិអោយប្អូនកុមារៗបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេតាមគំនូររថយន្តក្នុងក្តីស្រម៉ៃ។ រាល់ការស្រម៉ៃរបស់គេ ដែលបានជាប់ជ័យលាភីនឹងត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុនដើម្បីប្រកួតជាមួយប្រទេសផ្សេងៗ។ អ្នកឈ្នះនឹងមានឱកាសធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជារង្វាន់ពិសេស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]