ភ្នំពេញ៖ បន្ទាប់ពីការបង្ហោះវីដេអូខ្លីៗពីដំណើរការផលិតបទចម្រៀង  «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្ម Galaxy Navatra គេឃើញមហាជនជាច្រើនបានសម្ដែងការសាទរគាំទ្រយ៉ាងផុលផុស និងកោតសរសើរផលិតកម្មយក្សមួយនេះទៀតផង។

ជាការពិតណាស់ ថ្មីៗនេះ Galaxy Navtra បានផលិតបទចម្រៀងមួយបទ សម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ជាលើកកំបូងដែលកម្ពុជាធ្វើជាម្ចាសផ្ទះ ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលជាស្នាដៃប្រវត្តិសាស្ត្រដ៏អស្ចារ្យដោយមាននារីរាំអមជិត ១ពាន់នាក់ អមកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈវីដេអូខ្លីបង្ហាញពីសកម្មភាពនៃការថត MV បទថ្មីគឺបទ «ស្រលាញ់អ្វីដែលខ្មែរមាន» ដែលចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣ នេះ ដែលបង្កើតបាននូវភាពរំភើបអស្ចារ្យសម្រាប់មហាជនខ្មែរជាមួយនឹងមោទនភាពយ៉ាងខ្លាំងផងដែរ ហើយមហាជនខ្មែរហាក់អន្ទះសារចង់ទស្សនា MV ជាផ្លូវការឆាប់ៗ។

យើងតាមការបញ្ចេញមតិមួយចំនួន មហាជនខ្លះអះអាងថា៖ «ពេលបានឃើញការសម្តែងនឹង MV ហ្កាឡាក់ស៊ីហើយ មានអារម្មណ៌ថារំភើប សូមសរសើរផលិតកម្មហ្កាឡាក់ស៊ី ពិតជាអស្ចារ្យមែន, និយាយតាមត្រង់ឃើញទិដ្ឋភាពបែបនេះហើយ ព្រឺរោមខ្លាំង ពិតជាអស្ចារ្យមែន និងកម្របានទិដ្ឋភាពបែបនេះខ្លាំងណាស់ កំពូលអាយដលទាំង៤ច្រៀងរួមគ្នា គ្រងសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតខ្លាំងណាស់....»។

អ្នកខ្លះទៀតក៏បានលើកឡើងថា ពិតជាអស្ចារ្យណាស់សម្រាប់បទចម្រៀង  «ស្រឡាញ់អ្វីដែលខ្មែរមាន» ពិតជាដើម្បីបង្ហាញពីភាពរីកចម្រើនរុងរឿងរបស់កម្ពុជា។ សិល្បៈរស់នៅក្នុងសម័យសន្តិភាព ការសាមគ្គី និងការបង្រួបបង្រួមជាធ្លុងមួយសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យសិល្បៈក៏មានការអភិវឌ្ឍន៍រីកចម្រើនជាដើម ហើយមហាជនភាគច្រើន បានពោលសរសើរលើកទឹកចឹត្តដល់ផលិតកម្ម Galaxy ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

សូមបញ្ជាក់ថា បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចាត់ទុកថាជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣ នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង ៤រូបរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Galaxy Navtra នេះគឺជាលើកទីមួយ សម្រាប់កំពូលតារាចម្រៀងទាំង ៤រូបនេះរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នេះ។

ទោះបីជាយ៉ាងណា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រង់ទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត។ នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]