ម្ហូបពេញនិយមតាមផ្ទះមានដូចជាត្រីងៀត ត្រីហើម ត្រីឆ្អើរ ផ្អក ប្រហុកជាដើមដែលប្រជាពលរដ្ឋខ្មែរយើងភាគច្រើនញ៉ាំតាំងពីដើមមក។ អាហារទាំងនេះអាចញុំាបានគ្រប់រដូវកាល ហើយផ្ទះខ្លះសឹងតែខ្វះមិនបាន ឱ្យតែអស់ដឹងតែទិញថែមហើយ។ ទោះជាឆ្ងាញ់យ៉ាងណាក៏ដោយ យើងគួរកាត់បន្ថយខ្លះ ព្រោះតាមការសិក្សាបានឱ្យដឹងថា អាហារទាំងនេះក៏អាចប៉ះពាល់សុខភាពដែរ។
១. ត្រីប្រឡាក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត បានអះអាងថា ការញុំាត្រីប្រឡាក់ ត្រីហើមច្រើនជាប្រចាំអាចបង្កើនហានិភ័យកើតមហារីកក្រពះ ព្រោះអាហារទាំងនេះមានផ្ទុកជាតិប្រៃច្រើន។ លោកលើកឧទាហរណ៍ជាភស្តុតាងវិទ្យាសាស្រ្គថា ជនជាតិជប៉ុនចូលចិត្តញ៉ាំត្រីប្រឡាក់ ដែលជាហេតុធ្វើឱ្យជនជាតិជប៉ុនមានអត្រាកើតជំងឺមហារីកក្រពះច្រើនជាងនៅលើពិភពលោក។
ជាងនេះទៅទៀត ការញុំាជាតិប្រៃច្រើនអាចធ្វើឱ្យរាងកាយយើងឡើងជាតិប្រៃ ចាល់ជាតិទឹក បណ្តាលឱ្យកើតជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងពុកឆ្អឹង។
២. ត្រីឆ្អើរ
តាមការសិក្សាបានឱ្យដឹងថា ការញុំាត្រីឆ្អើរច្រើនអាចបង្កើនហានិភ័យកើតមហារីក ជាពិសេសមហារីកក្រពះពោះវៀន ដោយសារត្រីឆ្អើរមានផ្ទុកសារធាតុ PAHs និង HCAs។ ការឆ្អើរត្រីឱ្យក្រៀមធ្វើឱ្យជាតិទឹកនិងខ្លាញ់ត្រីស្រក់លើភ្លើង បង្កើតបានជាផ្សែងដែលពោពេញទៅដោយសារធាតុ PAHs (Polycyclic aromatic hydrocarbons) ជ្រាបចូលពេញសាច់ត្រី ហើយនៅពេលសាច់ត្រីឆ្លងកាត់ការចម្អិនរហូតក្រៀមនឹងបង្កើតជាសារធាតុគីមី HCAs (Heterocyclic amines)។ ទាំង PAHs និង HCAs ធ្វើឱ្យមានការបំរែបំរួល DNA ដែលបង្កើនហានិភ័យកើតមហារីក។
៣. ប្រហុក និងផ្អក
ប្រហុកនិងផ្អកមានផ្ទុកជាតិប្រៃច្រើន ដូច្នេះការញុំាប្រហុក និងផ្អកច្រើនមានផលប៉ះពាល់ដូចការញុំាត្រីប្រឡាក់ដែរ។ ពពួកផ្អក ប្រហុក ត្រីហើម ត្រីងៀតដែលលក់លើទីផ្សារអាចមានសារធាតុហ្វ័រម៉ាលីនដែលគេប្រើដើម្បីរក្សាអាហារទុកឱ្យបានយូរ និងសូដ្យូមអ៊ីដ្រូស៊ុលហ្វីត ឬហៅថាម្សៅធ្វើឱ្យស ដែលសារធាតុទាំងនេះអាចបង្កផលប៉ះពាល់ដល់សុខភាព។
ដើម្បីថែរក្សាសុខភាពឲ្យបានល្អ យើងគួរកាត់បន្ថយការញ៉ាំអាហារទាំងនេះ ដោយអាចញុំាយូរៗម្តង ហើយងាកមកញ៉ាំអាហារដែលសម្បូរវីតាមីន ជាតិដែក និងប្រូតេអ៊ីនវិញទើបជាការល្អ។ សាច់ ត្រី ស៊ុត ខាត់ណាខៀវ ប៉េងប៉ោះ ដំឡូងបារាំង ម្ទេសប្លោក និងផ្លែឈើស្រស់ ជាប្រភពនៃសារធាតុចិញ្ចឹម និងការពារបញ្ហាខ្វះជាតិដែកទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]