ភ្នំពេញ៖ បទចម្រៀងដ៏អស្ចារ្យផលិតឡើងក្នុងគោលបំណងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាជាម្ចាស់ផ្ទះ បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង ៤ដួង ច្រៀងរួមគ្នា និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនខ្មែរ ពេលនេះបានចេញវីដេអូ Trailer ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយនៅមុននេះបន្តិចផលិតកម្មយក្ស Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញវីដេអូខ្លីរយៈពេលជាង២នាទី នៃបទចម្រៀងប្រវត្តិសាស្ត្រ «ស្រលាញ់អ្វីដែលខ្មែរមាន» ក្រោយចំណាយពេលសម្រិតសម្រាំងបំផុតក្នុងការផលិតទាំងការតាក់តែងនិពន្ធ និងវីដេអូចម្រៀង។

គ្រាន់តែចេញផ្សាយនៅលើផេកផ្លូវការរបស់ផលិតកម្មភ្លាម បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានអ្នកទស្សនាជាច្រើនចែករំលែក និងលាន់មាត់យ៉ាងភ្ញាក់ផ្អើលថា មិនត្រឹមតែមានអត្ថន័យល្អបង្ហាញពីសាមគ្គីភាព តែបទចម្រៀងមួយបទនេះបានរំលេចនូវរូបភាពវប្បធម៌ អរិយធម៌ល្អៗរបស់ខ្មែរជាច្រើន ជាពិសេសបានបង្ហាញពីទិដ្ឋភាពដ៏ស្រស់បំព្រងនៃការរីកចម្រើននៅទីក្រុងភ្នំពេញ ។

អ្វីដែលកាន់តែចាប់អារម្មណ៍អ្នកទស្សនាបានលើកឡើងដោយមិននឹកស្មានថា ផលិតកម្មដែលឈានមុខគេនៅកម្ពុជាមួយនេះ អាចផលិតបទចម្រៀងដ៏អស្ចារ្យបែបនេះបានឡើយ ហើយពួកគេក៏បានបង្ហាញពីមោទកភាព និងអរគុណចំពោះផលតិកម្ម Galaxy navatra ដែលបានផលិតបទចម្រៀងបែបនេះឱ្យប្រជាពលរដ្ឋខ្មែរបានស្ដាប់ និងទស្សនា។ លើសពីនេះអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏បង្ហាញពីភាពអន្ទះសារចង់ទស្សនាវីដអូចម្រៀងនេះពេញក្នុងពេលឆាប់ៗផងដែរ។

សូមរំលឹកថា កាលពីពេលថ្មីៗកន្លងមកនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអ្នកនិពន្ធចាស់វស្សាមួយចំនួនរួមមាន ឧកញ៉ាអ្នកនិពន្ធ យឹម តាស្រង់ អ្នកនិពន្ធឯកឧត្ដម ខេមរៈ ភារុណ ឯកឧត្ដម ហ៊ឹម នភា អ្នកនិពន្ធលោក សុខ ជំនោរ អ្នកនិពន្ធ និងជាអ្នកដឹកនាំលោក ខាំ ភូរិ ដើម្បីផលិតបទចម្រៀងមួយបទដ៏អស្ចារ្យ ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។

មិនយូរប៉ុន្មានបទចម្រៀងនោះ ក៏លេចចេញជារូបរាងក្រោមការគួសវាសរបស់អ្នកឧកញ៉ាម្ចាស់ផលិតកម្ម ដែលមានចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន»។ បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣ នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង ៤រូបរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀងទាំង ៤រូបនេះរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នេះ។

បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រង់ទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត។ នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕

វីដេអូចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]