ភ្នំពេញ៖ បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ចេញ Full MV ត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនា ៩លានដង (9M) នៅក្នុង Youtube ផ្លូវការផលិតកម្ម Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតត្រឹមម៉ោង៣រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ MV បទស្រឡាញ់អ្វីដែលខ្មែរមាន គឺមានរយៈពេល ២៤ម៉ោង ដែលមានអ្នកចូលទស្សនាលើ Youtube ៩លានដង ហើយចំនួននេះកម្រមានបទចម្រៀងណាដែលអាចធ្វើបានឡើយ។

បទចម្រៀង MV ផលិតជាប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះពិតជាគួរឱ្យស្ងើចសរសើរមែន ដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាប្រទេសអាស៊ានទាំង ១០ បានធ្វើឱ្យមានអ្នកចូលទស្សនាដ៏ច្រើនបំផុតរហូតដល់ទៅ 9M ត្រឹមតែរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ។

បទ Cambodian Pride នេះ គឺជាការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។

សមិទ្ធផលដ៏អស្ចារ្យនេះ គឺបានកើតឡើងដោយការសាមគ្គីរួបរួមគ្នាដ៏ធំមួយ ដែលមានការចូលរួមគ្រប់គ្រងការផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មផ្ទាល់តែម្តង ហើយក៏ជាសហនិពន្ធ Melody និងទំនុកច្រៀងដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោក សុខ ជំនោរ លោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា ឧកញ៉ា យឹម តាស្រង់ និងឯកឧត្តម ខេមរៈ ភារុណ

បទចម្រៀងមួយបទនេះ ត្រូវបានបកស្រាយរួមគ្នាពីកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងលោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ដោយមាននារីរាំអមជិត ១ពាន់នាក់អម។

ចំពោះជំនួយការផលិតរួមមាន ឯកឧត្តម ជា លីសែ លោកស្រី យឹម សុជាតា លោក ហុង រស្មី លោក សាក់ ធារិទ្ធ និងលោក ឃួន សិទ្ធិស័ក្តិ។ អ្នកនិពន្ធបទភ្លេងរួមមាន៖ ឈិត តេងរិទ្ធ, ផ្គុំបទភ្លេង ដោយ Tempo tris, Mixing ដោយ ណុំ ចាន់រតនៈ Mastering ដោយ NUMAN ហើយដឹកនាំសម្តែងដោយ Jeudy-Rawyer & Jonathan ព្រមទាំងចូលរួមពីគ្រប់ផ្នែកសំខាន់ៗជាច្រើនទៀត។

សូមបញ្ជាក់ផងដែរថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានបង្ហោះលើផេកផ្លូការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងផេកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងផេកតាមបណ្តាក្រសួង ស្ថាប័នជាច្រើនទៀត។ ក្រៅពីនេះក៏មានគេហទំព័របរទេសល្បីៗ និង YouTubers យកទៅ Reaction កោតសរសើរ MV ដែលបង្ហាញភាពការអភិវឌ្ឍន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភាពអស្ចារ្យរបស់កម្ពុជាផងដែរ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]